គោលដៅរមណីយដ្ឋានប្រណិត ល្អបំផុតសម្រាប់អ្នកចូលចិត្តការផ្សងព្រេង

សម្រាប់ស្វាមី ភរិយា ទើបតែរៀបការថ្មីថ្មោង រាត្រីទឹកឃ្មុំ គឺជាការចាប់ផ្ដើមដំបូង នៃការធ្វើដំណើរ នៃជីវិតអាពាហ៍ពិពាហ៍ ខ្លះអាចនឹងជ្រើសរើសការធ្វដំណើរក្នុងស្រុក ហើយខ្លះទៀត អាចជ្រើសរើសការធ្វើដំណើរទៅកាន់ប្រទេសល្បីល្បាញជាច្រើន ពាសពេញពិភពលោកជាដើម។ ខាងក្រោមនេះ គឺជារមណីយដ្ឋាន ប្រណិត ល្អបំផុតសម្រាប់ Honeymoons និងសម្រាប់អ្នកចូលចិត្តការផ្សងព្រេង និងរុករក។

១. មុជទឹកជ្រៅមើលជីវិតក្រោមបាទសមុទ្រ នៅ Palau

ស្ថិតនៅភាគខាងកើត នៃប្រទេសហ្វីលីពីន មានបណ្ដុំនៃដែនកោះជាង ៣០០ កន្លែង ស្ថិតក្រោមកម្មសិទ្ធិនៃសាធារណៈរដ្ឋ Palau ដែលនៅខាងក្រោមផ្ទៃទឹកសមុទ្រដ៏ថ្លាឆ្វេង ពោពេញទៅដោយជីវចម្រុះ អ្នកអាចមុជទឹក និងទទួលយកបទពិសោធន៍ប្លែកក្នុងជីវិត ជាមួយនឹងសត្វ រុក្ខជាតិ ផ្ការថ្ម និងជាច្រើនផ្សេងទៀត។ អ្នកចូលចិត្តសមុទ្រ ហើយចង់ស្គាត់រសជាតិ នៃការរស់នៅក្នុងប្រណិតភាព Palau អាចផ្ដល់ឱ្យអ្នកនូវការមុជទឹក ឆ្នេរសមុទ្រ អាហារ​ ភេសជ្ជៈ ទីសំណាក់ដ៏ស្រស់ស្អាត។

២. ទូកក្ដោងឯកជននៅសមុទ្រមីយ៉ាន់ម៉ា

ជិះទូកក្ដោងផ្សងព្រេង ជាលក្ខណៈឯកជន នៅក្នុងតំបន់ Black Tomato’s Mergui Archipelago ព័ទ្ធជុំវិញដោយភ្នំលើកោះ និងមានស្នូលកណ្ដាល ប្រមូលផ្ដុំដោយជីវៈចម្រុះ។ អ្នកអាចចំនាយពេលពេញមួយថ្ងៃ ដើម្បីជិះទូកកំសាន្ត ថតយកទេសភាពស្រស់ស្អាត ជីវិតសត្វស្លាប សត្វសមុទ្រ ជាមួយខ្យល់អាកាសបរិសុទ្ធ ទឹកដែលគ្មានសារធាតុគីមី ការរស់នៅដែលគ្មានថាមពលអគ្គិសនី ការឡើងភ្នំមើលសត្វស្វាជាដើម។

៣. ស្នាក់នៅសណ្ឋាគារខ្ពស់ជាងគេបំផុតក្នុងពិភពលោក

សណ្ឋាគារដែលមានកម្ពស់ដល់ទៅជាង ៣,៩៦៣ ម៉ែត្រ ស្ថិតនៅប្រទេសស្រីលង្កា មានឈ្មោះថា The Hotel Everest View គឺជាសំណាក់ដ៏ប្រណិត និងជាទីគោយគន់មួយ ដែលពិបាកនឹងទៅដល់បំផុត។ អ្នកចង់ស្នាក់នៅទីនោះមាន ២ ជម្រើស គឺជិះឧទ្ធម្ភាគចក្រ ដោយបំពាក់បំពង់អុកស៊ីសែន ហើយហោះទៅកាន់គោលដៅ ឬឡើងភ្នំពីតំបន់ Lukla ទៅកាន់សណ្ឋាគារដ៏ខ្ពស់មួយនេះ ដោយឆ្លងកាត់ការផ្សងព្រេង និងដំណាក់កាលជាច្រើន។

