កម្ពុជា បាននាំចេញអង្ករបាន ៣៣៥ លានដុល្លារក្នុងរយៈពេល ៩ ខែនេះ


ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៤ កម្ពុជា បានសម្រេចការនាំចេញអង្ករ បានចំនួនជាង ៤៤៥ ពាន់តោន ដែលគិតជាទឹកប្រាក់ មានចំនួន ៣៣៥,៤ លានដុល្លារ យោងតាមរបាយការណ៍ ពីសហព័ន្ធស្រូវអង្ករកម្ពុជា។ ក្នុងនោះ សហគមន៍អឺរ៉ុបចំនួន ២៦ ប្រទេសជាទីផ្សារនាំចេញ អង្ករធំបំផុតរបស់កម្ពុជា ខណៈប្រទេសចិន ជាប្រទេសទីផ្សារនាំចេញ ស្រូវអង្ករធំជាងគេរបស់កម្ពុជា។

សហព័ន្ធស្រូវអង្ករកម្ពុជា បង្ហាញថា កម្ពុជាមានក្រុមហ៊ុនចំនួន ៥៤ សម្រាប់ប្រតិបត្តិការនាំចេញអង្ករ ទៅកាន់ទីផ្សារបរទេស សរុបចំនួន ៦៥ គោលដៅ ក្នុងនោះរួមមាន ប្រទេសចិន, ប្រទេសសមាជិកអាស៊ានចំនួន ៧ ប្រទេស, ប្រទេសនៅអឺរ៉ុបចំនួន ២៦ ប្រទេស, តំបន់អាហ្វ្រិក មជ្ឈឹមបូព៌ា -ល-។ ការនាំចេញទៅកាន់ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័តចិន រយៈពេល ៩ ខែកន្លងមក សម្រេចបាន ៨១ ៤២៣ តោន គិតជាទឹកប្រាក់សរុប ៥២,៦ លានដុល្លារ, ចំណែកទីផ្សារអាស៊ានមានចំនួន ៧ ប្រទេស នាំចេញបាន ៨៦ ០៤៣ តោន គិតជាទឹកប្រាក់ ៥២,២ លានដុល្លារ។

ចំពោះការនាំចេញទៅអឺរ៉ុប ចំនួន ២៦ ប្រទេស កម្ពុជាសម្រេចបាន ២២៨ ៧៣១ តោន គិតជាទឹកប្រាក់ ១៨៦ លានដុល្លារ និងការនាំចេញអាហ្វ្រិក តំបន់មជ្ឈឹមបូព៌ា មានចំនួន ៤៩ ៧១៦ តោន គិតជាទឹកប្រាក់ ៤៣,៨ លានដុល្លារ។

ប្រភេទអង្ករ ដែលកម្ពុជាបាននាំចេញ ទៅបរទេស មានដូចជា ៖ អង្ករក្រអូបគ្រប់ប្រភេទ មានចំនួន ៧២% អង្ករគ្រាប់វែង មានចំនួន ២២,៥% អង្ករចំហ៊ុយ ៣,៣% អង្ករសរីរាង្គ ១,៨% និងអង្ករប្រភេទផ្សេងទៀតជាច្រើន។ ក្នុងចំណោមអង្ករទាំងអស់ ប្រភេទអង្ករម្លិះសរីរាង្គ មានតម្លៃខ្ពស់ជាងគេ ដោយគិតត្រឹមកំពង់ផែមានតម្លៃ ១ ៣៧៥ ដុល្លារ ក្នុងមួយតោន។

 

ប្រភព៖ សហព័ន្ធស្រូវអង្ករកម្ពុជា