ប្រាសាទបាភួន ឬបាពួន ជាសំណង់ប្រាសាទដ៏ឣស្ចារ្យ កសាងនៅសតវត្សរ៍ទី១១ ក្នុងក្រុងឣង្គរធំ


នៅពាក់កណ្ដាលសតវត្សរ៍ទី ១១ ព្រះបាទឧទយាទិត្យវរ្ម័នទី២ (១០៥០-១០៦៦) បានស្ថាបនាប្រាសាទបាភួន ឬបាពួននេះឡើង ដើម្បីឧទ្ទិសថ្វាយ ព្រះអាទិទេព ក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទនេះ ស្ថិតនៅ ទិសពាយ័ព្យនៃប្រាសាទបាយ័ន និងនៅខាងត្បូង ប្រាសាទភិមានអាកាស។ ប្រាសាទបាភួនមានឈ្មោះ ដើមហៅថា «ត្រីភូវនចូឌាមណី» ក្រោយមកនៅសល់ត្រឹម «ត្រីភូវន» ដែលមានន័យថា «អ្នកគ្រប់គ្រងលើ ភពទាំងបី»។ ឯពាក្យថា «បាភួន» មកពីពាក្យ «បា» មានន័យថា «ព្រះ» និងពាក្យថា «ភួន» ក្លាយមកពី «ភូវន» នោះឯង ហើយឈ្មោះបាភួននេះ ត្រូវបានអ្នកស្រុកអង្គរ ហៅរហូតមកដល់បច្ចុប្បន្ន។

នៅក្នុងសិលាចារឹក សម័យលង្វែក បុព្វបុរសបានប្រើពាក្យថា «ហេមាទ្រី» មានន័យថា «ភ្នំមាស» គឺចង់សំដៅទៅលើ ប្រាសាទបាភួននេះឯង។ ពាក្យទាំងនេះ​ មានខ្លឹមសារស្របគ្នា នឹងកំណត់ត្រារបស់បេសកទូតចិន លោក ជីវ តាក្វាន់ (Zhou Daguan) ដែលបានមកធ្វើ ទស្សនកិច្ចនៅរាជធានីអង្គរ (យសោធរបុរៈ) កាលពីអំលុងគ្រិស្ដសករាជ ១២៩៦ ដោយក្នុងនោះលោក ជីវ តាក្វាន់ លោកបានរៀបរាប់ថា «ព្រះបរមរាជវាំង (សំដៅលើ ប្រាសាទភិមានអាកាស) ស្ថិតនៅផ្នែកខាងជើង នៃប្រាសាទមាស និងស្ពានមាស»។

ប្រាសាទនេះមានរាង ជាប្រាសាទភ្នំ កសាងឡើងអំពីថ្មភក់ បែមុខទៅទិសខាងកើត និងមានគ្រឹះធ្វើអំពីថ្ម បាយក្រៀម។ តួប្រាសាទមានទំហំ បណ្ដោយប្រវែងលិច-កើត ១២០ម៉ែត្រ ទទឹងជើង-ត្បូង ១០០ម៉ែត្រ និងកម្ពស់ ៥០ម៉ែត្រ។ ប្រាសាទបាភួនមានខឿន ៣ ថ្នាក់ ខណៈថ្នាក់នីមួយៗ មានគោបុរៈ និងបង្អួចចំហ ព្រមទាំងមានក្បាច់ចម្លាក់ ដ៏ល្អត្រកាល។ រីឯកំពែងព័ទ្ធជុំវិញមានទំហំ ៤២៥ គុណនឹង ១២៥ ម៉ែត្រ ប៉ុន្តែបច្ចុប្បន្នរូបរាង របស់កំពែង បានបាក់បែក រលំជាច្រើនអន្លើទៅហើយ។ នៅខាងមុខតួប្រាង្គប្រាសាទមាន ស្ពានមួយប្រវែង ២០០ ម៉ែត្រ និងទទឹង ២,៥ ម៉ែត្រ ទ្រដោយសសរចំនួន ៥៤៧ ដើម ឈរជាបីជួរទន្ទឹមស្មើគ្នា។ ស្ពាននេះទៀតសោត កសាងឡើង ដើម្បីជាតំណាងឲ្យផ្លូវភ្ជាប់ ពីឋានមនុស្សទៅឋានសួគ៌។

នៅជាន់ទី២ ផ្នែកខាងលិច មានចម្លាក់ ព្រះពុទ្ធបរិនិព្វានមួយអង្គធំ កម្ពស់ ៩ ម៉ែត្រ ប្រវែង ៧០ ម៉ែត្រ ដែលផ្គុំឡើង ដោយថ្មធំៗ ដូច្នេះទើបពិបាកពិនិត្យ មើលឲ្យឃើញច្បាស់ រួមផ្សំនឹង ការបាក់បែកខូចខាតផង។ ព្រះពុទ្ធរូបបរិនិព្វាននេះ ត្រូវបានផ្គុំឡើង នៅសម័យលង្វែក នៅកំឡុងសតវត្សរ៍ទី១៦ ក្រោយការកសាង ប្រាសាទនេះទេ។ ម្យ៉ាងទៀត នៅតាមជញ្ជាំងមានក្បាច់រចនា និងរូបចម្លាក់ រឿងរាមកេរ្ដិ៍យ៉ាងល្អឆើត គួរឱ្យចង់គយគន់ ព្រមទាំងចម្លាក់ ផ្សេងៗទៀត ដូចជាចម្លាក់ល្បែងកីឡាជាដើម៕