រដ្ឋាភិបាលកម្ពុជា មានគោលនយោបាយប្រែក្លាយតំបន់ការពារធម្មជាតិ បម្រើដល់វិស័យទេសចរណ៍ និងបង្កើនសេដ្ឋកិច្ចមូលដ្ឋាន!

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមានគោលនយោបាយ ប្រែក្លាយតំបន់ការពារធម្មជាតិដែលមានសក្តានុពលទេសចរណ៍ កែច្នៃឲ្យទៅជាតំបន់ទេសចរណ៍ធម្មជាតិ ដែលអាចបង្កើនប្រាក់ចំណូលសម្រាប់ប្រជាសមាគមន៍មូលដ្ឋាន ថែមទាំងចូលរួមអភិវឌ្ឍន៍និងបង្កើនប្រសិទ្ធភាពការពារធនធានធម្មជាតិជីវៈចម្រុះ ថែមទៀតផង។ 

ថ្លែងបែបនេះនៅក្នុងដំណើរទស្សនកិច្ចទៅកាន់តំបន់ការពារធម្មជាតិ ដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី ឯកឧត្តមរដ្ឋលេខាធិការ បានឲ្យដឹងថា បច្ចុប្បន្ននេះ គោលនយោបាយកែប្រែតំបន់ការពារធម្មជាតិទៅជាតំបន់ទេសចរណ៍ធម្មជាតិបានក្លាយទៅជាការពិតហើយ ថែមទាំងបានកំពុងអនុវត្តចេញជាផ្លែផ្កា ខណៈក្រសួងនិងស្ថាប័នពាក់ព័ន្ធបានកំពុងកំពុងជំរុញវិស័យទេសចរណ៍ធម្មជាតិ។ ជាក់ស្ដែង គ្រាន់តែខេត្តមណ្ឌលគិរីមួយនេះ កំពុងដំណើរការកែច្នៃតំបន់ការពារធម្មជាតិ ទៅជាតំបន់ទេសចរណ៍ធម្មជាតិចំនួន ៣០ កន្លែង រួមមានតំបន់ភ្នំ ទឹកជ្រោះ ព្រៃឈើ វាលស្មៅ និងជម្រកសត្វព្រៃ ជាដើម។ និយាយទៅដល់ដែនជម្រកសត្វព្រៃនេះ ខេត្តមណ្ឌលគិរី មានចំនួន ៥ កន្លែង ដូចជា៖ ដែនជម្រកកែវសីមា, ដែនជម្រកសត្វព្រៃស្រែកពក, ដែនជម្រកសត្វព្រៃណាមលៀរ, ដែនជម្រកសត្វព្រៃភ្នំព្រេច, ដែនជម្រកសត្វព្រៃលំផាត់ និងរបៀងអភិរក្សជីវៈចម្រុះឦសានដែលមានផ្ទៃដីសរុបទំហំជាង ១.១ លានហិកតា សម្រាប់អាចប្រែក្លាយទៅជាតំបន់ទេសចរណ៍ធម្មជាតិដ៏ទាក់ទាញ។ 

សម្រាប់ដែនជម្រកសត្វព្រៃកែវសីមានេះ ជាតំបន់ទេសចរណ៍ធម្មជាតិដ៏មានសក្ដានុពលមួយក្នុងខេត្តមណ្ឌលគិរីផងដែរ ជាក់ស្ដែងវាមានទឹកធ្លាក់ចំនួន ១០ កន្លែង ប្រកបដោយទេសភាពស្រស់ស្អាត ដូចជាទឹកធ្លាក់លែងអង លែងយិន ជាដើម ហើយក្រសួងទេសចរណ៍ ក៏កំពុងសហការយ៉ាងជិតស្និតជាមួយនឹងអង្គការសមាគមន៍អភិរក្សសត្វព្រៃ WCS ដើម្បីការពារអភិរក្សនិងផ្ដល់ជំនួយបច្ចេកទេសគាំទ្រដល់ការបង្កើតសហគមន៍ទេសចរណ៍ធម្មជាតិ នឹងអាចបង្កើតចំណូលជូនប្រជាពលរដ្ឋតាមមូលដ្ឋាន។

ក្រៅពីតំបន់ការពារធម្មជាតិខេត្តមណ្ឌលគិរី ក៏នៅមានរមណីដ្ឋានទេសចរណ៍ធម្មជាតិថ្មីៗដែលមានសក្ដានុពលកំពុងបង្កើតថ្មីផងដែរ ដូចជាសហគមន៍ទេសចរណ៍ធម្មជាតិរលាក់កងជើង (ភ្នំខ្នងផ្សារ) ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ, សហគមន៍ផាត់សណ្ដាយខេត្តកំពង់ធំ, សហគមន៍ទឹកជប់ខ្នារពោធិ៍ ខេត្តសៀមរាប, តំបន់បឹងស្នេហ៍ ខេត្តព្រៃវែង, និងតំបន់វាលធំ នៃឧទ្យានវិរៈជ័យ ខេត្តរតនគិរី។