រដ្ឋបាលរាជធានីភ្នំពេញ បានបើកដំណើរការសាងសង់ អគាររដ្ឋបាលថ្មីបន្ថែម ក្នុងបរិវេណសាលារាជធានីភ្នំពេញ ដើម្បីបម្រើតម្រូវការជាក់ស្តែង ក្នុងការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។
ពិធីក្រុងពាលី តាមបែបសាសនា ត្រូវបានធ្វើឡើង នាព្រឹកថ្ងៃទី ២៤ សីហាឆ្នាំ ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជាសីណា ឃួងស្រេង។ ពិធីក្រុងពាលីនេះ ធ្វើឡើងដើម្បី សុំម្ចាស់ទឹកម្ចាស់ដី និងសេចក្តីសុខ សេចក្តីចម្រើន តាមបែបសាសនា សុំបើកការសាងសង់អគារនេះ ចាប់ពីពេលនេះតទៅ ក្នុងគម្រោងឱ្យរួចរាល់ រយៈពេលជាង ៦ខែ ដែលប្រព្រឹត្តទៅស្របតាម សេចក្តីត្រូវការ ផ្នែករដ្ឋបាលរាជធានីភ្នំពេញ និងបម្រើប្រជាពលរដ្ឋ ដែលមកសុំសេវា។
នេះគឺជាការគិតគូរ និងយកចិត្តទុកដាក់ពី ឯកឧត្តម ឃួង ស្រេង ក្នុងការរៀបចំ ឱ្យមន្រ្តីមានកន្លែងធ្វើការសមរម្យ ងាយស្រួលបម្រើសេវា ជូនប្រជាពលរដ្ឋ ជាពិសេសស្របពេល ដែលរាជធានីភ្នំពេញ កំពុងមានការអភិវឌ្ឍ លើគ្របវិស័យ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក្នុងរាជធានីភ្នំពេញ មានការកើនឡើងជាលំដាប់ ក្នុងបរិបទនៃការរីកចម្រើន និងសុខសន្តិភាព ពេញផ្ទៃប្រទេស ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា៕