ផ្សារលក់សម្ភារៈបរិក្ខារក្នុងផ្ទះ និងគ្រឿងសំណង់ខ្នាតធំ បានបើកសម្ពោធជាផ្លូវការ

ផ្សារ​លក់​ទំនិញ​គ្រឿង​សំណង់ និង​សម្ភារៈបរិក្ខារក្នុងផ្ទះដ៏ទំនើបៗគ្រប់ប្រភេទដែលធំជាងគេបង្អស់នៅកម្ពុជាឈ្មោះ Global House បានបើកសម្ពោធជាផ្លូវការហើយនាព្រឹកថ្ងៃទី 01 ខែធ្នូ ឆ្នាំ2018 កន្លងទៅនេះដោយមានការចូលរួមយ៉ាងខ្ពង់ខ្ពស់ក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ ​ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

Global House ជាផ្សារដ៏ធំតែមួយគត់មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ប៉ា​យ៉ាប​ សង្កាត់​ភ្នំពេញ​ថ្មី ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។ គួរបញ្ចាក់ផងដែរថា ​វាជា​ការវិនិយោគ​រួម​គ្នារវាង​​ក្រុមហ៊ុន​ក្នុង​ស្រុក LYP Group របស់​មហាសេដ្ឋី​ពហុ​ជំនួញអ្នកឧកញ៉ា លី យ៉ុងផាត់ និង​ក្រុមហ៊ុន​ថៃ Siam ដែលបានបោះទុន​វិនិយោគ​ជាង 10 លាន​ដុល្លារ​អាមេរិក និងសាង​សង់​​លើ​ផ្ទៃ​ដីជិត ​10 ហិចតារួមទាំងមាន​លក់​ទំនិញ​ជាង ​10​ ម៉ឺន​មុខឯណោះ។ ទំនិញទាំងអស់នេះបាននាំចូលពីបណ្តាក្រុមហ៊ុនធំៗ លើសកលលោកមកដាក់លក់ ក្នុងហាងតែមួយ ដែលវាកាន់តែផ្តល់ភាពងាយស្រួល ចំណេញពេលវេលា និងទទួលបានតម្លៃថោកសមរម្យសម្រាប់អតិថិជនគ្រប់ៗរូប។ អ្វីដែលកាន់តែពិសេសនោះវាបានឈរជើងនៅលើទីផ្សារអស់រយៈពេលប្រមាណ 20 ឆ្នាំមកហើយ ថែមទាំងបានពង្រីកសាខារបស់ខ្លួនរហូតដល់ទៅជាង 60 សាខាទូទាំងប្រទេសថៃ នឹងបានបោះជំហ៊ានក្រៅប្រទេសជាលើកដំបូងរបស់ខ្លួនមកកាន់ទឹកដីកម្ពុជានៅចុងឆ្នាំ 2018 នេះ។

សម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍ និងស្វែងរកនូវផលិតផលដែលមានគុណភាពខ្ពស់ ​តម្លៃថោក​សមរម្យនោះលោកអ្នកអាចអញ្ជើញមកទទួលយកគ្រឿងសម្ភារៈទាំងអស់នេះបាននៅ Global House ឬក៏អាចទាក់ទងតាមរយៈលេខទូរស័ព្ទ 023 232 232៕