តម្លៃធ្យូងថ្មនៅក្នុងប្រទេសឥណ្ឌាបានហក់ឡើងខ្ពស់ បន្ទាប់ពីការផ្គត់ផ្គង់ផលិតផលប្រេងឥន្ធនៈក្នុងស្រុកមានការកំណត់ និងកម្រិតតឹងរឹងខ្លាំង។ ជាក់ស្ដែងក្រុមហ៊ុនផលិតធ្យូងថ្ម Coal India Ltd ដែលជាអ្នកផលិតធ្យូងថ្មធំជាងគេនៅក្នុងប្រទេសឥណ្ឌា និងពិភពលោកបានតំឡើងថ្លៃរហូតដល់ទៅ 340 ភាគរយដែលជាចំនួនលើសពីតម្លៃធ្យូងថ្មមូលដ្ឋានកន្លងមក។ នេះបើយោងតាមរបាយការណ៍របស់ Bloomberg។ មិនត្រឹមតែតម្លៃធ្យូងថ្មឡើងថ្លៃប៉ុណ្ណោះទេ រាល់បញ្ជាទិញពីក្រុមហ៊ុនទាំងអស់នោះក៏តម្រូវឲ្យមានការដេញថ្លៃផងដែរ ហើយក្រុមហ៊ុនផលិតធ្យូងថ្មភាគច្រើនយល់ព្រមលក់ចេញធ្យូងថ្មរបស់ខ្លួនត្រឹមតែ 15 ទៅ 20 ភាគរយប៉ុណ្ណោះ។
កត្ដាដែលធ្វើឲ្យតម្លៃធ្យូងថ្មបានហក់ឡើងដល់កម្រិតខ្ពស់បែបនេះអាចមកពីកត្ដាគួបផ្សំជាច្រើន ដូចជាតម្រូវទីផ្សារសកលកំពុងបារម្ភពីការធ្លាក់ចុះនៃការផ្គត់ផ្គង់ថាមពលប្រេងឥន្ធនៈ ចំពេលមានការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសរុស្ស៊ី ក៏ដូចជាការដាក់ទណ្ឌកម្មផ្អាកការនាំចូលដោយខ្លួនឯងរបស់អ្នកទិញថាមពលធ្យូងថ្មពីរុស្ស៊ី។
គួរបញ្ជាក់ផងដែរថា យោងតាមការស្រាវជ្រាវរបស់ស្ថាប័ន Rystad Energy បានឲ្យដឹងថា ចាប់ពីដើមខែនេះទៅ សង្រ្គាមនៅអ៊ុយក្រែនអាចនឹងធ្វើឲ្យតម្លៃធ្យូងថ្មកើនឡើងលើសពី $500 ផងដែរនៅឆ្នាំនេះ ដោយសារ ប្រទេសរុស្ស៊ីគឺជាអ្នកផ្គត់ផ្គង់ធ្យូងថ្មកំដៅដ៏ធំបំផុតរបស់អឺរ៉ុប។ យោងតាម Eurostat កាលពីឆ្នាំមុន រុស្ស៊ីបានផ្គត់ផ្គង់ធ្យូងដល់ប្រទេសសមាជិកសហភាពអឺរ៉ុបចំនួន 36 លានតោន ដែលតំណាងឱ្យ 70% នៃការនាំចូលធ្យូងថ្មសរុប។ ខណៈបរិមាណនៅដដែលកាលពីមួយទសវត្សរ៍មុន ការនាំចូលធ្យូងថ្មរបស់រុស្ស៊ីមានត្រឹមតែពាក់កណ្តាលប៉ុណ្ណោះគឺ 35% ។