ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងបើកការដ្ឋានសាងសង់ នៅក្នុងឆមាសទី១ ឆ្នាំ២០២៥!


ស្ពានមិត្តភាពដំបូង រវាង កម្ពុជា-កូរ៉េ នឹងបើកការដ្ឋានសាងសង់នៅឆមាសទី១ ឆ្នាំ២០២៥ បើយោងតាមការបញ្ជាក់ពី លោក Yoon Suk Yeol ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ ក្រោមជំនួបទ្វេភាគីជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នាឱកាសវេទិកា ចំណេះដឹងពិភពលោកលើកទី២៥ (WKF 2024) នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងក្លាយទៅជាស្ពានវែង និងធំជាងគេបង្អស់នៅកម្ពុជា ដែលគ្រោងចំណាយថវិកាប្រមាណ ២៣៥ លានដុល្លារ តភ្ជាប់ពីតំបន់ផ្សាររាត្រី ខណ្ឌដូនពេញ ទៅកាន់តំបន់ជ្រោយសុខា ខណ្ឌជ្រោយចង្វារ និងបន្ដទៅកាន់ឃុំស្វាយជ្រុំ ក្រុងអារិយក្សត្រ ដោយឆ្លងកាត់ទន្លេសាប និងទន្លេមេគង្គ ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋបានមួយកម្រិតធំ ជាពិសេសនឹងរួមចំណែកយ៉ាងសំខាន់ ជំរុញការអភិវឌ្ឍន៍តំបន់ជ្រោយចង្វារ និងក្រុងអារិយក្សត្រ កាន់តែល្អប្រសើរ។

បើយោងតាមរបាយការណ៍ពី ក្រសួងសាធារណការ និងដឹកជញ្ជូន បង្ហាញថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ គឺជាប្រភេទស្ពានបេតុងខ្សែកាប ចំនួន ២ ដំណាក់ (Two cable stayed bridges) ដែលមានប្រវែងសរុប ២ ៣៧៥ ម៉ែត្រ និងទទឹង ២៧,៥ ម៉ែត្រ បូករួមជាមួយការសាងសង់ ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ១ ១៧៤ ម៉ែត្រ ទទឹង ២២,៥ ម៉ែត្របន្ថែមទៀត ដោយគ្រោងចំណាយថវិកាប្រមាណ ២៣៥ លានដុល្លារ ជាជំនួយឥតសំណងពី រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ និងប្រើពេល ៦០ ខែ ដើម្បីបញ្ចប់ការសាងសង់។

សូមបញ្ជាក់ផងដែរ មកទល់ពេលនេះ ការសិក្សាស្ពានមិត្តភាពកម្ពុជា-កូរ៉េ បានបញ្ចប់រួចរាល់ហើយ នៅត្រៀមតែ បើកការដ្ឋានសាងសង់ប៉ុណ្ណោះ ក្រោយសាងសង់រួចស្ពានមួយនេះ នឹងរួមចំណែកកាត់បន្ថយ បញ្ហាកកស្ទះចរាចរណ៍ ជំរុញការអភិវឌ្ឍន៍ ពង្រឹងកំណើនសេដ្ឋកិច្ច ព្រមទាំងជានិមិត្តរូបនៃមិត្តភាពយូរអង្វែងរវាងកម្ពុជា-កូរ៉េផងដែរ។