អាជ្ញាធរជាតិអប្សរា បានសាងសង់ ស្ពានឈើថ្មី ដើម្បីឆ្លងចូលទៅ ទស្សនាប្រាសាទនាគព័ន្ធ ដែលស្ពានឈើនេះ មានប្រវែងសរុប ៤៥០ ម៉ែត្រ នឹងជាផលិតផលទេសចរណ៍ថ្មី សម្រាប់ការទស្សនាប្រាសាទ ផ្ដល់នូវទេសភាពស្រស់ត្រកាល នៅលើផ្ទៃទឹកបារាយណ៍ រហូតដល់ប្រាសាទនាគព័ន្ធតែម្តង។
ប្រាសាទនាគព័ន្ធ ជាប្រាសាទស្ថិតនៅលើ ដីកោះសិប្បនិម្មិតមួយ ដែលមានស្រះទឹកចំនួន ៥ ព័ទ្ធជុំវិញ ស្រះមួយនៅកណ្ដាលប្រាសាទ និងស្រះចំនួន ៤ នៅខាងក្រៅ ដែលតំណាងដល់ ទន្លេគង្គា, ទន្លេព្រហ្មបុត្រ, ទន្លេយមនា, ទន្លេឥណ្ឌុ។ ចំណែកដីកោះទំហំ ៣៥០ ម៉ែត្រការ៉េនេះ និងស្ថិតនៅកណ្ដាល បារាយណ៍ជ័យតាដាក ឬបារាណ៍ខាងជើង មានទំហំ ៣.៥០០ ម៉ែត្រ x ៩០០ ម៉ែត្រ ដែលកាលពីមុន គេត្រូវធ្វើដំណើរទៅ ទស្សនាដោយទូក ប៉ុន្តែក្រោយមក អាជ្ញាធរអភិរក្សប្រាសាទ បានសាងសង់ស្ពានឈើ សម្រាប់បង្កភាពងាយស្រួល ដល់ការចូលទស្សនា ប្រាសាទនាគព័ន្ធ និងទាក់ទាញភ្ញៀវទេសចរ កាន់តែច្រើនផងដែរ។ ពេលនេះទៀតសោត អាជ្ញាធរជាតិអប្សរា បានសាងសង់ ស្ពានឈើថ្មីមួយខ្សែ ជំនួសស្ពានឈើចាស់ ដើម្បីរក្សាសុវត្ថិភាព ងាយស្រួលធ្វើដំណើរ និងថែមទាំងផ្ដល់ សោភ័ណភាពស្អាតជាងមុន ផងដែរ សម្រាប់បម្រើ វិស័យទេសចរណ៍ អំឡុង និងក្រោយវិបត្តិជំងឺកូវីដ-១៩។
សូមបញ្ជាក់ផងដែរថា ប្រាសាទនាគព័ន្ធ ស្ថិតនៅក្នុងភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ដែលប្រាសាទនេះ ត្រូវបានកសាងឡើង នៅរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧ អំឡុងគ្រិស្តសករាជ ១១៩១ ដែលសាងសង់លើ កោះមានទំហំ ៣៥០ ម៉ែត្រការ៉េ ដែលមានស្រះសន្សំទឹកបរិសុទ្ធ ៨ ដោយរៀបចំជាសញ្ញាបូក ជានិមិត្តរូប នៃសញ្ញាមន្ទីរពេទ្យ ព្រមទាំងមានរូបចម្លាក់ ៤ ទិស តំណាងធាតុទាំង ៤ គឺ៖
១. ធាតុដី តំណាងដោយរូបចម្លាក់ក្បាលមនុស្ស នៅទិសខាងកើត
២. ធាតុភ្លើង តំណាងដោយរូបចម្លាក់ក្បាលតោ ស្ថិតនៅខាងត្បូង
៣. ធាតុខ្យល់ តំណាងដោយរូបចម្លាក់ក្បាលសេះ ស្ថិតនៅខាងលិច
៤. ធាតុទឹក តំណាងដោយរូបចម្លាក់ក្បាលដំរី ស្ថិតនៅទិសខាងជើង
ប្រាង្គកណ្ដាលប្រាសាទនាគព័ន្ធ ស្ថិតនៅកណ្ដាលស្រះ សាងសង់ឡើងជា ទម្រង់រាងកោងក្រឡូម ប្រៀបដូចជាផ្កាឈូកក្រពុំ លំអទៅដោយ ចម្លាក់តួខ្លួននាគរាជពីរ (នន្ទ និងឧបនន្ទ) បានឆ្វាយជា រង្វេលជុំវិញគ្រឹះកោះ ហើយកន្ទុយរបស់នាគព័ន្ធគ្នា នៅទិសខាងលិច ជាការសន្មតហៅប្រាសាទនេះថា «នាគព័ន្ធ» ចំណែកស្រះទឹកធំកណ្ដាល តំណាងស្រះ «អនវត្តប្តះ» ជាស្រះបរិសុទ្ធ នៅភ្នំព្រះសុមេរុ ជាចំណុចកណ្ដាលនៃពិភពលោក ហើយប្រាសាទនាគព័ន្ធ ត្រូវបានគោរពបូជា បែបព្រះពុទ្ធសាសនាមហាយាន។