តើពីរ៉ាមីត សាងសង់ឡើងដើម្បីអ្វី?

ពីរ៉ាមីត គឺជាអច្ឆរិយវត្ថុទាំង ៧ ដ៏ចំណាស់បំផុតរបស់មនុស្សជាតិ ដែលបានសាងសង់ឡើងប្រហែល ៤,៥០០ ឆ្នាំមកហើយ។ ជាទូទៅ នរណាក៏បានស្គាល់សំណង់ពីរ៉ាមីតដែរ ព្រោះវាជាសំណង់ដ៏អាថ៌កំបាំងបំផុត ហើយសំណង់នេះមានភាពល្បីល្បាញបំផុតរហូតដល់បានដាក់ចូលរូបរាងពីរ៉ាមីតក្នុងកម្មវិធីសិក្សាធរណីមាត្រ និងមានសំណង់បុរាណ ឬសំណង់ថ្មីៗជាច្រើនជុំវិញពិភពលោក យកគម្រូតាមពីរ៉ាមីតផងដែរ។ ពីរ៉ាមីត បានបង្ហាញអំពីអរិយធម៌ដ៏ចំណាស់របស់អេហ្ស៊ីប ក៏ដូចជាជំនឿ និងអំណាចអធិរាជនៃចក្រភពមួយក្នុងពិភពលោក។ ចុះតើមិត្តអ្នកអានទាំងអស់គ្នាបានដឹងឬទេថា ពីរ៉ាមីត សាងសង់ឡើងដើម្បីអ្វី? 

ជាដំបូងគូសបញ្ជាក់បន្ដិចថា ពីរ៉ាមីតមានច្រើនកន្លែងខ្លាំងណាស់នៅលើពិភពលោក ហើយសូម្បីតែនៅប្រទេសអេហ្ស៊ីបផ្ទាល់ ក្នុងឆ្នាំ ២០០៨ គេរកឃើញពីរ៉ាមីតចំនួន ១៣៥ ឯណោះ។ ប៉ុន្តែអ្វីដែលយើងលើកយកមកនិយាយនៅក្នុងអត្ថបទនេះគឺ The Great Pyramid of Giza គឺជាពីរ៉ាមីតធំជាងគេ ចំណាស់ជាងគេបំផុតនៅលើពិភពលោក ដែលវាមានពីរ៉ាមីតចំនួន ៣ ធំៗសាងសង់ឡើងដោយថ្មកំបោរ សម្រាប់តម្កល់សាកសពរបស់ក្សត្រក្នុងអធិរាជផារ៉ាអុង (Pharaoh) និងអគ្គមហេសី។ សម្រាប់ឆ្នាំនៃការសាងសង់ពីរ៉ាមីតទាំង ត្រូវបានគេសន្និដ្ឋានថា ចន្លោះពីឆ្នាំ ២៥៦០-២៥៤០ មុនគ្រឹស្ត្ររាជ ហើយពីរ៉ាមីតនីមួយៗសាងសង់ឡើងចំណាយពេលចន្លោះពី ១០ ទៅ ២០ ឆ្នាំឯណោះ។ 

  • The Great Pyramid ឬ Pyramid of Khufu ជាពីរ៉ាមីតបរិមាត្រធំជាងគេ មានកម្ពស់ ១៤៦ ម៉ែត្រ ប៉ុន្តែបច្ចុប្បន្ននេះកម្ពស់នៅសល់ត្រឹមតែ ១៣៨ ម៉ែត្រប៉ុណ្ណោះ និងមានប្រវែងជ្រុងនីមួយៗ ២៣០ ម៉ែត្រ ស្ថិតនៅក្នុងទំហំមុំ ៥១ ដឺក្រេ ហើយកែងនីមួយៗគឺចង្អុលទៅទិសទាំង ៤ ចំៗតែម្ដង (លិច កើត ជើង ត្បូង) សាងសង់ដោយថ្មកំបោរប្រហែល ២.៣ លានដុំ ហើយនៅឈរបានយ៉ាងរឹងមាំមកដល់សព្វថ្ងៃ។ វាគឺជាផ្នូរតម្កល់សពរបស់ស្ដេច Pharaoh Khufu។ 

