ឥណ្ឌា ចង់ពង្រីកភាពជាដៃគូសហការ ជាមួយបណ្ដាប្រទេសអាស៊ាន ឲ្យកាន់តែស៊ីជម្រៅ


កាលថ្ងៃទី ៤ សីហា ថ្មីៗនេះ ក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ាន-ឥណ្ឌា រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar បានថ្លែងថា ឥណ្ឌាសង្ឃឹមថានឹងពង្រីក ភាពជាដៃគូជាមួយ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឲ្យបានកាន់តែស៊ីជម្រៅ បន្ថែមទៀត។ ជាក់ស្ដែងនៅក្នុងកិច្ចប្រជុំនោះ ឥណ្ឌាបានចូលរួម ឯកភាពលើទស្សនៈ ស្តីពីគម្រោងតភ្ជាប់ និងការឆ្លើយតប ទៅនឹងជំងឺរាតត្បាតកូវីដ-១៩ ក៏ដូចជាបញ្ហាទាក់ទងនឹង សន្តិសុខតាមអ៊ីនធឺណិត នៅក្នុងតំបន់អាស៊ានផងដែរ។

បន្ថែមពីនេះ ដោយសរសេរនៅលើ Twitter លោក Jaishankar បាននិយាយថា ឥណ្ឌាចាត់ទុកថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស អាស៊ាន - ឥណ្ឌា នេះ គឺពិតជាមានប្រសិទ្ធភាពបំផុត ហើយលោកបានថ្លែងអំណរគុណ ដល់សមភាគីអាស៊ា នសម្រាប់ការពិភាក្សា យ៉ាងសកម្មមួយនេះ។ លោកបានបញ្ជាក់យ៉ាងច្បាស់ថា ទាំងភាគីឥណ្ឌា និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បានឯកភាពគ្នាយ៉ាងខ្លាំង ក្នុងការជំរុញភាពជាដៃគូ ក្នុងវិស័យឌីជីថល សុខាភិបាល កសិកម្ម អប់រំ និងកំណើនឧស្សាហ្មកម្មបៃតងផងដែរ។

លើសពីនេះ ភាគីទាំងសងខាងក៏បានពិភាក្សា អំពីស្ថានភាពរួមនៅ ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ហើយបានស្វែងរកវិធានការ ដើម្បីពង្រីកទំនាក់ទំនង របស់ពួកគេបន្ថែមទៀត ចំពេលមានការកើតឡើង ដ៏ស្មុគស្មាញនៅក្នុង ស្ថានភាពភូមិសាស្ត្រនយោបាយ។ គួរបញ្ជាក់ផងដែរថា ភាពជាដៃគូសហការ រវាងអាស៊ាន- ឥណ្ឌា ត្រូវបានបង្កើតឡើងក្នុងតាំងពីឆ្នាំ 1992 មកម្ល៉េះ មុនពេលត្រូវបាន លើកកំពស់ទៅជាទំនាក់ទំនង កិច្ចសន្ទនាដ៏ទូលំទូលាយនៅខែធ្នូ ឆ្នាំ 1995 និងភាពជាដៃគូ កម្រិតខ្ពស់ក្នុងឆ្នាំ 2002 ហើយទំនាក់ទំនងនេះ ត្រូវបានបន្ដលើក ទៅជាភាពជាដៃគូយុទ្ធសាស្ត្រក្នុងឆ្នាំ 2012។