អគារការិយាល័យរដ្ឋបាល ច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ ទៅផ្លូវជាតិលេខ៥ បានបញ្ចប់ការសាងសង់រួចរាល់ ក្នុងគម្រោងជំហានទី១ និងត្រៀមដាក់ដំណើរការក្នុងពេលឆាប់ៗ!


បន្ទាយមានជ័យ ៖ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានអង្គភាពគ្រប់គ្រង គម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ឯកឧត្តម សុខុម ភគវន្តមុនី បានដឹកនាំក្រុមការងារ អង្គភាពគ្រប់គ្រងគម្រោង(PMU) ស្ទឹងបត់ ចូលរួមកិច្ចប្រជុំស្តីពីការប្រគល់-ទទួលអគារការិយាល័យ ច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ដែលបានបញ្ចប់ការសាងសង់រួចរាល់ ក្នុងគម្រោងជំហានទី១ ជូនទៅក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីបំពេញភារកិច្ច និងដាក់ដំណើរការប្រើប្រាស់។

គួរឲ្យដឹងដែរថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី តំណាងអាជ្ញាធរខេត្ត នគរបាលច្រកព្រំដែន នគរបាលអន្តោប្រវេសន៍ មន្ត្រីគយនិងរដ្ឋាករ និងមន្ត្រីអាជ្ញាធរពាក់ព័ន្ធជាច្រើនរូប។

នាឱកាសនោះដែរ ក្រុមការងារគម្រោងបានធ្វើបទបង្ហាញ ស្តីពី ទីតាំង តួនាទី និងការប្រើប្រាស់អគារនីមួយៗ ក្នុងគម្រោងជំហានទី១ ជូនស្ថាប័នពាក់ព័ន្ធទាំងអស់ ឱ្យបានដឹងច្បាស់ពី កន្លែងដែលខ្លួនត្រូវបំពេញការងារទៅតាម សមត្ថកិច្ចរៀងៗខ្លួន។

គូសសម្គាល់ផងថា គម្រោងខាងលើនេះ ស្ថិតក្នងគម្រោងច្រកព្រំដែនអន្តរជាតិ ស្ទឹងបត់-បានណងអៀន ជាចក្ខុវិស័យវែងឆ្ងាយ ដើម្បីផ្ដល់ប្រយោជន៍ដ៏ធំធេង ដល់សេដ្ឋកិច្ចជាតិ តាមរយៈការធ្វើ ពាណិជ្ជកម្មឆ្លងកាត់ព្រំដែន និងការបង្កើតការងារជូនប្រជាពលរដ្ឋ ក៏ដូចជាការសម្រេច អោយបានចក្ខុវិស័យ របស់អាស៊ាន ក្នុងការតភ្ជាប់ប្រទេស ក្នុងតំបន់អាស៊ាន (ASEAN Connectivity)។

បន្ថែមពីនេះ ដើម្បីសម្រេចនិងសម្រួលបន្ថែមនូវការធ្វើដំណើរ ឆ្លងកាត់ព្រំដែននៃប្រទេសទាំងពីរ ស្ពានមិត្តភាពស្ទឹងបត់-បានណងអៀន ត្រូវបានបង្កើតឡើង។ វាមានប្រវែងជាង ៦២០ ម៉ែត្រ (ផ្នែកខាងកម្ពុជាប្រវែង ២១៥ ម៉ែត្រ ផ្នែកខាងថៃ ៤០៥ ម៉ែត្រ) ទទឹង ១៧ ម៉ែត្រ តម្លៃប្រមាណ ១៩ លានដុល្លារ និងបញ្ចប់កាលពីខែមករា ឆ្នាំ២០១៩ កន្លងទៅ។

 

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន