អគារខ្ពស់ស្រស់ស្អាតបំផុតទាំង ៦ នៅលើពិភពលោក


សំណង់អគារ មិនត្រឹមតែជាការសាងសង់ អគារអោយមានកម្ពស់ខ្ពស់ ដើម្បីប្រជែងគ្នានោះទេ សំណង់អគារខ្ពស់ ត្រូវគិតគូរពីស្ថាបត្យកម្ម អត្តសញ្ញាណនៃទីក្រុងឬប្រជាជនប្រទេសនោះ បទពិសោធន៍តម្រូវការទីធ្លារប្រើប្រាស់ និងអាចជាសំណង់ទាក់ទាញទេសចរផងដែរ។

អគារ Burj Khalifa នៅទីក្រុងឌូបៃ ជាឧទាហរណ៍ អគារនេះមិនត្រឹមតែជា សំណង់ខ្ពស់បំផុតលើពិភពលោកទេ វាជាអត្តសញ្ញាណនៃទីក្រុង ជាទីតាំងទាក់ទាញភ្ញៀវទេសចរមកកម្សាន្ដ ជាសំណង់អច្ឆរិយៈដែលបង្ហាញពីភាពរីកចម្រើន និងបំពេញតម្រូវការប្រើប្រាស់ ជាក់ស្ដែងនៅទីក្រុងឌូបៃ។

១. អគារ Burj Khalifa (គ្រាប់ធ្នូ នៅវាលខ្សាច់)

អគារនេះមានទម្រង់វែងស្រួច ដូចជាគ្រាប់ធ្នូ មានកម្ពស់ចង្អុលទៅលើមេឃ គឺជាចំណុចខ្ពស់បំផុត នៃសំណង់បង្កើត ដោយមនុស្សជាតិ កម្ពស់ ៨២៨ ម៉ែត្រ។ សំណង់នេះបានរចនាដោយ ក្រុមហ៊ុនស្ថាបត្យកម្ម Skidmore, Owings & Merrill រចនាអគារប្រើប្រាស់ សម្រាប់ការិយាល័យចំនួន ១៦៣ ជាន់ សណ្ឋាគារប្រណិត Armani Hotel លំនៅដ្ឋាន sky villa និងភោជនីយដ្ឋាន កន្លែងកម្សាន្ដជាច្រើនទៀត។ អគារ Burj Khalifa ក៏បានបង្ហាញអត្តសញ្ញាណជាអគាររចនាបថអារ៉ាប់ ប្រៀបដូចជាសំណង់មនុស្សអវកាស មកសាងសង់នៅលើវាលខ្សាច់។

២. អគារ Shanghai Tower (នាគរាជកញ្ចក់)

គឺជាអគាររចនាវិលដូចនាគ ខ្ពស់ជាងគេលើពិភពលោក អគារ Shanghai Tower ប្រៀបដូចជានាគរាជ នៅទីក្រុងទំនើប ដែលបង្ហាញពីអត្តសញ្ញាណវប្បធម៌ចិន លាយលំនឹងសំណង់អនាគត មានកម្ពស់ដល់ ៦៣២ ម៉ែត្រ។ សំណង់នេះ ក៏បានគិតគូរទៅដល់លំហូរខ្យល់ ដោយសាររចនាបថវិល អាចរក្សាលំហូរខ្យល់បានល្អ ជួយធានាគុណភាពសំណង់ផងដែរ។ សំណង់អគារលំនៅដ្ឋានចំនួន ១២៨ ជាន់ ទីតាំងឡើងលើទិដ្ឋភាពខ្ពស់បំផុតលើលោក និងការិយាល័យកម្រិត A បានធ្វើអោយអគារ Shanghai Tower ប្រៀបដូចជានាគរាជ បំពេញការអភិវឌ្ឍទីក្រុងសៀងហៃ។

៣. អគារ One World Trade Center (ស្ដេចហង្ស ទីក្រុងញ៉ូវយ៉ក)

ក្រោយពីមានភេវរកម្មវាយប្រហារ សំណង់អគារភ្លោះ ពាណិជ្ជកម្មពិភពលោក នៅទីក្រុងញ៉ូវយ៉ក កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ សំណង់អគារ One World Trade Center បានចាប់ផ្ដើមសាងសង់ឡើងវិញ ដែលមានកម្ពស់ដល់ ៥៤១ ជាតំបន់សំខាន់បំផុត នៃសង្កាត់ Manhattan ទីក្រុងញ៉ូវយ៉ក។ អគារនេះ បានបង្ហាញពីឧត្តមភាពរបស់ខ្លួន ជាអគារពាណិជ្ជកម្មពិភពលោក ប្រើប្រាស់ជាទីតាំង ការិយាល័យហិរញ្ញវត្ថុរបស់ធនាគារ ការិយាល័យកណ្ដាលក្រុមហ៊ុនបច្ចេកវិទ្យា ប្រព័ន្ធផ្សព្វផ្សាយ និងក្រុមហ៊ុនពាណិជ្ជកម្មធំៗជាច្រើន នៅសហរដ្ឋអាមេរិក។