៤. គេងក្រោមទឹកសមុទ្រថ្លាឆ្វង់ នៅ Maldives 

គូស្នេហ៍ជាច្រើន មានចំណាប់អារម្មណ៍ខ្ពស់ក្នុងការទទួលយកបទពិសោធន៍មិនធ្លាប់មានពីមុនមក តាមរយៈការស្នាក់នៅក្រោមទឹក ដោយមានសត្វត្រី និងសត្វសមុទ្រជាច្រើនផ្សេងទៀត ហែលនៅជុំវិញ ជាមួយនឹងពន្លឺទឹកសមុទ្រ ចាំងផ្លាតជាមួយកម្មរស្មីព្រះអាទិត្យ។ Muraka អាចផ្ដល់នូវបទពិសោធន៍នោះបានជូនអ្នក ជាមួយទីសំណាក់ក្រោមទឹកជម្រៅ ៤.៨ ម៉ែត្រ និងមានការផ្ដល់សេវាកម្មចុងភៅផ្ទាល់ខ្លួន មានកន្លែងសម្រាប់ហាត់ប្រាណ ស្បា ការជិះស្គឺលើទឹកឯកជន និងជាច្រើនផ្សេងទៀត ដោយធានាទៅដល់ជីវិតឯកជន ដោយគ្មានការរំខានរបស់តតិយជន។

៥. បទពិសោធន៍ផ្ទះក្នុងតំបន់ព្រឹលទឹកកក នៅ Igloo

ស្នាក់នៅក្នុងតំបន់ដ៏ត្រជាក់ ហ៊ុំព័ទ្ធទៅដោយព្រឹលទឹកកក នៅក្នុងតំបន់ Igloos ដែលគេឱ្យឈ្មោះថា ជាផ្ទះរបស់​ Santa Clause គឺជាបទពិសោធន៍ដ៏ពិសេសមួយ នៅរមណីយដ្ឋាន Kakslauttanen Arctic Resort ក្នុងប្រទេសហ្វាំងឡង់។ ទីសំណាក់ ដែលមានសីតុណ្ហភាពចន្លោះ ២១ ទៅ ២៦ អង្សាសេ និងខាងក្រៅត្រជាក់ខ្លាំងដល់ -40 គឺជាបទពិសោធន៍ និងក្ដីស្រម៉ៃ ដែលអ្នកមិនអាចនឹកស្មានដល់ អមជាមួយនឹងធម្មជាតិពណ៌ស ស្ងាត់ និងគ្មានការរំខាន។ 

៦. ធ្វើដំណើរតាមកាប៉ាល់ទៅទ្វីបអង់តាក់ទិក 

ធ្វើដំណើរនៅក្នុងសមុទ្រទឹកកក សម្រាប់រយៈពេល ១០ ទៅ​ ១២ ថ្ងៃ តាមរយៈកាប៉ាល់ Bare-bones ដែលនឹងនាំនាក់ឱ្យឃើញនូវទេសភាពស្រស់ស្អាត ជីវិតសត្វ និងពោពេញដោយការផ្សងព្រេងនៅ Antactic Penisula និង Polar Circle Air Cruise អ្នកធ្វើដំណើរទៅបានផ្ដល់ជូននូវទីកន្លែងស្នាក់នៅប្រណិត មានផាសុភាព កន្លែងហាត់ប្រាណ អាហាស្រស់ ភេសជ្ជៈ និងជាច្រើនផ្សេងទៀត។

៧. ស្នាក់នៅក្នុងសណ្ឋាគារ de Glace

សណ្ឋាគារទឹកកក ដែលធ្វើឱ្យរាត្រីទឹកឃ្មុំរបស់អ្នកត្រជាក់ និងពោពេញដោយការផ្សងព្រេង គួបផ្សំជាមួយបទពិសោធន៍មិនធ្លាប់មានពីមុនមក។ មានទីតាំងស្ថិតនៅ Quebec សណ្ឋាគារ de Glace អាចផ្ដល់នូវបទពិសោធន៍ដ៏ល្អបំផុតចន្លោះខែមករា ដល់ខែមីនា ជាមួយសីតុណ្ហភាពត្រជាក់ខ្លាំង ដែលអ្នកស្នាក់នៅអាចជ្រើសរើស ប្រភេទនៃសំណាក់ ជាមួយនឹងការស្វាគមន៍ដោយស្រាក្រឡុក និងរស់នៅក្នុងបន្ទប់ឯកជន ពោពេញដោយទឹកកកថ្លា។

