CDC បានអនុម័តគម្រោងវិនិយោគរោងចក្រចំនួន ៧ សរុបជាទឹកប្រាក់ជាង ៦៧ លានដុល្លារ!

នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នេះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ CDC បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរដល់គម្រោងវិនិយោគរោងចក្រថ្មីៗចំនួន ៧ កន្លែង ដែលសរុបជាទឹកប្រាក់ចំនួន ៦៧.៤ លានដុល្លារ និងបង្កើតការងារជូនចំនួន ២,៦៣៨ កន្លែង។

១. ក្រុមហ៊ុន Yuan Shuo (Cambodia) Co., Ltd សំណើរសុំវិនិយោគរោងចក្រផ្គុំដំឡើងសម្ភារៈអេឡិចត្រូនិច និងគ្រឿងបន្លាស់អេឡិចត្រូនិចគ្រប់ប្រភេទ មានទីតាំងនៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ២.២ លានដុល្លារ អាចបង្កើតការងារបានចំនួន ២៣២ កន្លែង។

២. ក្រុមហ៊ុន Schneitic Chint Co., Ltd សំណើរសុំវិនិយោគរោងចក្រផ្គុំដំឡើងគ្រឿងសម្ភារៈអគ្គិសនី ដែលមានទីតាំងនៅភូមិអន្សក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានទុនវិនិយោគប្រមាណ ២.៥ លានដុល្លារ អាចបង្កើតការងារបាន ៦២ កន្លែង។

៣. ក្រុមហ៊ុន Xin Wei Jie Co., Ltd គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងនៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.៩ លានដុល្លារ អាចបង្កើតការងារបាន ៦៥៩ កន្លែង។

៤. ក្រុមហ៊ុន Green Sustainable Ventures (Cambodia) Co., Ltd គម្រោងបង្កើតរោងចក្រផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ អានុភាព ២០ មេហ្គាវ៉ាត់ ដែលមានទីតាំងនៅភូមិមនោរម្យ ឃុំមនោរម្យ ស្រុកស្វាយទាប ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ ១៧.៦ លានដុល្លារ និងអាចបង្កើតការងារបាន ១៥០ កន្លែង។ 

៥. ក្រុមហ៊ុន First Aquatic Industrial Co., Ltd គម្រោងបង្កើតវារីវប្បកម្មចំនួន ២ កន្លែង ដែលមានទីតាំងនៅភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងភូមិតោតម៉ា ឃុំកណ្ដោកស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មានទុនវិនិយោគប្រមាណ ២៥.២ លានដុល្លារ អាចបង្កើតការងារបាន ១៥៥ កន្លែង។ 

៦. ក្រុមហ៊ុន Innomed Healthcare Products (Cambodia) Co., Ltd គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់វេជ្ជសាស្ត្រ និងផលិតសម្ភារៈបរិក្ខាវិជ្ជសាស្ត្រ មានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ១០ លានដុល្លារ និងអាចបង្កើតការងារបាន ១,២០០ កន្លែង។ 

៧. ក្រុមហ៊ុន Huiquanfeng Technology (Cambodia) Co., Ltd គម្រោងបង្កើតរោងចក្រផលិតគ្រឿងបង្គុំទោចក្រយាន និងគ្រឿងបំណែកទោចក្រយានគ្រប់ប្រភេទ ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ ៧ លានដុល្លារ និងអាចបង្កើតការងារបាន ១៨០ កន្លែង។