ព្រឹត្តិការណ៍ធំៗ ចំនួន ៣ នឹងកើតឡើង នៅលើទឹកដីខេត្តសៀមរាប នៅក្នុងខែកញ្ញានេះ ដោយព្យាករណ៍ថា នឹងទាក់ទាញភ្ញៀវទេសចរចម្រុះ បានច្រើន!


សៀមរាប៖ បើយោងតាមក្រសួងទេសចរណ៍កម្ពុជា បានបង្ហាញឲ្យដឹងថា ទឹកដីខេត្តសៀមរាប នឹងជាម្ចាស់ផ្ទះ ក្នុងការប្រារព្ធ និងទទួលព្រឹត្តិការណ៍ធំៗចំនួន ៣ នៅក្នុងខែ កញ្ញានេះ។ ដូចគ្នានេះដែរ រដ្ឋបាលខេត្តសៀមរាប ក៏រំពឹងផងដែរថា ព្រឹត្តិការណ៍ទាំង៣ នឹងអាចទាក់ទាញភ្ញៀវទេសចរ មកកម្សាន្ត កាន់តែច្រើនផងដែរ។

គូសសម្គាល់ផងដែរថា ព្រឹត្តិការណ៍សំខាន់ៗដែលនឹងរៀបចំ នៅខេត្តសៀមរាបនាខែកញ្ញានេះ រួមមាន៖

ទី១/ ព្រឹត្តិការណ៍ Gumball 3000 ធ្វើឡើងនៅថ្ងៃទី ១៦-១៧ កញ្ញា ដែលជាព្រឹត្តិការណ៍ដ៏ល្បីល្បាញមួយ នៅលើពិភពលោក ដែលមានរថយន្តទំនើបៗ និងមានការចូលរួមដោយតារាល្បីៗ អ្នកផលិតមាតិកាល្បីៗលំដាប់ជាតិ និងអន្តរជាតិ YouTuber ល្បីៗ អ្នកធុរកិច្ច និងអ្នកវិនិយោគនានាជុំវិញពិភពលោក។

ទី២/ ជាព្រឹត្តិការណ៍សមរាត្រី ឬថ្ងៃរះចំប្រាង្គកណ្ដាលប្រាសាទអង្គរវត្ត កើតឡើងចន្លោះថ្ងៃ ២១-២៣ ខែកញ្ញា ដែលបាតុភូតនេះ កើតឡើង ២ដងក្នុងមួយឆ្នាំ គឺខែមីនា និងខែកញ្ញា។

ចំណែកព្រឹត្តិការណ៍ទី៣ គឺព្រឹត្តិការណ៍អបអរសាទរ ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៤ ត្រូវនឹងថ្ងៃទី ២៧កញ្ញា។ ដើម្បីអបអរពិធីនេះ រដ្ឋបាលខេត្តសៀមរាប នឹងធ្វើការសហការជាមួយ ស្ថាប័នឯកជន រៀបចំការហែក្បួនដ៏ធំ នៅក្នុងក្រុងសៀមរាប ដោយមានកម្មវិធីសម្តែង សិល្បៈប្រពៃណី ការបញ្ចុះតម្លៃលើសេវាកម្មទេសចរណ៍ និងការតាំងបង្ហាញឡាន ម៉ូតូចាស់ៗ និងម្ហូបអាហារជាដើម។

 

ប្រភពពី រដ្ឋបាលខេត្តសៀមរាប និង ក្រសួងទេសចរណ៍