៤. អគារ Taipei 101 (ការបញ្ចូលប្រពៃណី និងភាពទំនើប)

ប្រសិនបើអ្នកចង់ឃើញអគារ ដែលបញ្ចូលអត្តសញ្ញាណប្រពៃណី និងភាពទំនើប លាយចូលគ្នាបានយ៉ាងល្អបំផុត អគារ Taipei 101 គឺជាឧទាហរណ៍យ៉ាងជាក់ច្បាស់បំផុត។ ស្ថិតនៅទីក្រុងតៃប៉ិ កោះតៃវ៉ាន់ អគារ Taipei 101 ធ្លាប់ជាអគារខ្ពស់ជាងគេបំផុត ចាប់ពីឆ្នាំ២០០៤ រហូតដល់ឆ្នាំ២០១០ វាត្រូវបានរចនាដោយក្រុមហ៊ុនស្ថាបត្យកម្ម C.Y. Lee & Partners ដោយយករចនាបថបែបដើមឫស្សី មានពណ៌បៃតង ប្រៀបដូចជាគុជបៃតង ក្នុងប្រពៃណីចិន និងលាយបញ្ចូលនូវរចនាបថព្រះវិហារចិន ជាមួយសំណង់ទំនើប បានបង្ហាញយ៉ាងជាក់ច្បាស់ នូវអត្តសញ្ញាណទីក្រុងតៃប៉ិ និងសំណង់អគារទំនើបលាយបញ្ចូលគ្នា។

៥. អគារ The Shard (រាជវាំង គ្រីសស្ដាល់)
ស្ថិតនៅកណ្ដាលទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស អគារ The Shard ត្រូវបានរចនាដោយ ក្រុមហ៊ុនស្ថាបត្យកម្មអ៊ីតាលី Renzo Piano និងក្លាយទៅជាអគារខ្ពស់ជាងគេ នៅក្នុងទីក្រុងឡុងដ៏ មានកម្ពស់ ៣០៩ ម៉ែត្រ ស្រោបដោយកញ្ចក់សុទ្ធជាង ១១ ០០០ ផ្ទាំង ធ្វើអោយអគារនេះ មានទម្រង់ដូចជាគុជគ្រីសស្តាល់ ស្ថិតនៅកណ្ដាលទីក្រុងឡុងដ៏ បង្ហាញពីភាពទំនើប ការរីកចម្រើន ប្រណិតភាព ដែលផ្លាស់ប្ដូរសំណង់អគារខ្ពស់ នៅចក្រភពអង់គ្លេស។

៦. អគារ Petronas Towers (អត្តសញ្ញាណ នៃប្រទេសម៉ាឡេស៊ី)

អគារ Petronas Towers ប្រៀបដូចជាបងប្អូនភ្លោះ ស្ថិតនៅកណ្ដាលទីក្រុងកូឡាឡាំពួ ធ្លាប់ជាអគារខ្ពស់បំផុតលើលោក ចាប់ពីឆ្នាំ ១៩៩៦ រហូតដល់ឆ្នាំ២០០៤ ហើយនៅតែជា អគារភ្លោះទាក់ទាញបំផុត នៅទីក្នុងទីក្រុង។ អគារនេះ ត្រូវបានរចនាដោយស្ថាបត្យករ Fazlur Rahman Khan ដោយបានបញ្ចូលរវាង រចនាបថឥស្លាម និងសំណង់អគារទំនើប ធ្វើអោយសំណង់អគារភ្លោះនេះ ចាំងចែងប្រៀបដូចជាត្បូងពេជ្រ បញ្ចេញសម្រស់ស្រស់ស្អាតទាំងពេលថ្ងៃ និងពេលយប់។ មានកម្ពស់ ៤៥២ ម៉ែត្រទាំង ២ អគារ គេអាចមើលឃើញអគារនេះ ពីគ្រប់ទីកន្លែងនៅទីក្រុងកូឡាំឡាំពួ។

 

ប្រភព៖ EnVols