សម្រាប់ការលើកកម្ពស់ វិស័យទេសចរណ៍ទាំងមូល រាជរដ្ឋាភិបាលនឹង បន្ដខិតខំពង្រឹង និងពង្រីកទីផ្សារទេសចរណ៍ និងផ្ដល់ជូនភ្ញៀវទេសចរ នូវបទពិសោធន៍ទេសចរណ៍ប្លែកៗ តាមរយៈការបន្ដខិតខំរៀបចំ និងក៏ដូចជាការ ផ្ដល់ការគាំទ្រ ដល់ការវិនិយោគឯកជន សំដៅបង្កើននូវ ផលិតផលទេសចរណ៍ថ្មីៗ ទាក់ទាញចលនា ទេសចរណ៍ផ្ទៃក្នុង នៅតាមប៉ូលសំខាន់ៗចំនួន ៥ នៅប្រទេសកម្ពុជា។
១. រាជធានីភ្នំពេញ និងតំបន់ជុំវិញ ត្រូវបានធ្វើពិពិធកម្ម ផលិតផលទេសចរណ៍ ដោយរៀបចំឲ្យមាន តំបន់ទេសចរណ៍ថ្មើជើង ការកម្សាន្ដតាមនាវាទេសចរណ៍ និងបង្កើតកញ្ចប់ទស្សនកិច្ច ទេសចរណ៍ក្នុងស្រុក ភ្ជាប់នឹងតំបន់ជុំវិញ នៃរាជធានីភ្នំពេញ ដូចជានៅរមណីដ្ឋានតេទឹកពុះ រមណីដ្ឋានឧដុង្គ កោះដាច់ និងភូមិចម្លាក់ប្រាក់ នៅកំពង់ហ្លួងជាដើម។
២. ខេត្តសៀមរាប-អង្គរ និងតំបន់ជុំវិញ ត្រូវរៀបចំ និងជំរុញឲ្យមានការវិនិយោគ ក្នុងការអភិវឌ្ឍន៍ ផលិតផលទេសចរណ៍ថ្មីៗ និងតាមតំបន់ទេសចរណ៍ អាទិភាពទាំង ៦ «សៀមរាប៖ ក្រៅពីប្រាសាទ» ដោយផ្សាភ្ជាប់ រវាងសម្បត្តិធនធានវប្បធម៌, ប្រវត្តិសាស្ត្រ និងសម្បត្តិធនធានធម្មជាតិ អមជាមួយ សកម្មភាពទេសចរណ៍ធម្មជាតិ ទេសចរណ៍ផ្សងព្រេង និងកីឡាទេសចរណ៍ ដូចជាកីឡា ជិះកង់កម្សាន្ដ គយគន់ទេសភាព និងយូហ្កា (Yoga) ជាដើម។ ទន្ទឹមនឹងនេះ ជាមួយគម្រោងកែលម្អ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ ខ្សែក្នុងក្រុងសៀមរាប អាជ្ញាធរមានសមត្ថកិច្ច ត្រូវរៀបចំតំបន់ថ្មើរជើង ក្នុងក្រុងសៀមរាប។ នៅតំបន់បឹងទន្លេសាប ត្រូវរៀបចំកែលម្អ កំពង់ផែទេសចរណ៍ចុងឃ្នាស ដោយជំរុញការអនុវត្ត ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥។
៣. តំបន់ឆ្នេរសមុទ្រកម្ពុជា ដោយសារសមិទ្ធផល នៃការសាងសង់ផ្លូវចំនួន ៣៤ ខ្សែបានបិទបញ្ចប់រួចរាល់ ខេត្តព្រះសីហនុ មានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវ ដ៏ល្អប្រសើរ ជាមេដែកទាក់ទាញ ភ្ញៀវទេសចរផ្ទៃក្នុង មកកាន់ខេត្តព្រះសីហនុ និងជាសក្ដានុពល សម្រាប់រៀបចំជា របៀងទេសចរណ៍ភាគខាងត្បូង តភ្ជាប់ខេត្តតំបន់ឆ្នេរ ជាមួយបណ្ដាកោះ ដ៏ប្រណិតៗនានា ដូចជា កោះរ៉ុង កោះរ៉ុងសន្លឹម កោះសង្សារ និងតំបន់ទេសចរណ៍រាម តារាសាគរ ខេត្តកំពត និងខេត្តកែប ដែលរាជរដ្ឋាភិបាល កំពុងបញ្ចប់ការរៀបចំ ផែនការមេ អភិវឌ្ឍន៍ទេសចរណ៍ខេត្តកែបឆ្នាំ ២០២២-២០៣៥។
៤. តំបន់ភូមិភាគឦសាន្ដ ត្រូវបន្ដជំរុញ ចលនាទេសចរណ៍ផ្ទៃក្នុង និងសកម្មភាព ដំណើរកម្សាន្ដបែបធម្មជាតិ នៅក្នុងតំបន់នោះ ពិសេសទៅកាន់ខេត្តមណ្ឌលគិរី ដោយត្រូវជំរុញ ការអនុវត្តផែនការមេ អភិវឌ្ឍន៍ទេសចរណ៍ ខេត្តមណ្ឌលគិរីឆ្នាំ ២០២១-២០៣៥។
៥. តំបន់តាមដងទន្លេមេគង្គ និងទន្លេបាសាក់ ត្រូវរៀបចំឲ្យមាន ទេសចរណ៍ដើម្បីផ្ដល់ សេវាកម្មស្នាក់នៅ សម្រាប់ភ្ញៀវទេសចរ នៅតាមផ្ទះប្រជាជន ដែលរស់នៅតាមទីក្រុង ទីប្រជុំជន និងនៅតាមដងទន្លេ និងត្រូវសិក្សា រៀបចំឲ្យមាន កំពង់ផែទេសចរណ៍ នៅតាមដងទន្លេមេគង្គ និងទន្លេសាបបន្ថែមទៀត។