សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ហៅកាត់ថា អាស៊ាន) គឺជាអង្គការតំបន់មួយ ដែលមានសមាជិកចំនួន ១១ ប្រទេស ប៉ុន្តែមិនមានរូបិយប័ណ្ណរួមនោះទេ ដោយប្រទេសនីមួយៗមានរូបិយប័ណ្ណ ប្រើប្រាស់រៀងៗខ្លួន ចំណែកតម្លៃរូបិយប័ណ្ណក៏ខុសគ្នាច្រើនផងដែរ។ ខាងក្រោមនេះ គឺជាប្រវត្តិ បង្កើតរូបិយប័ណ្ណប្រទេស នៅអាស៊ាន និងតម្លៃរបស់រូបិយប័ណ្ណនីមួយៗ ធៀបនឹងដុល្លារអាមេរិក។
១. ដុល្លារសិង្ហបុរី (SGD)
ប្រាក់ដុល្លារ មានច្រើនប្រភេទណាស់ នៅលើពិភពលោក ជាក់ស្ដែងដុល្លារអាមេរិក ដុល្លារអូស្ត្រាលី ដុល្លារកាណាដា ជាដើម។ ចំណែកនៅអាស៊ីអាគ្នេយ៍ មានរូបិយប័ណ្ណដុល្លារ ប្រើប្រាស់នៅ ២ ប្រទេសគឺសិង្ហបុរី និងប្រ៊ុយណេ និងមានតម្លៃស្មើគ្នា ដោយ ១០០ ដុល្លារអាមេរិក មានតម្លៃប្រហែល ១៣៥ ដុល្លារសិង្ហបុរី និង ១៣៥ ដុល្លារប្រ៊ុយណេ។ ដុល្លារ សិង្ហបុរី ត្រូវបានបោះពុម្ពប្រើប្រាស់នៅឆ្នាំ ១៩៦៧ ក្រោយពីសិង្ហបុរី បានផ្ដាច់ខ្លួនចេញពី សហព័ន្ធម៉ាឡេស៊ី។
២. ដុល្លារប្រ៊ុយណេ (BND)
ដូចទៅនឹងដុល្លារសិង្ហបុរីដែរ រូបិយប័ណ្ណប្រ៊ុយណេគឺ ដុល្លារប្រ៊ុយណេ ចំណែកជនជាតិម៉ាឡេ ដែលរស់នៅប្រ៊ុយណេ ភាគច្រើនគេនិយមហៅថា ប្រ៊ុយណេរីងហ្គីត និងមាននិមិត្តសញ្ញា B$ ហើយមានតម្លៃធៀប ១០០ ដុល្លារអាមេរិក មានតម្លៃប្រហែល ១៣៥ ដុល្លារប្រ៊ុយណេ។ ដុល្លារប្រ៊ុយណេ ត្រូវបានបោះពុម្ពប្រើប្រាស់ ជាផ្លូវការចាប់ពីឆ្នាំ ១៩៦៧ ដោយធនាគារកណ្ដាលប្រ៊ុយណេ។
៣. ម៉ាឡេស៊ី រីងហ្គីត (MYR)
កាលពីមុនម៉ាឡេស៊ីប្រើប្រាស់ ឈ្មោះរូបិយប័ណ្ណ ដុល្លារម៉ាឡេស៊ី រហូតមកដល់ឆ្នាំ១៩៧៥ ត្រូវបានប្ដូរទៅជា ម៉ាឡេស៊ីរីងហ្គីតវិញ និងមាននិមិត្តសញ្ញា RM (Malaysian Ringgit) ដោយ ១០០ ដុល្លារអាមេរិក មានតម្លៃប្រហែល ៤៤៦,៥ ម៉ាឡេស៊ី រីងហ្គីត។
៤. ប្រាក់បាត ថៃ (THB)
នៅអំឡុងឆ្នាំ ១៨៩០ ប្រទេសថៃ មានផែនការបោះពុម្ព ក្រដាសប្រាក់ហ្លួង ហៅថា Ngoen Kradat Luang ប៉ុន្តែត្រូវបានគេយល់ថា ការចំណាយបោះពុម្ពខ្ពស់ពេក ទើបនៅឆ្នាំ ១៨៩៧ ប្រទេសថៃ បានប្រើប្រាស់ប្រាក់បាត ជាផ្លូវការ ដោយធនាគារ Bank of Thailand ហើយបច្ចុប្បន្ន ១០០ ដុល្លារអាមេរិក មានតម្លៃប្រហែល ៣ ៤២៤ បាត។
៥. ហ្វីលីពីន ប៉េសូ (PHP)
