ថ្មីៗនេះក្រុមហ៊ុន Canopy Sands Development ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Prince Holding Group ទទួលបាននូវការអនុម័តដល់គម្រោងអភិវឌ្ឍន៍ទីក្រុងឆ្នេរាមថ្មី ស្ថិតនៅក្នុងខេត្តព្រះសីហនុ ដែលមានផ្ទៃដីទំហំ ៨៣៤ ហិកតា មានទុនវិនិយោគសរុបជាង ១៦ ពាន់លានដុល្លារ និងទទួលវិនិិយោគសាងសង់ដោយក្រុមហ៊ុន Surbana Jurong Group។
គម្រោង Canopy Sands នៃទីក្រុងឆ្នេរាមថ្មី នឹងត្រូវអភិវឌ្ឍន៍ជាទិសដៅអាជីវកម្ម និងតំបន់វិសមកាលកម្សាន្ដលំដាប់ពិភពលោក ស្ថិតនៅប្រមាណ ១០ នាទីប៉ុណ្ណោះពីអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ ដែលនឹងក្លាយទៅជាទីក្រុងអភិវឌ្ឍន៍ជាប់មាត់សមុទ្រធំជាងគេលំដាប់ទី៣ ប្រចាំប្រទេសកម្ពុជា សម្រាប់បម្រើដល់សកម្មភាពពាណិជ្ជកម្មផង និងទេសចរណ៍ផង ក្នុងនោះរួមមានទាំង៖ ការសាងសង់កន្លែងលំហែ ខុនដូ ផ្ទះជាប់ឆ្នេរ លំនៅដ្ឋាន រីសត ផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម រមណីយដ្ឋាន សណ្ឋាគារ កំពង់ផែទេសចរណ៍អន្តរជាតិ និងទីលានវាយកូនហ្គោល សរុបអាចផ្ដល់កន្លែងស្នាក់នៅដល់មនុស្សជាង ១៣០,០០០ នាក់។
លោក Yeo Choon Chong នាយកប្រតិបត្តិក្រុមហ៊ុន Surbana Jurong ប្រចាំតំបន់អាស៊ានបានបង្ហាញថា ប្រទេសកម្ពុជា បាននិងកំពុងទាក់ទាញនូវលំហូរវិនិយោគផ្ទាល់ពីបរទេស FDI ឥតឈប់ឈរ ជាមួយដៃគូអភិវឌ្ឍន៍នានា ដែលបានមើលឃើញអំពីសក្ដានុពលដ៏ធំធេងក្នុងការជំរុញឲ្យមានភាពរីកចម្រើនក្នុងទីផ្សារ ហើយក៏ចូលរួមគាំទ្រគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធំៗផងដែរ។ សម្រាប់គម្រោងអភិវឌ្ឍន៍ Canopy Sands នឹងត្រូវផ្ដល់អាទិភាពចំពោះការធ្វើសមាហរណកម្មធម្មជាតិគិតគូរដល់ប្រព័ន្ធអេកូឡូស៊ី លើតំបន់ឆ្នេរខ្សាច់មានប្រវែង ៦ គីឡូម៉ែត្រនៃឆ្នេរាមនេះ ប្រកបដោយចីរភាព ស្របពេលពន្លឿនការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគមន៍មូលដ្ឋានខេត្តព្រះសីហនុ។
គូសបញ្ជាក់ផងដែរថា រយៈពេលចុងក្រោយនេះ ខេត្តព្រះសីហនុទទួលបាននូវកែលម្អហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលរួមមានទាំងការការពង្រីកវិសាលភាពអាកាសយានដ្ឋានអន្តរជាតិ ដើម្បីទទួលការហោះហើរយន្ដហោះខ្នាតធំ Boeing 777-350ER ឬ Airbus350-100 ការស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ៣៤ ខ្សែមានចំណាយថវិកាជិត ៣០០ លានដុល្លារ ការស្ដារអូរប្រឡាយ ៥ ខ្សែនិងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ការពង្រីកំពង់ផែពាណិជ្ជកម្ម -ល-។