រោងចក្រផលិតអគ្គិសនី ដើរដោយឧស្ម័នធម្មជាតិ ដ៏ធំបំផុតនៅកម្ពុជា មានអានុភាព ៩០០ មេហ្គាវ៉ាត់ មានទីតាំងនៅក្នុងខេត្តកោះកុង ចាប់ផ្តើមបើកការដ្ឋានសាងសង់ហើយ!


កោះកុង៖ កាលពីរសៀលថ្ងៃទី ១៥ តុលាកន្លងទៅថ្មីៗនេះ អ្នកឧកញ៉ា គិត ម៉េង ប្រធាន និងអគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និង លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង អញ្ជើញរៀបចំពិធីក្រុងពាលីត្រៀមបើក ការដ្ឋានសាងសង់រោងចក្រ ផលិតថាមពលអគ្គិសនី ដើរដោយឧស្ម័នធម្មជាតិ ដែលមានទីតាំងស្ថិតនៅក្នុងភូមិថ្ម និងភូមិចម្លងគោ ឃុំថ្មស ស្រុកបុទមសាគរ ខេត្តកោះកុង។

ពិធីរៀបចំក្រុងពាលីនេះដែរ ក៏មានការចូលរួមពី លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងភាគីដែលពាក់ព័ន្ធ មួយចំនួនទៀតផងដែរ។

គូសសម្គាល់ឲ្យដឹងផងថាគម្រោង រោងចក្រអគ្គិសនី ប្រើប្រាស់ឧស្ម័នធម្មជាតិ ដែលវិនិយោគដោយក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នេះ មានអានុភាពដល់ ៩០០ មេហ្គាវ៉ាត់ ដោយវានឹងក្លាយជា រោងចក្រផលិតថាមពល អគ្គិសនីធំបំផុតនៅកម្ពុជា នៅពេលដែលសាងសង់រួចរាល់។

បន្ថែមពីនេះដែរ គម្រោងបានចាប់ផ្តើមបើក ការដ្ឋានសាងសង់ ជាផ្លូវការនាព្រឹកថ្ងៃទី ១៦តុលានេះ ក្រោមអធិបតីភាព ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដោយគ្រោងនឹងដាក់ឱ្យ ដំណើរការដំណាក់កាលដំបូងនៅឆ្នាំ ២០២៧ ខាងមុខ ដើម្បីបំពេញសេចក្តីត្រូវការ របស់អ្នកប្រើប្រាស់ និងធានាសន្តិសុខ និងសុវត្ថិភាពថាមពលនៅកម្ពុជា។

 

ប្រភព៖ Royal Group & ក្រសួងរ៉ែ និងថាមពល