ការធ្វើដំណើរតាមរថភ្លើង ជាដំណើរកម្សាន្ដដ៏ល្អបំផុត សម្រាប់អ្នកចំណាយពេលវេលា ទស្សនាធម្មជាតិ ដោយសាររថភ្លើងមានល្បឿនថេរ ទៀងពេលវេលាល្អ ហើយផ្លូវដែកត្រូវបានសាងសង់ ចៀសពីតំបន់ប្រជុំជន ឆ្លងកាត់ទេសភាពដ៏ស្រស់ស្អាតនៅតាមផ្លូវ។ ខាងក្រោមនេះ គឺជាខ្សែរថភ្លើងចំនួន ៥ នៅអាស៊ី ដែលផ្ដល់នូវបទពិសោធន៍ ធ្វើដំណើរ មានទេសភាពស្រស់ស្អាតបំផុត។
១. ផ្លូវរថភ្លើង ហាណូយ-ហូជីមិញ ប្រទេសវៀតណាម
ជាខ្សែរថភ្លើងវែងបំផុតមួយ នៅអាស៊ីអាគ្នេយ៍ មានប្រវែង ១ ៧០០ គីឡូម៉ែត្រ ចាប់ពីភាគខាងជើង រហូតមកដល់ខាងត្បូង ប្រទេសវៀតណាម លោកអ្នកនឹងធ្វើដំណើរ ឆ្លងកាត់ទីក្រុងធំៗទាំងពីរនៅវៀតណាម និងឆ្លងកាត់តំបន់ព្រៃភ្នំ តំបន់ខ្ពង់រាប តំបន់ឆ្នេរ និងទេសភាពស្អាតៗ ជាច្រើនកន្លែងនៅតាមដងផ្លូវ។
២. ផ្លូវរថភ្លើង Kandy-Ella ប្រទេសស្រីលង្កា
រថភ្លើង Kandy-Ella បានតភ្ជាប់ទីក្រុងវប្បធម៌ទាំង ២ នៅប្រទេសស្រីលង្កា ដែលត្រូវបានចុះបញ្ជី ក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក ដោយអង្គការ UNESCO។ រថភ្លើងមួយខ្សែនេះ នឹងផ្ដល់បទពិសោធន៍ ធ្វើដំណើរដ៏ស្រស់ស្អាតបំផុតមួយនៅអាស៊ី ដោយលោកអ្នកនឹងឆ្លងកាត់ ជ្រលងភ្នំ ទឹកជ្រោះ ចំការតែ និងទទួលបានខ្យល់ធម្មជាតិត្រជាក់ តាមព្រៃភ្នំឆ្លងកាត់ ក្នុងការធ្វើដំណើរប្រហែល ៧ ម៉ោង។
៣. រថភ្លើង Kathgodam-Nainital ប្រទេសឥណ្ឌា
រថភ្លើងរវាងក្រុង Kathgodam និងក្រុង Nainital មានចម្ងាយធ្វើដំណើរ ប្រហែល ១ ម៉ោងកន្លះ ជាផ្លូវដែកនៅ ជើងជួរភ្នំហិម៉ាល័យ ស្ថិតនៅនេវ៉ូខ្ពស់ និងផ្ដល់បទពិសោធន៍ធ្វើដំណើរ យ៉ាងស្រស់ស្អាត ដល់ភ្ញៀវទេសចរ ជាមួយអាកាសធាតុត្រជាក់ អមដោយទស្សនា ជួរភ្នំហិម៉ាឡៃ ជ្រកភ្នំបៃតង និងស្ថានីយ៍នៅលើភ្នំ ល្អបំផុតសម្រាប់អ្នកធ្វើដំណើរ រថភ្លើងទស្សនាទេសភាព។
៤. រថភ្លើង Gemas-Tumpat ប្រទេសម៉ាឡេស៊ី
រថភ្លើងរវាងក្រុង Gemas ទៅកាន់ក្រុង Tumpat ត្រូវបានគេចាត់ទុក ជារថភ្លើងឆ្លងកាត់តាមព្រៃ ដូចជាដំណើរផ្សងព្រេងក្នុងរឿង ឬវីដេអូហ្គេម ដូច្នោះដែរ។ មានចម្ងាយ ៥៦០ គីឡូម៉ែត្រ ប៉ុន្តែអ្នកដំណើរត្រូវ ជិះរថភ្លើងរយៈពេលជិត ១២ ម៉ោង ដោយសារតែផ្លូវដែក មួយខ្សែនេះ ឆ្លងកាត់តាមជ្រលងភ្នំ ព្រៃឈើត្រូពិក និងទេសភាពតំបន់ភ្នំយ៉ាងស្រស់ស្អាត។
៥. រថភ្លើង ភ្នំពេញ-កំពត ប្រទេសកម្ពុជា
រថភ្លើង ភ្នំពេញ-កំពត មានភាពល្បីល្បាញ ដោយសារតែជាផ្លូវដែក តំបន់ទំនាបកណ្ដាល ផ្លាស់ប្ដូរបទពិសោធន៍ ពីទីក្រុងទៅកាន់តំបន់ឆ្នេរសមុទ្រ ផ្ដល់នូវទេសភាពដ៏យ៉ាងស្រស់ស្អាត ជាមួយវាលស្រែល្វឹងល្វើយ ទេសភាពបែបជនបទ ភូមិប្រជាជន និងតំបន់ភ្នំកំបោរ ជាច្រើនកន្លែងតាមដងផ្លូវ។
ប្រភព៖ ND TV