បើតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផល នៃសម័យប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី ដែលចេញផ្សាយ នាព្រលប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា រាជរដ្ឋាភិបាលសម្រេច ផ្អាកការប្រារព្ធ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២២នេះ សម្រាប់ថ្នាក់ជាតិ។ ដោយឡែក ចំពោះការរៀបចំ ពិធីបុណ្យអុំទូក កម្សាន្តសប្បាយរបស់ប្រជាជន នៅតាមបណ្ដារាជធានី-ខេត្តនានាទូទាំងប្រទេស គឺអាចប្រព្រឹត្តទៅបាន តាមលទ្ធភាពជាក់ស្ដែង។ ដោយគិតទាំង ពិធីបុណ្យភ្ជុំបិណ្ឌនៅខែកញ្ញា និងពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅខែវិច្ឆិកា ដើម្បីបង្កភាពសប្បាយរីករាយ ជូនប្រជាពលរដ្ឋ បង្កើនបរិយាកាសទេសចរណ៍ ក៏ដូចជាផ្ដល់ឱកាស នៃការរកប្រាក់ចំណូល ដល់បងប្អូនប្រជាពលរដ្ឋផងដែរ។
នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនេះដែរ សម្ដេចតេជោ ក៏បានណែនាំដល់ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ឆ្លើយតបនឹង បញ្ហាគ្រោះទឹកជំនន់ ដែលបណ្ដាលមកពី ជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គ ដោយត្រូវត្រៀមរៀបចំ និងចាត់វិធានការណ៍ ចាំបាច់នានា ដើម្បីជួយសង្គ្រោះអាយុជីវិត ប្រជាពលរដ្ឋនៅតាម ភូមិសាស្ត្រដែលទទួលខុសត្រូវ ឱ្យបានទាន់ពេលវេលា ព្រមទាំងកាត់បន្ថយ ឱ្យបានជាអតិបរមា នូវការលំបាក និងផលប៉ះពាល់ដល់ ទ្រព្យសម្បត្តិ និងអាយុជីវិត របស់ប្រជាពលរដ្ឋ៕