ភ្នំពេញ៖ ទោះបីស្ថិតក្នុងស្ថានភាពពិបាក ក្រោមការវាយប្រហារនៃជំងឺកូវីដ ១៩ ក៏ដោយ ក៏កម្ពុជា នៅទទួលបាននូវការបោះទុនវិនិយោគជាបន្តបន្ទាប់ទៀតពីសំណាក់វិនិយោគិនអន្តរជាតិ។ ក្នុងនោះ ក្រុមហ៊ុនរបស់ចិនធំៗចំនួន ២ គ្រោងនឹងបើកឱ្យមានរោងចក្របច្ចេកវិទ្យាអេឡិចត្រូនិកទំនើប នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ហៅកាត់ថា PPSEZ។
ក្រុមហ៊ុនចិនចំនួន ២ រួមមាន SEIKAWA (CAMBODIA) Technology Co., Ltd និងក្រុមហ៊ុន WCFO (CAMBODIA) Co., Ltd. បានសម្រេចចិត្តបោះទុនវិនិយោគនៅកម្ពុជា តាមរយៈការសាងសង់ជារោងចក្រសម្រាប់បំរើទៅដល់តម្រូវការទីផ្សារបច្ចុប្បន្ន ដែលកំពុងមានបញ្ហា។ យោងតាមរយៈសេចក្ដីប្រកាសផ្លូវការរបស់ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (Phnom Penh Special Economic Zone) បានឱ្យដឹងថា ស្ថិតក្នុងស្ថានការណ៍របស់ពិភពលោកបច្ចុប្បន្ន បានប៉ះពាល់ទៅដល់បណ្ដាញនៃការផ្គត់ផ្គង់យ៉ាងច្រើន ហេតុនេះវាគឺជាឱកាសមួយ សម្រាប់ការសម្រេចចតិត្តបោះទុនវិនិយោគនៅកម្ពុជា។
ប្រភពដដែលបន្តឱ្យដឹងថា ក្រុមហ៊ុន Seikawa គឺជាក្រុមហ៊ុនផលិតគ្រឿងបន្លាស់ប្លាស្ទិកសម្រាប់ឧបករណ៍អគ្គិសនី និងផលិតផលអេឡិកត្រូនិកផ្សេងៗទៀត ខណៈក្រុមហ៊ុន WCFO គឺជាក្រមហ៊ុនផលិតឧបករណ៍ហ្វាយប៊ឺអុកទិក ហើយនាំចេញទៅលក់នៅតាមទីផ្សារប្រទេសជប៉ុន និងសហរដ្ឋអាមេរិក។ ការសម្រេចបង្កើតជារោងចក្រទាំងពី នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៃទីក្រុងភ្នំពេញនេះ គឺជាការមើលឃើញនូវឱកាសនៅកម្ពុជា ដែលងាយស្រួលក្នុងការហ្វឹកហាត់ កម្លាំងពលកម្មវ័យក្មេង តម្លៃសមរម្យ និងភាពអនុគ្រោះ ដែលជាឱកាសល្អមួយសម្រាប់ការវិនិយោគនាពេលនេះ។
ការបង្កើតជារោងចក្រធំៗចំនួន ២ នេះ នឹងរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាបន្ថែម ក៏ដូចជាបង្កើតទីផ្សារការងារជូនទៅដល់ពលរដ្ឋកម្ពុជា និងអាចធ្វើការសិក្សាស្វែងយល់អំពីជំនាញបច្ចេកទេស ដើម្បីអភិវឌ្ឍខ្លួនឯងផងដែរ។ យ៉ាងណាក៏ដោយ ជុំវិញទំហំវិនិយោគសរុប នៃក្រុមហ៊ុនចិនទាំង ២ នេះ ពុំត្រូវបានបញ្ជាក់អំពីតម្លៃនៅឡើយទេ ហើយការចាប់ផ្ដើមប្រតិបត្តិការការងារ នឹងត្រៀមធ្វើឡើងឆាប់ៗខាងមុខនេះឯង។ សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ទំហំសេដ្ឋកិច្ចពាណិជ្ជកម្ម នៅក្នុងតំបន់ PPSEZ មានទំហំទឹកប្រាក់ជាង ១ ពាន់លានដុល្លារអាមេរិក ដោយកាលពីឆ្នាំ ២០១៩ កន្លងទៅ ការនាំចេញទំនិញមានតម្លៃសរុបជាង ២,៦៧ ពាន់លានដុល្លារអាមេរិក៕