  • Pyramid of Khafre គឺជាផ្នូរតម្កល់សពរបស់ស្ដេច Pharaoh Khafre ជាបុត្ររបស់របស់ Khufu ដែលស្ថិតនៅកណ្ដាល មានកម្ពស់ខ្ពស់ជាងគេដល់ ១៤៨.៥ ម៉ែត្រ ប៉ុន្តែមានជ្រុងនីមួយៗត្រឹមតែ ២២០ ម៉ែត្រ ស្ថិតនៅក្នុងមុំទំហំ ៥៣ ដឺក្រេ ហើយវាមានសភាពរាបស្មើរជាងគេដោយសារប្រើប្រាស់ថ្មកំបោរពណ៌ស (Limestone)។ 

  • Pyramid Menkaure ជាពីរ៉ាមីតសម្រាប់តម្កល់សពរបស់ស្ដេច Menkaure ជាបុត្ររបស់ស្ដេច Khafre និងជាចៅរបស់ Khufu។ វាមានទំហំតូចជាងគេ ដែលមានកម្ពស់ ៦៦.៥ ម៉ែត្រ និងជ្រុងនីមួយៗមានប្រវែង ១០៨.៥ ម៉ែត្រស្ថិតក្នុងទំហំមុំ ៥១ ដឺក្រេ។ ពីរ៉ាមីតនេះ ត្រូវបានសាងសង់ដោយបុត្រារបស់ស្ដេច Menkaure ផ្ទាល់គឺព្រះអង្គម្ចាស់ Shepseskaf ហើយក៏ជាគម្រោងពីរ៉ាមីតចុងក្រោយគេរបស់អធិរាជផារ៉ាអុង ក្នុងទីក្រុង Giza ផងដែរ។ 

ជាសរុបមកវិញ ពីរ៉ាមីតគឺជាកន្លែងសម្រាប់តម្កល់សាងសពរបស់ស្ដេចនៅក្នុងអធិរាជអេហ្ស៊ីបសម័យបុរាណ ដែលនៅជុំវិញនោះ គឺមានពីរ៉ាមីតតូចជាជាច្រើនទៀត សុទ្ធសឹងតែសម្រាប់តម្កល់សាកសពរបស់ក្រុមគ្រួសាររាជវង្សទាំងអស់ ហើយសាកសពទាំងនោះគឺដាក់នៅក្នុងប្រអប់ថ្មក្រានីត Sarcophagus។ យ៉ាងណាក៏ដោយ ពីរ៉ាមីតគឺស្ថិតនៅក្នុងភាពអាថ៌កំបាំងនៅឡើយ ដោយសារតែគេសម្គាល់ឃើញថា ក្នុងសម័យអេហ្ស៊ីបបុរាណនេះ មានអរិយធម៌រុងរឿងបំផុតក្នុងតំបន់សមុទ្រម៉េឌីទែរ៉ានេ និងអាចមានទំនាក់ទំនងជាមួយមនុស្សក្រៅភពទៀតផង បើតាមការសិក្សាទៅលើសិលាចារឹក Egyptian hieroglyphs អំពីភាសាអេហ្ស៊ីបសម័យមុន។ លើសពីនេះទៀត អ្នកវិទ្យាសាស្ត្របានព្យាយាមប្រើប្រាស់ឧបករណ៍ស្កេន, ឡេស៊ឺ, និងកាំរស្មីពន្លឺនានា ដើម្បីស្វែងយល់អំពីផ្នែកខាងក្នុងនៃពីរ៉ាមីតទាំងនោះ គេឃើញមានផ្លូវក្រោមដី និងច្រកខ្វាត់ខ្វែងជាច្រើនទៀត ដែលមិនទាន់អាចបកស្រាយបានថាសម្រាប់ធ្វើអ្វី។ ម្យ៉ាងវិញទៀត មេទ័ពរបស់អធិរាជបារាំង Napoleon Bonaparte ក៏ធ្លាប់បានចូលទៅស្រាវជ្រាវនៅក្នុងពីរ៉ាមីតផងដែរ កាលពីឆ្នាំ ១៧៩៩ ប៉ុន្តែវានៅតែស្ថិតក្នុងភាពអាថ៌កំបាំង។