រូបិយប័ណ្ណប៉េសូ ត្រូវបានទទួលរងឥទ្ធិពលច្រើន ពីអាណានិគម អេស្ប៉ាញ ដោយនៅអំឡុងឆ្នាំ ១៥២១ ប្រទេសហ្វីលីពីន បានប្រើប្រាស់ប្រាក់កាស Teston Coin ពីប្រទេសអង់គ្លេស រហូតមកដល់បាន ឯករាជ្យពីអាណានិគម ហ្វីលីពីន បានប្រើប្រាស់រូបិយប័ណ្ណ Peso ជាផ្លូវការ។ បច្ចុប្បន្ន ១០០ ដុល្លារអាមេរិក មានតម្លៃប្រហែល ៥ ៨៩៩,៥ ហ្វីលីពីនប៉េសូ។
៦. មីយ៉ាន់ម៉ា កាយ៉ាត់ (MMK)
មីយ៉ាន់ម៉ា បានប្រើប្រាស់រូបិយប័ណ្ណ កាយ៉ាត់ ជាផ្លូវការចាប់ពីឆ្នាំ១៨៥២ ដោយរូបិយប័ណ្ណដំបូង ត្រូវបានបោះពុម្ពចេញពីមាស និងប្រាក់។ រហូតដល់ឆ្នាំ ១៩៥២ រូបិយប័ណ្ណ Kyat បានប្រើប្រាស់ជាក្រដាសប្រាក់ មកទល់សព្វថ្ងៃ។ បច្ចុប្បន្ន ១០០ ដុល្លារអាមេរិក មានតម្លៃប្រហែល ២០៩ ៣៧០ កាយ៉ាត់។
៧. ប្រាក់រៀល កម្ពុជា (KHR)
ប្រាក់រៀល មាននិមិត្តសញ្ញា (៛) ត្រូវបានយកឈ្មោះ តាមត្រីទន្លេមេគង្គ គឺត្រីរៀល និងចាប់ផ្ដើមប្រើប្រាស់ នៅក្រោយទទួលបាន ឯករាជពីប្រទេសបារាំង កាលពីឆ្នាំ១៩៥៣ និងត្រូវបានបញ្ចប់នៅឆ្នាំ ១៩៧៥ ក្នុងរបបខ្មែរក្រហម។ រហូតមកដល់ឆ្នាំ ១៩៨០ ទើបក្រដាសប្រាក់រៀល ត្រូវបានប្រើប្រាស់ជាផ្លូវការ លើកទី២ មកដល់សព្វថ្ងៃ។ បច្ចុប្បន្ន ១០០ ដុល្លារអាមេរិក មានតម្លៃប្រហែល ៤០១ ១០០ រៀល។
៨. ឥណ្ឌូនេស៊ី រូពី (IDR)
ពាក្យថា រូពី ត្រូវបានយកពីពាក្យសំស្ក្រឹត ដែលមានន័យថាប្រាក់ (Silver) ហើយប្រទេសឥណ្ឌូនេស៊ី បានប្រើប្រាស់រូបិយប័ណ្ណរូពី ចាប់ពីឆ្នាំ ១៩៤៦ ក្រោយទទួលបានឯករាជ្យពីហូឡង់ និងជប៉ុន អំឡុងសង្គ្រាមលោកលើកទី២។ បច្ចុប្បន្ន ១០០ ដុល្លារអាមេរិក មានតម្លៃប្រហែល ១ ៦០៩ ២០០ ឥណ្ឌូនេស៊ី រូពី។
៩. ឡាវគីប (LAK)
លុយគីប របស់ប្រទេសឡាវ ត្រូវបានប្រើប្រាស់ដំបូង អំឡុងឆ្នាំ១៩៥៥ បោះពុម្ពពីធនាគារជាតិឡាវ។ ដូចគ្នានឹងប្រទេសកម្ពុជា និងវៀតណាមដែរ ចន្លោះពីឆ្នាំ ១៨៨៥ ដល់ឆ្នាំ ១៩៥២ ប្រទេសទាំង ៣ ត្រូវបានរដ្ឋបាលអាណានិគមបារាំង ដាក់អោយប្រើប្រាស់រូបិយប័ណ្ណ Piastre ជារូបិយប័ណ្ណរួម សម្រាប់សេដ្ឋកិច្ចក្នុងប្រព័ន្ធ រហូតទទួលបានឯករាជ្យ ឡាវក៏មានរូបិយប័ណ្ណផ្ទាល់ខ្លួន។ បច្ចុប្បន្ន ១០០ ដុល្លារអាមេរិក មានតម្លៃប្រហែល ២ ១៨០ ៨០០ គីប។
១០. វៀតណាមដុង (VND)
កម្ពុជា វៀតណាម ឡាវ បានប្រើប្រាស់រូបិយប័ណ្ណរួម Piastre អំឡុងសម័យអាណានិគមបារាំង នៅឥណ្ឌូចិន ប៉ុន្តែមកដល់ឆ្នាំ ១៩៧៨ ធនាគាររដ្ឋវៀតណាម បានបោះពុម្ពប្រើប្រាស់ រូបិយប័ណ្ណផ្ទាល់ខ្លួន គឺក្រដាសប្រាក់ដុង។ បច្ចុប្បន្ន ១០០ ដុល្លារអាមេរិក មានតម្លៃប្រហែល ២ ៥៤៤ ៨០០ វៀតណាមដុង។
ប្រភព៖ Tempo