៨. ស្នាក់នៅក្នុងតង់ប្រណិត

អ្នកចង់ស្គាល់ការផ្សងព្រេង តាមរយៈការស្នាក់នៅក្នុងតង់ តែមានប្រណិតភាព Kachi Lodge មានជម្រើសសម្រាប់អ្នកក្នុងការស្នាក់នៅ Bolivia ក្នុងរមណីយដ្ឋាន Black Tomato’s Blink ជាមួយនឹងការរៀបចំឌីហ្សាញបែបទំនើប ប្រណិតនៅក្នុងតំបន់វាលដាច់ស្រយាល ក្នុងតង់ឯកជន។ តង់ឯកជនធំ មានកញ្ចប់សម្រាប់មើលមកខាងក្រៅ​ មានបន្ទប់ទឹកឯកជន ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនកម្ដៅ អាហារ ភេសជ្ជៈឈ្ងុយឆ្ងាញ់។

៩. ស្នាក់នៅក្នុងតង់នៃតំបន់រាជវង្សនៃសមុទ្រខ្សាច់

តំបន់វាលខ្សាច់ (Thar Desert) ធ្លាប់ជាទីសំណាក់នៃរាជរង្ស Caravans of Rajputana ដែលហៅបកជាភាសាខ្មែរថា ទឹកដីស្ដេច ក៏ប៉ុន្តែបច្ចុប្បន្ន បានប្រែក្លាយទៅជាទីសំណាក់ដ៏ប្រណិត និងមានប្រជាប្រិយភាព ជាមួយការស្នាក់នៅប្រចាំតំបន់។ The Serai អាចផ្ដល់ជូននូវការស្នាក់នៅ ពោពេញដោយសេចក្ដីសុខ ជាមួយនឹងសេវាកម្មសំបូរបែប ដោយក្នុងនោះរួមមានការជិះសត្វអូត នៅវាលខ្សាច់ ការដើរកំសាន្តនៅតាមភូមិជាច្រើន ទស្សនារបាំ ជាអាទិ៍។

១០. ធ្វើដំណើរដ៏វែងឆ្ងាយ ជាមួយរថភ្លើងឯកជនដ៏ប្រណិត

Golden Eagle Luxury Train ផ្ដល់ជូននូវកាប៊ីនឯកជន ដែលអ្នកអាចសោយសុខ ជាមួយដៃគូ  ដោយគ្មានការរំខានពីអ្នកដ៏ទៃ អមជាមួយអាហារច្រើនសំបូរបែប ភេសជ្ជៈស្រស់ៗ ស្រាសំប៉ាញ និងគ្រឿងសង្ហាររឹមប្រណិតៗ។ ការធ្វើដំណើរ មានរយៈពេល ១០ ថ្ងៃទៅកាន់ទីក្រុង អ៊ូសបេគីស្ថាន (Uzbekistan) Tajikistan និង Turkmenistan ដែលក្នុងមួយថ្ងៃៗ អ្នកធ្វើដំណើរ ឬភ្ញៀវអាចឈប់នៅក្នុងតំបន់ពាណិជ្ជកម្មសំខាន់ៗ ដើម្បីស្វែងយល់អំពីការរស់នៅរបស់ពលរដ្ឋក្នុងតំបន់។

១១. មុជទឹកស្វែងរកគុជខ្យង និងគយគុណទេសភាពនៅ Bora Bora

បទពិសោធន៍កម្រនឹងមាន Dive For Pearl មានកម្មវិធីពិសេសសម្រាប់គូស្នេហ៍ ក្នុងការមុជទៅកាន់បាទសមុទ្រ ដើម្បីស្វែងរកគុជខ្យងប្រណិតដោយខ្លួនឯង ដើម្បីប្រើប្រាស់ធ្វើជាគ្រឿងអលង្ការ។ មានទីតាំងស្ថិតនៅតំបន់ Tahiti, French Polynesia គូស្នេហ៍អាចរីករាយបន្ថែម ជាមួយទេសភាពលើភ្នំ ព័ទ្ធទៅដោយសមុទ្រ និងដែនកោះ ជាមួយនឹងការទទួលទានអាហារស្រស់ៗ មិនអាចបំភ្លិចបាន។

