ប្រាសាទព្រះវិហារ ជាប្រាសាទភ្នំដែលស្ថិតនៅលើជួរភ្នំដងរែក (ជាជួរភ្នំខណ្ឌចែកព្រំដែនប្រទេសកម្ពុជា និងប្រទេសថៃបច្ចុប្បន្ន) និងបានផ្ដើមកសាងដំបូងចាប់ពីសតវត្សទី៩ ជាពេលកកើតដំបូងនៃអាណាចក្រខ្មែរ រហូតមកដល់ដើមសតវត្សទី១២ ជាពេលដែលរាជធានីយសោធរបុរៈ (រាជធានីអង្គរ) ក្លាយជាមណ្ឌលកណ្ដាល នៃចក្រភពខ្មែរ។
ប្រាសាទព្រះវិហារ ត្រូវបានចាត់ទុកជាប្រាសាទភ្នំដ៏អស្ចារ្យបំផុតក្នុងប្រទេសកម្ពុជា ដែលបានសណ្ដូកនៅលើចុងខ្នងភ្នំព្រះវិហារមានទំហំ ៨០០ ម៉ែត្រ x ៤០០ ម៉ែត្រ កម្ពស់ជាង ៦០០ ម៉ែត្រពីនេវ៉ូទឹកសមុទ្រ (ជាប្រាសាទភ្នំខ្ពស់ជាងគេ) ដោយមានរចនាបថដើមបន្ទាយស្រី និងជាទីតម្កល់លិង្គព្រះឥសូរ ព្រះនាមអាទិទេព ព្រះស្រីសិខរីស្វរៈ ដើម្បីជួយការពារ និងថែរក្សាអាណាចក្រខ្មែរ និងប្រជារាស្ត្របានសុខសាន្ដ ដោយគោរពបូជាឧទ្ទិសតាមបែបសាសនាព្រាហ្មណ៍ (ហិណ្ឌូសាសនា) ហើយបច្ចុបន្ន ប្រាសាទព្រះវិហារ ត្រូវបានប្រើប្រាស់ជាឈ្មោះខេត្តព្រះវិហារផងដែរ។
ការសាងសង់ប្រាសាទព្រះវិហារ ត្រូវបានផ្ដើមចេញពីព្រះអង្គម្ចាស់ ឥន្ទ្រាយុទ្ធ (បុត្រារបស់ព្រះបាទជ័យវរ្ម័នទី២ ជាក្សត្រស្ថាបនិកអាណាចក្រខ្មែរ គ.ស ៨០២-៨៥០) ដែលកាលនោះព្រះអង្គម្ចាស់ បាននាំយកលិង្គព្រះឥសូរ ដែលមានព្រះនាមអាទិទេព ព្រះស្រីសិខរីស្វរៈ មកកាន់ខ្នងភ្នំព្រះវិហារនេះ ហើយសិលាចារឹកបានបង្ហាញថា ក្សត្រអង្គក្រោយៗទៀត បានសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធប្រាសាទជាច្រើន ដូចជា៖
• ព្រះបាទយសោវរ្ម័នទី១ (គ.ស ៨៨៩-៩០០) បានកសាងប្រាសាទកណ្ដាល។
• ព្រះបាទសូរ្យវរ្ម័នទី១ (គ.ស ១០០២-១០៥០) បានកសាងអគារដ៏វែងជិតប្រាង្គកណ្ដាល កំពែងព័ន្ធជុំវិញ និងគោបុរៈទី៣។
• ព្រះបាទជ័យវរ្ម័នទី៦ (គ.ស ១០៨០-១១០៩) បានកសាងហោត្រៃ ឬបណ្ណាល័យពីរ
• ព្រះបាទសូរ្យវរ្ម័នទី២ (គ.ស ១១១៣-១១៥០) បានកសាងព្រះលាន ដែលមាននាគក្បាល៧ រូបតោយាមផ្លូវ និងនាគជាច្រើនទៀតនៅតាមជណ្ដើរឡើងប្រាសាទ។
គោលបំណងនៃការកសាងប្រាសាទព្រះវិហារ មិនដូចជាប្រាសាទដទៃទៀត ដែលសម្រាប់គោរពបូជាថ្វាយជូនព្រះវិស្ណុ និងព្រះឥសូរឡើយ ប៉ុន្តែប្រាសាទព្រះវិហារ គឺជាទីតម្កល់លិង្គព្រះអាទិទេព ស្រីសិខៈវិស្វរៈ ដែលក្សត្រខ្មែរក្នុងអាណាចក្រអង្គរ មានជំនឿថាលើឫទ្ធិនៃលិង្គព្រះអាទិទេព សម្រាប់ថែរក្សាការពារដែនដីអាណាចក្រខ្មែរ និងប្រជានុរាស្ត្រឲ្យមានសុខក្សេមក្សាន្ដ ហើយព្រះមហាក្សត្រគ្រប់ជំនាន់ ត្រូវតែមកគោរពបូជានៅប្រាសាទព្រះវិហារនេះ។
នៅក្នុងឆ្នាំ ១៩៦២ ប្រាសាទព្រះវិហារ ត្រូវបានសាលក្រមតុលាការអន្តរជាតិ ទីក្រុងឡាអេ បានសម្រេចឲ្យភាគីកម្ពុជា ឈ្នះក្ដីលើភាគីថៃ ជុំវិញព្រំដែននៃប្រាសាទព្រះវិហារ ហើយភាគីថៃមិនមានសិទ្ធចូលមកកាន់ប្រាសាទព្រះវិហារតទៅទៀតឡើយ (កាលពីមុនភាគីថៃ បានបង្កើតផែនទីទំហំជាង ៤ គីឡូម៉ែត្រការ៉េចូលមកខេត្តព្រះវិហារ និងអះអាងថាប្រាសាទព្រះវិហារជារបស់ខ្លួន) ហើយប្រាសាទព្រះវិហារស្ថិតនៅលើជួរភ្នំដងរែក ដែលមានជំរាលងាយស្រួលធ្វើដំណើរពីខាងភាគីប្រទសថៃ ចំណែកភាគីកម្ពុជា ត្រូវធ្វើដំណើរឡើងចំណោតខ្ពស់ ពិបាកធ្វើដំណើរជាងក៏ដោយ។ នៅឆ្នាំ ១៩៦៣ ព្រះបាទនរោត្តមសីហនុ បានបង្ហូតទង់ជាតិកម្ពុជា ឡើងនៅប្រាសាទព្រះវិហារ ជាសក្ខីភាពអំពីការបញ្ជាក់ថា ប្រាសាទព្រះវិហារជារបស់កម្ពុជា។
ប្រាសាទព្រះវិហារ ត្រូវបានអង្គការ UNESCO បានសម្រេចដាក់បញ្ជូលជាសម្បត្តិបេតិកភណ្ឌពិភពលោករូបីទី២ របស់កម្ពុជា នៅថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០០៨ (បន្ទាប់ពីប្រាសាទអង្គរវត្តកាលពីឆ្នាំ១៩៩២) ដែលជាប្រាសាទត្រូវបានការពារដោយច្បាប់អន្តរជាតិ អភិរក្សថែរក្សាជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់មនុស្សជាតិ ជាប្រាសាទស្ថិតនៅលើដែនអធិេតយ្យភាពរបស់ប្រទេសកម្ពុជា។