អង្ករកម្ពុជាពូជ «ផ្ការំដួល» ទទួលបានជ័យលាភីលេខ១ ជាអង្ករល្អដាច់គេ ក្នុងឆ្នាំ២០២២


កម្ពុជា បានទទួលពានរង្វាន់ជ័យលាភីលេខ ១ ដែលមានអង្ករលក់ដាច់គេ (World Best Rice) ប្រចាំឆ្នាំ២០២២ គឺពូជអង្ករកម្ពុជា «ផ្ការំដួល» នៅក្នុងការប្រកួតប្រជែង វេទិកាស្រូវ-អង្ករពិភពលោក ដែលរៀបចំឡើងនៅឯ ខេត្តភូកេត ប្រទេសថៃ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ។

លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ដែលបានចូលរួមវេទិកាស្រូវ-អង្ករពិភពលោក និងបានទទួលពានរង្វាន់ តំណាងកម្ពុជា បានលើកឡើងថា នេះគឺជាឆ្នាំទី៥ ហើយដែលអង្កររបស់កម្ពុជា ទទួលបានជ័យលាភី ជាពូជអង្ករល្អជាងគេ នៅលើពិភពលោក ក្នុងនោះយើងធ្លាប់ទទួលបាន នៅឆ្នាំ២០១២ ឆ្នាំ២០១៣ ឆ្នាំ២០១៤ ឆ្នាំ២០១៨ និងចុងក្រោយឆ្នាំ២០២២ នេះតែម្ដង។

លោកឧកញ៉ា ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងអំណរគុណចំពោះ ក្រុមការងារសហព័ន្ធស្រូវអង្ករ សមាជិករោងម៉ាស៊ីនកិនស្រូវ សហគមន៍កសិកម្ម ក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម ដែលបានផ្ដល់ការគាំទ្រដល់ការផលិតអង្ករ ការនាំចេញអង្ករ និងជ្រោមជ្រែងការចូលរួមប្រកួត រហូតទទួលបានពានរង្វាន់ សម្រាប់ប្រទេសកម្ពុជា និងលើកកត្តិយសស្រូវ-អង្ករ កម្ពុជា លើកឆាកអន្តរជាតិ ដែលមានការទទួលស្គាល់ ស្ដង់ដារនិងគុណភាព។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានសម្តែងការអបអរសាទរ ចំពោះការទទួលបានជ័យលាភីលេខ១ សម្រាប់ឆ្នាំ២០២២ ជាអង្ករល្អដាច់គេ ចំពោះអង្ករកម្ពុជាពូជ «ផ្ការំដួល» នេះនិងអាចជួយពង្រឹង ការផលិតស្រូវអង្ករកម្ពុជា អោយឈានទៅមុខ បន្ថែមទៀត។ សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ន កម្ពុជា កំពុងនាំចេញស្រូវអង្ករ ទៅកាន់ប្រទេសចំនួន ៥៦ ប្រទេសនិងតំបន់ ហើយប្រទេសចិន ជាដៃគូទិញស្រូវអង្ករពីកម្ពុជា ច្រើនជាងគេបំផុត។