កម្ពុជា ត្រៀមខ្លួនរួចរាល់សម្រាប់ បំពេញលក្ខខណ្ឌចាកចេញពី ប្រទេសអភិវឌ្ឍតិចតួច នៅត្រឹមឆ្នាំ២០២៩ ដោយអភិវឌ្ឍន៍ទៅជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ ឬប្រទេសអភិវឌ្ឍន៍បង្គួរនៅត្រឹមឆ្ នាំ២០៣០ ដើម្បីពង្រឹងឯករាជ្យភាព និងភាពជាចម្ចាស់ការលើខ្លួនឯង យោងតាមប្រសាសន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរខួបលើកទី២០ ឆ្នាំ នៃការចូលជាសមាជិក នៅអង្គការពាណិជ្ជកម្មពិភពលោក។
រយៈពេល ២០ ឆ្នាំក្រោយចូលជាសមាជិក នៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) កម្ពុជា បានធ្វើសមាហរណកម្មពាណិជ្ជកម្ម ជាមួយបណ្ដាប្រទេស ក្នុងតំបន់ និងពិភពលោក ដោយរក្សាបាននូវ លំនឹងសេដ្ឋកិច្ចក្នុងអត្រា ៧,១% ក្នុងរយៈពេល ២ ទសវត្សរ៍ និងពង្រីកផលិតផល ក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ (GDP per capita) ពី ៤១០ ដុល្លារ មកដល់ ១ ៨៧៥ ដុល្លារ នៅឆ្នាំ២០២៣ ជាពិសេសការពង្រីក ទំហំនៃការនាំចេញទំនិញពីកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ដែលធ្លាប់មានត្រឹម ៤ ពាន់លានដុល្លារ បានកើនឡើងដល់ ៤៨ ពាន់លានដុល្លារ ត្រឹមឆ្នាំ២០២៣។
ក្រោយទទួលបានសន្ដិភាព ឯកភាពជាតិពេញលេញ បានជម្រុញអោយនាវាអភិវឌ្ឍកម្ពុជា បោះជំហានចាកចេញពីប្រទេសក្រីក្រ (Low income country) ក្លាយជាប្រទេសចំណូលមធ្យមកម្រិតទាប (low middle-income) និងកំពុងឆ្ពោះទៅជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ (upper middle-income) នៅត្រឹមឆ្នាំ២០៣០ ទៅតាមផែនការគ្រោងទុក។ សម្តេចធិបតី បានបញ្ជាក់ថា ផែនការក្លាយខ្លួនជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ ត្រឹមឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០ មិនមែនផ្ដោតសំខាន់លើតែចំណូលដុលរបស់ប្រទេសទាំងមូលប៉ុណ្ណោះទេ ប៉ុន្តែត្រូវគិតគូរសំខាន់ទៅលើចំណូល ជីវភាពរបស់ប្រជាពលរដ្ឋជាសំខាន់។
សូមបញ្ជាក់ថា ការចាកចេញពី ប្រទេសអភិវឌ្ឍតិចតួច ទៅជាប្រទេសមាន ចំណូលមធ្យមកម្រិតខ្ពស់ នឹងធ្វើអោយកម្ពុជា បាត់បង់នូវការអនុគ្រោះ មួយចំនួន ដូចជា ការបាត់បង់ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម, ប្រព្រឹត្តកម្មពិសេសនិងដោយឡែក ដែលមានចែងក្នុងកិច្ចព្រមព្រៀង WTO ក៏ដូចជាផលវិបាកមួយចំនួនទៀត។ យ៉ាងណាមិញ កម្ពុជា បានត្រៀមខ្លួនរួចរាល់ ហើយដើម្បីចាកចេញពី ប្រទេសអភិវឌ្ឍតិចតួចនៅត្រឹមឆ្នាំ២០២៩ ដោយបំពេញលក្ខខណ្ឌតម្រូវ របស់គណៈកម្មាធិការអភិវឌ្ឍគោលនយោបាយ នៃអង្គការសហប្រជាជាតិ តាមរយៈការវាយតម្លៃ រយៈពេល ៣ ឆ្នាំម្ដង ដោយជំរុញអោយកម្ពុជា មានលទ្ធភាពពង្រឹងឯករាជ្យភាព និងភាពម្ចាស់ការលើខ្លួនឯង។
ទន្ទឹមជាមួយគ្នានេះ កម្ពុជា បានស្វែងរកឱកាសពង្រីក ពាណិជ្ជកម្មបន្ថែមជាមួយបណ្ដាប្រទេសជាដៃគូរ តាមរយៈការចូលជាសមាជិក នៃកិច្ចព្រមព្រៀងពហុភាគី អាស៊ាន, អាស៊ានបូកមួយ, និង RCEP កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ដូចជា កិច្ចព្រមព្រៀពាណិជ្ជកម្មសេរី កម្ពុជា-ចិន, កម្ពុជា-កូរ៉េ, កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម និងកំពុងសិក្សាលទ្ធភាព ចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយប្រទេសដៃគូរផ្សេងៗ ជាច្រើនទៀត សម្រាប់បើកចំហរទីផ្សារនាំចេញ របស់កម្ពុជា និងការធ្វើពាណិជ្ជកម្មស្មើមុខមាត់ ជាមួយបណ្ដាប្រទេសលើពិភពលោក។
យោងតាមការវាយតម្លៃរបស់ធនាគារ ពិភពលោក បានបញ្ជាក់ថា ដើម្បីក្លាយខ្លួនទៅជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ ប្រទេសនោះត្រូវមាន ចំណូលដុលរបស់ប្រទេស (Gross National Income) ចាប់ពី ៤ ៤៦៦ ដុល្លារឡើងទៅ (គិតត្រឹមឆ្នាំ២០២៣) សម្រាប់មនុស្សម្នាក់។
ប្រភព៖ ទំព័រហ្វេសបុុកផ្លូវការ សម្តេចធិបតី នាយករដ្ឋមន្ត្រី + ធនាគារពិភពលោក