១២. ផ្សងព្រេងជាមួយការរុករកនៅ Okavango Delta 

គូស្នេហ៍អាចរីករាយក្នុងការស្វែងរកសត្វព្រៃស្ថិតនៅតំបន់ Botswana រួមមានដូចជា តោ ខ្លារខិន ដំរីទឹក គោព្រៃ រមាស និងសត្វព្រៃជាច្រើនផ្សេងទៀត នៅតាមដងទន្លេ Okavango នៅលើទូក ដែលផ្ដល់នូវសេវាកម្ម ជិះមើលសត្វព្រៃ និងការស្នាក់នៅក្នុងតំបន់ តាមទំនៀមទំលាប់អ្នកភូមិនៅទីនោះ។

១៣. ជិះបាឡុងនៅលើសមុទ្រខ្សាច់ Namibian

ហោះទៅលើ និងមើលឃើញបរិវេណនៅជុំវិញខ្លួន ស្ថិតនៅលើសមុទ្រខ្សាច់ Sossusvlei នៃប្រទេស Namibia ជាតំបន់អភិរក្សធំមួយនៅក្នុងទ្វីបអាហ្វ្រិក។ គូស្នេហ៍អាចប្រើប្រាស់សេវាកម្ម Namib Sky Ballon Safaris ដើម្បីហោះមើលតំបន់វាលខ្សាច់ដ៏ធំល្វឹងល្វើយ មើលសត្វព្រៃ សត្វស្លាបជាច្រើន ដែលពិបាកនឹងរកមាននៅលើផែនដី។

១៤. ដែនកោះឯកជន Galapagos 

ចំនាយពេលជាមួយគូស្នេហ៍ កំសាន្ត និងផ្សងព្រេងនៅតំបន់កោះ Galapagos Islands ជាមួយនឹងការទស្សនាជីវៈចម្រុះក្នុងបាទសមុទ្រ ពិសេសអាចរីករាយកំសាន្តជាមួយតោសមុទ្រ ទស្សនាតំបន់ភ្នំភ្លើង ស្ទូចត្រី និងសកម្មភាពជាច្រើនផ្សេងទៀត មុននឹងត្រឡប់ទៅទីសំណាក់ ដើម្បីទទួលបានសេវាកម្មម៉ាសា និងទទួលទានអាហារស្រស់ៗ ជាមួយនឹងស្រាក្រហម ដ៏ឈ្ងុយឆ្ងាញ់ ក្រោមសេវាកម្មរបស់សណ្ឋាគារ Finch Bay Galapagos Hotel។

១៥. ហែលទឹកក្នុងរណ្ដៅខៀវដ៏ព្រឺព្រួច

Kamalame Cay រណ្ដៅខៀវ ស្ថិតនៅ Bahamas ដែលទទួលបានប្រជាប្រិយភាពខ្ពស់ សម្រាប់ការមុជទឹកកំសាន្ត តំបន់នេះមានរណ្ដៅធំមួយ និងមានរណ្ដៅផ្សេងៗទៀតជាច្រើន ហ៊ុំព័ទ្ធទៅដោយដែនកោះតូចៗជាច្រើន ដែលអាចជិះទូក ចូលទៅមើលក្នុងល្អាង ឬមុជទឹកទៅបាទសមុទ្រក៏បាន ជាមួយនឹងសេវាកម្មដ៏ច្រើនសំបូរបែប។

រីសតខាងលើ គឺជាទីកន្លែងផ្ដល់នូវការផ្សងព្រេងផ្សេងៗគ្នា បើទោះបីជាតំបន់ខ្លះអាចនឹងមានដូចគ្នា តែភាពឯកជន ភាពស្ងប់ស្ងាត់ ទេសភាព សេវាកម្ម និងបទពិសោធន៍ដែលទទួលបានគឺខុសគ្នា ដែលល្អបំផុតសម្រាប់គូស្នេហ៍ថ្មីថ្មោង។ យ៉ាងណាក៏ដោយ សម្រាប់អ្នកដែលចង់ស្គាល់រស់ជាតិបែបធម្មជាតិ ហើយចង់រំសាយអស់ក្ដីកង្វល់ ក៏អាចកត់គោលដៅរបស់ខ្លួនសម្រាប់ដំណើរកំសាន្ត នាពេលខាងមុខ បន្ទាប់ពីជំងឺកូវីដ ១៩ ស្ងប់ស្ងាត់ទៅវិញបានផងដែរ៕