កម្ពុជា ពន្លឿនការអភិវឌ្ឍន៍ផ្លូវដែក ឲ្យទៅជាផ្លូវដែកល្បឿនលឿន និងសាងសង់ផ្លូវដែកខ្សែថ្មីបន្ថែម


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញអោយក្រុមហ៊ុន Royal Railway Cambodia ជាមួយនឹងក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ចប់ការចរចា និងឈានទៅដល់ការចុះអនុស្សរណៈ នៃការយោគយល់គ្នា (MOU) នៅត្រឹមដំណាច់ឆ្នាំ២០២៤ ដើម្បីធ្វើទំនើបលើ ស្ថានភាពផ្លូវដែកនៅកម្ពុជា ក្លាយទៅជាផ្លូវដែក រថភ្លើងល្បឿនលឿន និងអភិវឌ្ឍន៍ខ្សែផ្លូវដែកថ្មីៗផងដែរ។

យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហាញថា បច្ចុប្បន្នយើងមាន ផែនការអភិវឌ្ឍផ្លូវដែកចំនួន ២ ដំណាក់កាល ដែលរួមមាន ការអភិវឌ្ឍរយៈពេលមធ្យម និងការអភិវឌ្ឍរយៈពេលវែង ក្នុងនោះការងារអនុវត្តមានដូចខាងក្រោម៖

• ក្នុងរយៈពេលមធ្យម ពីឆ្នាំ២០២៣ ទៅឆ្នាំ២០២៧ កម្ពុជាមានគម្រោងអភិវឌ្ឍន៍ ផ្លូវដែកមួយចំនួន ៣ គម្រោងរួមមាន៖ ប្រែក្លាយផ្លូវដែក ពីរខ្សែបច្ចុប្បន្ន (ភ្នំពេញ-ព្រះសីហនុ, ភ្នំពេញ-ប៉ោយប៉ែត) ឱ្យក្លាយទៅជាផ្លូវដែកអាចបើកបរក្នុងល្បឿនលឿនជាងពេលបច្ចុប្បន្ន ហើយគម្រោងទី២ និងទី៣ គឺការកសាងផ្លូវរថភ្លើង ភ្ជាប់រាជធានីភ្នំពេញ ទៅព្រលានយន្ដហោះអន្តរជាតិតេជោ និងតភ្ជាប់ព្រលានយន្ដហោះ អន្តរជាតិខេត្តសៀមរាប ទៅកាន់ក្រុងសៀមរាប។

• សម្រាប់រយៈពេលវែង ពីឆ្នាំ២០២៨ ទៅឆ្នាំ២០៣៣ វិញកម្ពុជា មានគម្រោងអភិវឌ្ឍន៍ផ្លូវដែកចំនួន ៥ គម្រោងរួមមាន៖ ការសាងសង់ផ្លូវដែកល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងភ្នំពេញ-ប៉ោយប៉ែត, សាងសង់ផ្លូវដែកល្បឿនលឿនភ្នំពេញ ទៅបាវិត ព្រំដែនវៀតណាម, ភ្នំពេញទៅប៉ោយប៉ែត កាត់តាមកំពង់ធំ និងសៀមរាប។ 

ក្រសួងសាធារណការ និងដឹកជញ្ជូន បង្ហាញថា បច្ចុប្បន្ន ស្ថានភាពផ្លូវដែកកំពុងប្រើប្រាស់ មានសមត្ថភាពដឹកជញ្ជូនទំនិញ តាមរថភ្លើងបានតែក្នុងរង្វង់ ៦ ឬ ៧% នៃទំនិញទាំងអស់ ដែលដឹកទៅកំពង់ផែ ប៉ុណ្ណោះ និងត្រូវការធ្វើទំនើបកម្ម និងសាងសង់ខ្សែថ្មីបន្ថែម ដើម្បីអោយការដឹកជញ្ជូនទំនិញ មានប្រសិទ្ធភាពខ្ពស់។ ម្យ៉ាងទៀត ថ្មីៗនេះរដ្ឋាភិបាលចិន បានអនុម័តផ្ដល់ ជំនួយឥតសំណងចំនួន ៣០០ លានយ័ន ដល់កម្ពុជាសម្រាប់អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ដូចនេះយើងមានលទ្ធភាពគ្រប់គ្រាន់ សម្រាប់សិក្សាលទ្ធភាពជួសជុល និងអភិវឌ្ឍផ្លូវដែកនេះឡើងវិញ។

សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ កម្ពុជាមានផ្លូវដែកចំនួន ២ ខ្សែកំពុងប្រើប្រាស់ដូចខាងក្រោម៖

១. ផ្លូវដែកភ្នំពេញ-ប៉ោយប៉ែត មានប្រវែងសរុប ៣៨៦ គីឡូម៉ែត្រ បានសាងសង់ដំបូងនៅឆ្នាំ១៩២៩ បច្ចុប្បន្នផ្លូវដែកនេះមានសភាពចាស់ មិនអាចបើកបរក្នុងល្បឿនលឿនបានទេ ដែលបម្រើការដឹកជញ្ជូនទំនិញ និងអ្នកដំណើរ។ ផ្លូវដែកខ្សែនេះ មានផែនការអភិវឌ្ឍ ទៅជាផ្លូវដែកល្បឿនលឿន អាចបើកបរបានល្បឿន ៨០ គីឡូម៉ែត្រ/ម៉ោង។

២. ផ្លូវដែកភ្នំពេញ-ព្រះសីហនុ មានប្រវែងសរុប ២៦៦ គីឡូម៉ែត្រ បានសាងសង់ដំបូង នៅឆ្នាំ១៩៦៩ បច្ចុប្បន្នផ្លូវដែកនេះ បានជួលជុលនិងប្រើប្រាស់ សម្រាប់ដឹកជញ្ជូនទំនិញ ក្នុងល្បឿន ៥០ គីឡូម៉ែត្រ/ម៉ោង និងដឹកជញ្ជូនអ្នកដំណើរក្នុងល្បឿន ៨០ គីឡូម៉ែត្រ/ម៉ោង។ 

 

ប្រភព៖ ក្រសួងសាធារណការនិងដឹកជញ្ជូន