យោងតាមផែនការមេ របស់រាជរដ្ឋាភិបាល ខេត្តព្រះសីហនុ ជាខេត្តមានសក្ដានុពលយ៉ាងធំធេង ដែលនឹងប្រែក្លាយទៅជាទីក្រុងវៃឆ្លាត ដោយបានរួមចំណែក អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ រួមមាន វិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និងកសិកម្ម ដែលមានកំពង់ផែ សមុទ្រទឹកជ្រៅជាងគេបំផុត នៅប្រទេសកម្ពុជា។ គោលដៅនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រកាសប្រែក្លាយខេត្តព្រះសីហនុទៅជា «តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» ស្របតាមគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ ២០១៥-២០២៥។
សម្រាប់ចក្ខុវិស័យឆ្នាំ ២០៣០ រាជរដ្ឋាភិបាលនឹងរៀបចំអភិវឌ្ឍ «ខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាព នៅតំបន់ឆ្នេរសមុទ្រកម្ពុជា» តាមរយៈគោលដៅដូចជា៖
១. ការអភិវឌ្ឍទីក្រុងទំនើប រមណីយដ្ឋានឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក
២. ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ច្រកចេញ ចូលអន្តរជាតិ
៣. មជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ ដោយមានទំនាក់ទំនង ជាមួយទីផ្សារអាស៊ាន និងទីផ្សារសកលលោក
៤. ជាមជ្ឈមណ្ឌលឧស្សាហកម្ម ផលិតកម្មបែបបច្ចេកវិទ្យាទំនើប ដែលមានសុខដុមនីយកម្មជាមួយនឹងបរិស្ថានរស់នៅល្អប្រសើរ។
យោងតាមប្រសាសន៍ លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារ ទីក្រុងវៃឆ្លាតក្រុងព្រះសីហនុ បានមានប្រសាសន៍ថា ដើម្បីសម្រេចនូវផែនការខាងលើនេះបាន រាជរដ្ឋាភិបាលបានកំណត់ទឹកប្រាក់ ក្នុងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ក៏ដូចជាការគៀងគរ រកអ្នកវិនិយោគផ្សេងៗ ដើម្បីវិនិយោគក្នុងខេត្តព្រះសីហនុ សហការជាមួយកម្មវិធីស្រ៊ីអាយ (3i) ជាការបង្កើតស្ថាបត្យកម្មបច្ចេកទេសទីក្រុងឆ្លាតវៃ ឬយើងអាចហៅបានថា ជាក្របខណ្ឌប្រព័ន្ធឌីជីថល សម្រាប់ផ្តល់សេវារដ្ឋបាលសាធារណៈ។
លោក Razed Chowdhury ទីប្រឹក្សាគោលនយោបាយ នៃកម្មវិធីស្រ៊ីអាយ (3i) បានមានប្រសាសន៍ថា កម្មវិធីវិនិយោគ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធស្រ៊ីអាយ (3i) ជាជំនួយឥតសំណង របស់ក្រសួងកិច្ចការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី (DFAT) ដោយរយៈពេល ៦ ឆ្នាំកន្លងមកនេះ (3i) បានជួយបំពេញចន្លោះខ្វះខាត ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស បានសហការជាមួយ រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីបង្កើតយុទ្ធសាស្ត្រ ទីក្រុងឆ្លាតវៃ បង្កើនល្បឿនប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងការរៀបចំផែនការផ្តល់សេវាសាធារណៈ និងហេដ្ឋរចនាសម្ពន្ធ័ក្រុង តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ឱ្យប្រែក្លាយទៅជាទីក្រុងឆ្លាតវៃ និងអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន និងនិរន្តរភាព។
បច្ចុប្បន្ន កម្មវិធីស្រ៊ីអាយ (3i) បាននឹងកំពុងអនុវត្ត គម្រោងសិក្សាចំនួនទាំងពីរ ដែលទទួលបានការយល់ព្រម និងសហការពីរដ្ឋបាលខេត្ត មានដូចខាងក្រោម៖
១. សិក្សាបង្កើតស្ថាបត្យកម្មបច្ចេកទេស និងក្របខណ្ឌអន្តរប្រតិបត្តិការណ៍ទីក្រុងឆ្លាតវៃ គម្រោងសិក្សាពីស្តង់ដារ និងតម្រូវការប្រព័ន្ធឌីជីថល សម្រាប់អនុវត្តយុទ្ធសាស្ត្រ ទីក្រុងឆ្លាតវៃទាំងមូលរបស់ខេត្ត ព្រមទាំងយុទ្ធសាស្ត្រគ្រប់គ្រងទិន្នន័យ ដែលជាស្តង់ដារសំខាន់ ដើម្បីកំណត់ការបង្កើតកម្មវិធីសូហ្វែ (SOFTWARE) ផ្សេងៗ និងសម្រាប់ការធ្វើលទ្ធកម្ម ជ្រើសរើសក្រុមហ៊ុន ដែលមានគុណវឌ្ឍន៍។
២. សិក្សាសមិទ្ធិលទ្ធភាព នៃគម្រោងសាកល្បង ចំណតទីក្រុងឆ្លាតវៃ គម្រោងសិក្សាលម្អិតលទ្ធភាពបច្ចេកទេស លទ្ធភាពហិរញ្ញវត្ថុ ក្នុងការទាក់ទាញ វិស័យឯកជនមកវិនិយោគ ដើម្បីបង្កើនអត្ថប្រយោជន៍សាធារណៈជាអតិបរមា ស្របពេលធានានូវ ផលចំណេញសមរម្យ សម្រាប់អ្នកវិនិយោគ រឺប្រតិបត្តិករ។