សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា កម្ពុជាគ្មានកង្វល់ខ្វះស្បៀងនោះទេ ប៉ុន្តែបញ្ហាកង្វះឧស្ម័ន ប្រេង គឺជាកង្វល់ធំដែលអាច កើតឡើងនាពេលខាងមុខ ចេញពីវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលធ្វើឱ្យតម្លៃប្រេងឡើងថ្លៃ។
ក្នុងជំនួបសំណេះ សំណាលជាមួយប្រតិភូ កីឡាអាស៊ានប៉ារ៉ាហ្គេម មុននឹងចេញទៅប្រកួតកីឡា ជនពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេមលើកទី ១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី០៦ ខែ កក្កដា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានខិតខំ ដោះស្រាយសេចក្តីត្រូវការ របស់ប្រជាជនតាមដំណាក់កាលខុសៗគ្នា ហើយបញ្ហាស្បៀង លែងចាំបាច់ត្រូវ ការទៀតនោះហើយ ដោយកម្ពុជាយើងជាអតិរេកស្រូវ ខណៈប្រជាពលរដ្ឋមាន ការជំរុញដាំដុះនិងការចិញ្ចឹមសត្វ បានគ្រប់គ្រាន់ ក្នុងសេចក្តីត្រូវការ។ សម្តេចតេជោបានបន្តថា ខណៈនេះជាកង្វល់ដ៏ធំ ទៅលើបញ្ហាកង្វះឧស្ម័ន ប្រេង ដោយមានការខាតបង់ ការវិនិយោគលើថាមពលអគ្គិសនី ដោយសារតែការឡើងថ្លៃ តម្លៃប្រេងឥន្ធនៈ។
សម្តេចតេជោ បានបញ្ជាក់ថា បញ្ហាសង្គ្រាមរុស្ស៉ី- អ៊ុយក្រែន បានបង្កផលប៉ះពាល់យ៉ាងខ្លាំង ដល់សេដ្ឋកិច្ចពិភពលោក ក្នុងនោះកម្ពុជាបាន រងផលប៉ះពាល់ផងដែរ ដោយកម្ពុជាជាប្រទេសនាំ ចូលទាំងស្រុងពីបរទេសនូវប្រេង ខណៈបច្ចុប្បន្នតម្លៃប្រេងឥន្ទនៈធម្មតា និងម៉ាស៊ូត ដែលកំពុងលក់រាយលើទីផ្សារ បានកើនឡើង ។ «កង្វល់លើបញ្ហា ទាក់ទងនឹងវិបត្តិស្បៀង ខ្ញុំមិនសូវជាកង្វល់នោះទេ ដោយសារយើងផលិតបានដោយខ្លួនឯង យើងមានអង្ករហូប យើងមានត្រីសាច់ ដែលយើងចិញ្ចឹម។ ប៉ុន្តែកង្វល់ធំ គឺបញ្ហាឧស្ម័ន ប្រេង បើសិនជារយៈពេលកន្លងទៅ យើងដំឡើងថ្លៃអគ្គិសនី ផ្អើលតែម្តង អញ្ចឹងបានក្នុងឆ្នាំនេះ អាចប៉ាន់ប្រមាណខាតជាង១០០លានដុល្លារ។
នេះជាទេវតាជួយរាល់ថ្ងៃ មានទឹកភ្លៀងចូលទៅអាងស្តុក សម្រាប់បញ្ចេញថាមពលវារីអគ្គិសនី ប៉ុន្តែមានករណីរាំងស្ងួតនៅឆ្នាំក្រោយ នេះហើយជាបញ្ហា។ សំឡេងយើងពិតជាតូចតាចណាស់ មិនអាចអំពាវនាវ ឱ្យប្រទេសធំៗពិចារណាពីការ អនុវត្តវិធានការទណ្ឌកម្មនោះទេ។ ទណ្ឌកម្មគឺថាទៅទាំងអស់ អ្នកដាក់ទណ្ឌកម្មទេគឺ អាល្លឺម៉ង់ ចាប់ផ្តើមប្រើពីអាហ្គាសនិងឧស័្មន ទៅជាប្រើដោយធ្យូងថ្ម។ ឥឡូវអឺរ៉ុបខ្លួនឯងប្រើធ្យូងថ្ម បើអត់ប្រើធ្យូងថ្ម តើប្រជាពលរដ្ឋមានអគ្គិសនីប្រើប្រាស់ មកពីណាទៀត អញ្ចឹងទេពេលនេះខាងអឺរ៉ុបអាចយល់។
ហេតុអ្វី បានជាឥណ្ឌូនេស៊ីកាប់ឈើ ដើម្បីដាំដូងប្រេង ឥណ្ឌូនេស៊ី ម៉ាឡេស៊ីប្រាប់ថា ដូងប្រេងនេះក៏ជា ឈើដែរ វាក៏ជាតម្រូវការក្នុងការអភិវឌ្ឍន៍។ ឆ្នាំក្រោយបើមានស្ថានភាពបែបនេះ អឺរ៉ុបនិងកាប់ឈើកាប់អុស មកចម្អិនអាហារ សង្ឃឹមថាគេមានដំណោះស្រាយរបស់គេ ឯយើងរកដំណោះស្រាយរបស់យើង»៕