គិតត្រឹមចុងខែកក្កដាកន្លងទៅនេះ គម្រោងស្ថាបនាផ្លូវជាតិលេខ ១០ ដែលតភ្ជាប់ខេត្តកោះកុង ពោធិ៍សាត់ និងបាត់ដំបង សម្រេចវឌ្ឍនភាពការងារបានជិត ៩០% ហើយ!


ភ្នំពេញ៖ បើយោងតាមព័ត៌មាន ដែលទទួលបានតាមរយៈ ហ្វេសបុកផេកផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឲ្យដឹងថា គម្រោងស្ថាបនាផ្លូវជាតិលេខ ១០ ដែលតភ្ជាប់ខេត្តកោះកុង ពោធិ៍សាត់ និងបាត់ដំបង សម្រេចវឌ្ឍនភាពការងារបាន ៨៩,៥៦% គិតមកដល់ត្រឹមចុងខែកក្កដា ឆ្នាំ២០២៤ នេះ។

គួរឲ្យដឹងដែរថា ផ្លូវជាតិលេខ១០ គឺជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងសរុប ១៩៨,៥១ គីឡូម៉ែត្រ និងទទឹង ៩ម៉ែត្រ ដោយតភ្ជាប់ខេត្តចំនួន៣ រួមមាន៖ ខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។

គម្រោងសាងសង់ផ្លូវនេះ នឹងចំណាយរយៈពេល ៦៦ខែ ដែលបានចាប់ផ្ដើមសាងសង់ ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ។ ប្រវែងសរុបផ្លូវសរុប នៃគម្រោងផ្លូវជាតិលេខ១០ មានចំនួន ១៩៨,២១៨ គីឡូម៉ែត្រ រាប់ចាប់ពីផ្លូវជាតិលេខ 57-7 ត្រង់ចំណុច PK35+900 នៅភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ ៤៨(ចាស់) ត្រង់ចំណុច PK1+700 ក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

គូសសម្គាល់ផងដែរថា ផ្លូវ គឺជាអាទិភាពគន្លឹះទី២ នៅក្នុងអាទិភាពគន្លឹះទាំង៥ "មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ ដោយកិច្ចការអាទិភាពទី២ ក្នុងបញ្ចកោណទី២ គឺការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន បានផ្តោតគោលដៅយុទ្ធសាស្ត្រ លើការបង្កើនប្រសិទ្ធភាព ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ, ការកសាង និងការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធថ្មី ដើម្បីជាប្រយោជន៍ដល់ ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ដឹកជញ្ជូន ទេសចរណ៍ និងបង្ខិតឱ្យកាន់តែជិតរវាងខេត្ត និងខេត្ត តាមរយៈការតភ្ជាប់ប្រព័ន្ធផ្លូវ ដែលប្រៀបបានដូចជាសរសៃឈាម និងមានសារៈសំខាន់ ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ។

 

ប្រភពពី ហ្វេសបុកផេក សម្តេចធិបតី នាយករដ្ឋមន្ត្រី