យន្ដហោះគឺជាយាន្ដដឹកអ្នកដំណើរ និងដឹកទំនិញ មានតម្លៃខ្ពស់បំផុតលើលោក ហើយផលិតកម្មយន្ដហោះ មាននៅតែក្នុងប្រទេសជឿនលឿនប៉ុណ្ណោះ ដូចជា ក្រុមហ៊ុន Airbus មានទីស្នាក់ការកណ្ដាលនៅ ប្រទេសបារាំង អាល្លឺម៉ង់ ហូឡង់ ចំណែកក្រុមហ៊ុន Boeing, General Dynamics, Honeywell, Lockheed Martin មានទីស្នាក់ការកណ្ដាលនៅ សហរដ្ឋអាមេរិក។
គិតត្រឹមឆ្នាំ២០២៤ មានអាកាសយានដ្ឋានសរុបចំនួន ៤១ ៧០០ កន្លែង សម្រាប់ទទួលយន្ដហោះ នៅជុំវិញពិភពលោក ដូចនេះតើមានយន្ដហោះប៉ុន្មានគ្រឿង កំពុងប្រតិបត្តិការហោះហើរ?
Flight Aware ជាក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក តាមដានការហោះហើរយន្ដហោះ តាមរយៈប្រព័ន្ធរ៉ាដា តាមពេលវេលាជាក់ស្ដែង (real-time) បង្ហាញថា មានយន្ដហោះសរុបចំនួន ១២ ៧៣៨ គ្រឿង បានប្រតិបត្តិការហោះហើរ ជុំវិញពិភពលោក នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។ ចំនួននេះ មានការចុះទាប និងឡើងខ្ពស់ជាងនេះ អាស្រ័យទៅតាមពេលវេលា និងរដូវកាល ដោយពេលវេលាហោះហើរ ច្រើនបំផុត គឺនៅថ្ងៃសុក្រ ពេលរសៀល ចន្លោះពីម៉ោង ២ ទៅម៉ោង ៤ ល្ងាច គិតតាមម៉ោង (UTC)។
បើយោងតាមទិន្នន័យពី FlightRadar24 ពេលវេលាមមារញឹកហោះហើរបំផុត គឺនៅចន្លោះខែកក្កដា និងសីហា ដោយអំឡុងពេលនោះ នឹងអាចមានយន្ដហោះ ហោះហើរប្រមាណ ១៦ ០០០ គ្រឿង ធៀបទៅនឹងអំឡុងខែមករា និងកុម្ភៈ មានជើងហោះហើរ ប្រមាណ ១៣ ០០០ គ្រឿងប៉ុណ្ណោះ។
នៅឆ្នាំ២០២៤ ត្រូវបាន International Air Transport Associations (IATA) បានព្យាករណ៍ថានឹងអាចមាន អ្នកដំណើរតាមផ្លូវអាកាសប្រមាណ ៤ ពាន់លាននាក់ ដែលកើនឡើង ២ ដងធៀបទៅនឹងចំនួនហោះហើរនៅឆ្នាំ២០១២។
ប៉ុន្តែចំនួនអ្នកហោះហើរនេះ នៅទាបជាង មុនវិបត្តិជំងឺកូវីដ-១៩ ប្រមាណ ៥,៥% ដោយធ្លាប់ទទួលបាន ៤,៥ ពាន់លាននាក់ ហើយគេរំពឹងថា អាចស្ដារឡើងវិញ ១០០% នៅឆ្នាំ២០២៥។ ចំណែកអំឡុងវិបត្តិជំងឺរាតត្បាត ឆ្នាំ២០២០ ចំនួនអ្នកដំណើរផ្លូវអាកាស ធ្លាក់ចុះជាង ៦០% ដោយមានត្រឹមតែ ១,៨ ពាន់លាននាក់ ប៉ុណ្ណោះ។
មធ្យោបាយធ្វើដំណើរតាមយន្ដហោះ បានក្លាយទៅជាការធ្វើដំណើរពេញនិយម ដោយមានកំណើនលឿនរហ័ស ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ ជាពិសេសក្រោយវិបត្តិជំងឺរាតត្បាតកូវីដ-១៩ ហើយនៅឆ្នាំ២០៣៦ ត្រូវបានគេព្យាករណ៍ថា អ្នកដំណើរតាមផ្លូវអាកាស នឹងអាចមានចំនួនឡើងដល់ ៧,៨ ពាន់លាននាក់ ឬប្រហែល ៨៥% នៃចំនួនមនុស្សជាតិសរុប ទូទាំងសកលលោក។
ប្រភព៖ MSN