ផ្សារទំនើប AEON ដំបូងក្នុងប្រទេសមីយ៉ាន់ម៉ា នឹងបើកដំណើរការនៅឆ្នាំ២០២៣!

ក្រុមហ៊ុនផ្សារទំនើបជប៉ុន AEON Mall Co., Ltd បានពង្រីកគម្រោងរបស់ខ្លួនកាន់តែច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាក់ស្ដែងការបើកគម្រោងផ្សារ AEON Mean Chey ស្ថិតនៅតាមបណ្ដោយមហាវិថី ៦០ ម៉ែត្រភាគខាងត្បូងរាជធានីភ្នំពេញ ទើបតែបើកការដ្ឋានសាងសង់ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៣ ចំណែកនៅឆ្នាំ២០២១ ខាងមុខនេះ ក្រុមហ៊ុននឹងវិនិយោគផ្សារទំនើប AEON Mall ដំបូងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ស្ថិតនៅទីក្រុងរ៉ង់ហ្គូន គ្រោងបញ្ចប់នៅឆ្នាំ២០២៣ ដូចគ្នា។ 

បើតាមព័ត៌មាន Press Release ពីក្រុមហ៊ុនផ្ទាល់បានឲ្យដឹងថា ក្រុមហ៊ុន AEON Mall នឹងធ្វើការសហការជាមួយក្រុមហ៊ុនផ្សារទំនើបក្នុងស្រុកឈ្មោះថា Shwe Taung Group ដើម្បីវិនិយោគលើគម្រោងផ្សារទំនើប AEON Mall ដំបូងនេះ ហើយក្រុមហ៊ុន Shwe Taung Group នឹងទាក់ទាញដល់យីហោល្បីៗក្នុងស្រុក ព្រមទាំងយីហោអន្តរជាតិមកបើកទីតាំងឬជួលទីតាំងផ្សារ ក្លាយទៅជា shopping center ដ៏ធំមួយក្នុងទីក្រុងរ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា ខណៈដែលគម្រោងវិនិយោគផ្សារទំនើបនៅក្នុងប្រទេសកំពុងមានការរីកចម្រើន និងកំណើនប្រជាជនជីវភាពលំដាប់កណ្ដាល។

ក្រុមហ៊ុន AEON របស់ជប៉ុន បានឃើញថា ប្រទេសមីយ៉ាន់ម៉ាមានចំនួនប្រជាជនជាង ៥៣ លាននាក់ដែលមានកំណើនឡើងខ្ពស់នូវសេដ្ឋកិច្ចជាតិខ្ទង់ ៦% ទៅ ៧% មុនវិបត្តិជំងឺកូវីដ-១៩ ដែល GDP/Capita កាលពីឆ្នាំមុនមានតម្លៃ ១,២៤៤ ដុល្លារសម្រាប់មនុស្សម្នាក់ យោងតាមទិន្នន័យរបស់មូលនិធិរូបយវត្ថុអន្តរជាតិ IMF។ ម្យ៉ាងទៀតចាប់តាំងពីឆ្នាំ២០១១ មក ប្រទេសមីយ៉ាន់ម៉ា បានចាប់ផ្ដើមប្រែក្លាយជាប្រទេសប្រជាធិបតេយ្យ មានអាជីវកម្មហិរញ្ញវត្ថុជាច្រើនមកវិនិយោគក្នុងឆ្នាំ២០១៣ ជាក់ស្ដែងក្រុមហ៊ុន AEON microfinance ចំណែកគម្រោងវិនិយោគផ្សារទំនើបនៅទីក្រុងរ៉ង់ហ្គូន បានកើនដល់ជាង ១០ កន្លែង គិតចាប់ពីឆ្នាំ២០១៦ មកប៉ុណ្ណោះ។

គូសបញ្ជាក់ផងដែរថា ក្រុមហ៊ុន AEON បានបើកសាខាផ្សារទំនើប AEON Mall ចំនួន ៩ កន្លែងមកហើយនៅតំបន់អាស៊ីអាគ្នេយ៍ មានប្រទេសកម្ពុជា វៀតណាម និងឥណ្ឌូនេស៊ី ហើយក្រុមហ៊ុនទទួលបានប្រាក់ចំណេញប្រតិបត្តិការប្រមាណ ៣១៥ លានដុល្លារកាលពីដំណាច់ខែកុម្ភៈ ឆ្នាំ២០១៩ ដោយប្រាក់ចំណេញនេះបានខ្ពស់ជាងការវិនិយោគក្នុងប្រទេសចិន ដែលទទួលបានត្រឹម ១៣ លានដុល្លារប៉ុណ្ណោះ។