រចនាសម្ព័ន្ធប្រព័ន្ធចង្អូរបង្ហូរទឹកបុរាណ ចម្លាក់ក្បាលមករ ស្ថិតនៅប្រមាណ ៣ គ.ម ពីជ្រុងនិរតីនៃប្រាសាទបេងមាលា ដែលរងការខូចខាតខ្លាំង កំពុងស្ថិតក្នុងការរៀបចំជួសជុល ឲ្យរឹងមាំឡើងវិញ!


សៀមរាប៖ បើយោងតាមរបាយការណ៍ព័ត៌មាន ដែលចេញផ្សាយដោយ អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ប្រព័ន្ធបង្ហូរទឹកបុរាណ ដែលមានចម្លាក់រូបក្បាលមករ នៅទំនប់ (ទឹកមុជ) ដែលជាទំនប់ទឹកបុរាណ ស្ថិតនៅជ្រុងនិរតី ចម្ងាយប្រមាណ៣គីឡូម៉ែត្រ ពីប្រាសាទបេងមាលា ក្នុងភូមិទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប កំពុងរងការខូចខាតយ៉ាងខ្លាំង។

វាត្រូវការការអន្តរាគមន៍ឲ្យបានឆាប់រហ័ស ដែលបច្ចុប្បន្ននេះ ក្រុមជំនាញរបស់ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងរៀបចំចាប់ផ្ដើម ជួសជុលប្រព័ន្ធបង្ហូរទឹកនេះ ដើម្បីឱ្យមានភាពប្រសើរឡើងវិញហើយ។

គួរឲ្យដឹងដែរថា បុព្វបុរសខ្មែរសម័យមុន បានធ្វើចង្អូរបង្ហូរទឹកចម្លាក់មករនេះ សម្រាប់ប្រមូលទឹក ពីតំបន់ភ្នំគូលែន បញ្ចេញមកក្រោមតាមទរ រួចហើយឱ្យហូរចេញ តាមមាត់សត្វមករ ធ្លាក់ចូលទៅក្នុងអូរថ្មដាប់ បន្តទៅបំពេញនៅ កសិន្ធុប្រាសាទបេងមាលា និងបន្តហូរចាក់ចូលទៅ អាងរក្សាទឹកធំមួយ នៅភាគខាងកើតរបស់ប្រាសាទបេងមាលា ដែលគេហៅថាវាលផ្ទី ផងដែរ។

 

ប្រភពពីអាជ្ញាធរជាតិអប្សរា