សៀមរាប៖ យោងតាមព័ត៌មាន ដែលទទួលបានតាមរយៈអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី ១១វិច្ឆិកា កន្លងទៅនេះបានឲ្យដឹងថា អស់រយៈពេលជាង ៥ខែមកហើយ ដែលក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បាននឹងកំពុងពង្រឹងតួប៉ម A នៃប្រាសាទគោកពោធិ៍ ដោយបានចាប់ផ្តើម តាំងពីខែមិថុនា ឆ្នាំ២០២៤មក រហូតមកដល់បច្ចុប្បន្ន សម្រេចលទ្ធផល ជិតរួចរាល់ហើយ។
ជាក់ស្តែង ក្នុងនោះដែរ នាយកដ្ឋានអភិរក្សប្រាសាទ នៃអាជ្ញាធរជាតិអប្សរា និងជាអ្នកទទួលខុសត្រូវ នៅការដ្ឋានជួសជុល ប្រាសាទគោកពោធិ៍ លោក ហួរ សុធន បុរាណវិទូ បានឱ្យដឹងថា បន្ទាប់ពីអ្នកជំនាញបានជួសជុល ពង្រឹងជញ្ជាំង ផ្នែកខាងត្បូង និងខាងលិច សម្រេចបាន ៩៥% ហើយ បានធ្វើឱ្យរចនាសម្ពន្ធនៃតួប៉មA ដែលធ្លាប់តែព្រួយបារម្ភ ពីហានិភ័យនៃកាដួលរលំ បានប្រែមកជារឹងមាំឡើងវិញ។
ក្នុងនោះ ចំពោះផ្នែកខឿនខាងក្រោម ក៏បានបន្ថែមឥដ្ឋខ្លះៗ ដើម្បីពង្រឹងឡើងវិញ ទៅតាមផ្នែកនីមួយៗ។ ចំណែកការងារដែល នៅសេសសល់ គឺរៀបចំផ្គុំផ្នែកដំបូលឡើងវិញ និងសម្អាតរុក្ខជាតិ ដែលដុះចាក់ឬស្សីជ្រៅៗនៅតាមដំបូល ខណៈក្រុមការងារ កំពុងពន្លឿនកិច្ចទាំងនេះ ដោយរំពឹងថា នឹងបញ្ចប់នាចុងខែវិច្ឆិកាខាងមុខនេះ។
អ្នកជំនាញរូបនេះ បានបញ្ជាក់ថា ក្រុមប្រាសាទគោកពោធិ៍ មានតួប៉មចំនួន៤ ត្រូវបានកំណត់ជាតួប៉មA B C និងD តែមិនស្ថិតនៅក្នុង ខ្សែបន្ទាត់តែមួយឡើយ ព្រោះសាងសង់ ក្នុងសម័យកាលខុសគ្នា និងក្នុងរាជ្យនៃព្រះមហាក្សត្រផ្សេងៗគ្នា។ ដោយសារកត្តាអាយុកាល ធម្មជាតិ និងកង្វះការថែទាំយូរអង្វែង ជាពិសេសដើមឈើដុះចាក់ឬសយ៉ាងជ្រៅ ធ្វើឱ្យរចនាសម្ពន្ធប្រាសាទ រងការបំផ្លាញ ហើយតួប្រាង្គចំនួន២ តួប្រាង្គC និងD បានរលំដួលទាំងស្រុង នៅតែប្រាង្គA សេសសល់ជញ្ជាំងជុំវិញ និងB នៅសល់តែខឿន និងជញ្ជាំងផ្នែកខាងត្បូង។
លោក បានបន្ថែមថា ការជួសជុលពង្រឹងឡើងវិញ នូវរចនាសម្ពន្ធនៃ ប្រាសាទគោកពោធិ៍ មិនត្រឹមតែរក្សាឱ្យបាននូវតម្លៃនៃ បេតិកភណ្ឌវប្បធម៌ប៉ុណ្ណោះទេ ថែមទាំងជាទីកន្លែងសក្ការៈបូជា សម្រាប់ពលរដ្ឋរស់នៅជុំវិញនោះ និងជាទីកន្លែង ដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិ តែចូលមកទស្សនា មិនចេះដាច់ ដោយសារជាទីកន្លែង ឆ្លងកាត់ទៅកាន់ប្រាសាទដទៃទៀត។
គួររម្លឹកដែរថា ប្រាសាទគោកពោធិ៍ ជាក្រុមប្រាសាទមួយ មានទីតាំងស្ថិតនៅ ខាងជើងបារាយណ៍ទឹកថ្លា ប្រមាណជា ២គ.ម ស្ថិតក្នុងភូមិគោកពោធិ៍ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។ ក្រុមប្រាសាទនេះកសាងឡើង នៅចុងសតវត្សរ៍ទី៨ និងទី៩។
ប្រភព៖ អាជ្ញាធរជាតិអប្សរា