នៅដើមឆ្នាំ២០២១ នេះអាជ្ញាធរជាតិអប្សរា បានបន្ដកិច្ចការងារថែទាំប្រាសាទនិងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ តំបន់អភិរក្សឧទ្យានអង្គរបន្ថែមទៀត ជាក់ស្ដែងការបញ្ចប់ការងារដកហូតដើមឈើទាលងាប់មួយដើមធំក្នុងបរិវេណប្រាសាទបន្ទាយស្រី ការចាប់ផ្ដើមការងារជួសជុលរួតទី៣ នៃប្រាសាទបាយ័ន្ដ និងការចាប់ផ្ដើមរៀបចំកែលម្អផ្លូវដើរក្រាលបេតុងដាំស្មៅ ព្រមទាំងសាងសង់ប្រព័ន្ធដោះទឹកតាមផ្លូវក្នុងបរិវេណព្រះលានជល់ដំរី។
កាលពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរា ក្រោមការទទួលបន្ទុករបស់នាយករដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ សហការជាមួយស្ថាប័នជប៉ុន Japan-Apsara team for Safegauarding Angkor និងអង្គការយូណេស្កូ បានរៀបចំពិធីសែនព្រែន ដើម្បីបើកការដ្ឋានជួសជុលប្រាសាទបាយ័ន្ដនៅជាន់ទី៣ ដើមឆ្នាំ២០២១ នេះឲ្យប្រកបទៅដោយរលូន មុននឹងបើកដំណើរការឲ្យភ្ញៀវចូលទស្សនាជាថ្មី។ ឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ប្រាសាទបាយ័ន្ដនៅរួតទី៣ មានសភាពទ្រុឌទ្រោមរចនាសម្ព័ន្ធថ្មប្រាសាទកៀកចេញពីគ្នា ដោយសារកត្តាអាកាសធាតុ អាយុកាលនៃសំណង់ ដែលអាចនាំឲ្យមានគ្រោះថ្នាក់ដល់សំណង់ប្រាសាទទាំងមូល បើមិនមានការជួសជុលទាន់ពេលវេលាទេនោះ។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា ដំណើរការជួសជុលនេះ មានដូចជា៖ ការរើថ្មចេញ ហើយរុញបញ្ចូលវិញនៅជ្រុងទី៣ ទិសខាងត្បូង, ការទ្រទល់កន្លែងដែលមានហានិភ័យរកកលនឹងរលំដួលចំនួន ៥៦ ចំណុចផ្សេងៗគ្នា។ ក្នុងនោះក៏នឹងមានការរៀបចំបិទភ្ជិតលើថ្នេរថ្មដែលប្រេះ កុំឲ្យវាជ្រាបទឹកចូល និងសម្រួលថ្មរដិបរដុបមិនរាបស្មើ ដើម្បីកុំឲ្យបង្ករគ្រោះថ្នាក់ដល់ភ្ញៀវពេលដើរទស្សនាប្រាសាទ។ ការងារនេះ នឹងត្រូវចំណាយពេលមួយឆ្នាំ ដើម្បីសម្រេចរួចរាល់ជាស្ថាពរ ប្រសិនបើគ្មានបញ្ហារាំងស្ទះទេនោះ។
សូមបញ្ជាក់ផងដែរថា ប្រាសាទបាយ័ន្ដ ស្ថិតនៅចំកណ្ដាលនៃរាជធានីអង្គរធំ ដែលត្រូវបានសាងសង់ឡើងក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ (ចុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣) ដែលប្រាសាទនេះមានតួប៉មមុខ ៤ ទិសសរុបចំនួន ៥៤ ដែលតំណាងឲ្យខេត្តក្រុងខ្មែរទាំង ៥៤ នៅសម័យកាលនោះ។
ដោយឡែក ចំពោះការងារមួយទៀត គឺការរៀបចំកែលម្អផ្លូវដើរ ដោយក្រាលបេតុង និងដាំស្មៅ ព្រមទាំងសាងសង់ប្រព័ន្ធរំដោះទឹកតាមផ្លូវនៅបរិវេណព្រះលានជល់ដំរី។ អាជ្ញាធរជាតិអប្សរា នឹងបិទបរិវេណមុខព្រះលានជល់ដំរីចាប់ពីខាងជើងប្រាសាទបាយ័ន្ដ រហូតដល់ចំណុចផ្លូវខាងជើងព្រះពន្លាស្ដេចគម្លង់ ឆ្ពោះទៅខ្លោងទ្វារដីឆ្នាំង ចាប់ពីថ្ងៃទី ១១ ខែមករា ឆ្នាំ២០២១ ខាងមុខនេះតទៅ ដើម្បីរៀបចំដំណើរការសាងសង់។ ប៉ុន្តែសម្រាប់ការចូល ប្រាសាទ អាចធ្វើដំណើរតាមផ្លូវថ្មីវាងមុខព្រះលានជល់ដំរី នៅផ្នែកខាងកើត ផ្លូវចាស់ ដែលអជ្ញាធរជាតិអប្សរាទើបតែធ្វើការជួសជុលរួចរាល់។
គូសបញ្ជាក់ផងដែរថា ព្រះលានជល់ដំរី ត្រូវបានសាងសង់ឡើងក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ដូចគ្នា ដែលស្ថិតនៅខាងមុខនៃគោបុរៈខាងកើត នៃកំពែកព្រះបរមរាជវាំង ក្នុងបរិវេណនៃរាជធានីអង្គរធំ។ ព្រះលានជល់ដំរី មានប្រវែង ៣៥០ ម៉ែត្រចាប់ពីប្រាសាទបាពួន ដល់លានស្តេចគម្លង់ ដោយមានរានហាលចំនួន ២ ជាន់ និង ៣ ជាន់ ហើយមានរូបចម្លាក់ដំរី និងហ្មរជាច្រើន ហើយព្រះលាននេះ ត្រូវបានប្រើប្រាស់ជាវេទិកា ពីការវិលត្រលប់នៃកងទ័ពរបស់ព្រះបាទជ័យវរ្ម័នទី៧ ក្រោយពីទទួលជ័យជំនះពីសង្គ្រាម។