ពេលវេលាគឺជាមាសប្រាក់!! បើនិយាយពីមហាសេដ្ឋីថ្នាក់ធំៗ នៅក្នុងពិភពលោកដូចជាលោក Bill Gate, ឬ Tim Cook, ឬ Elon Musk អ្នកប្រាកដជានឹកឃើញ ទៅលើចំនួនលុយ ដែលពួកគាត់មាន និងតំកល់ក្នុងធនាគារហើយមែនទេ? ចង់ដឹងថាគាត់មានលុយសរុបប៉ុន្មាន?? ប៉ុន្តែ អ្នកដែលគិតទេ ថាមហាសេដ្ឋីទាំងនោះ រៀបចំពេលវេលារបស់ ពួកគាត់យ៉ាងណាខ្លះ ដែលអាចរកស៊ី និងអភិវឌ្ឍខ្លួនគាត់បានដល់ថ្នាក់នេះ? ចុះសម្រាប់ខ្លួនអ្នកវិញ តើអ្នករៀបចំពេលវេលា ឬចំណាយពេលប្រចាំថ្ងៃរបស់អ្នកធ្វើអ្វីខ្លះ? អ្នកគិតថាវាត្រឹមត្រូវទេ សម្រាប់ពេលវេលាទាំងនោះ។
អត្ថបទនេះ នឹងបង្ហាញអ្នកទាំងអស់គ្នា នូវគន្លឹះមួយចំនួន ដែលអាចជួយអ្នកឲ្យចំណាយពេលវេលា ដ៏មានតម្លៃរបស់អ្នកបានត្រឹមត្រូវ ផ្តល់ប្រយោជន៍ ក៏ដូចជាអភិវឌ្ឍខ្លួនអ្នក ឲ្យបានកាន់តែប្រសើរបន្ថែមទៀត ក្នុងការក្លាយខ្លួនជាម្ចាស់ជំនួញ ឬសេដ្ឋីក្នុងងពេលខាងមុខ។
១/ ចាប់ផ្តើមធ្វើការវិនិយោគនៅក្នុងថ្ងៃនេះ
ដើម្បីក្លាយខ្លួនជាម្ចាស់ជំនួញណាមួយ ឬសេដ្ឋី វាមិនកើតឡើងដោយឯងៗនោះទេ វាត្រូវការការចូលរួម ទម្លាក់ទុន ប្រថុយប្រថាន និងពេលវេលា ក្នុងការគិតគូរ ហើយសម្រេចការងារ ដែលបានគិតទុកនោះ ឲ្យដំណើរការបានល្អ។ នៅពេលដែលអ្នកចាប់ផ្តើមវិនិយោគ ទៅលើការបង្កើតអាជីវកម្ម អ្វីមួយដែលអ្នកចង់ធ្វើ និងស្រឡាញ់បំផុតបានលឿន នោះក៏ជាពេលដែល អ្នករកចំណូលបានច្រើន ព្រមទាំងក្លាយជាសេដ្ឋីក្នុងពេលឆាប់ៗ។ ប្រការដែលសំខាន់នោះមុននឹងធ្វើការវិនិយោគនោះ អ្នកត្រូវរៀបគម្រោងគិតឲ្យបានច្បាស់ ពីគម្រោងអាជីវកម្មរបស់អ្នក ហ៊ានប្រថុយប្រថាន គិតពីដំណើរការ និងរៀបចំតារាងគ្រប់គ្រង ពេលវេលារបស់អ្នក ក្នុងការ Run ទៅលើគម្រោងដែលអ្នកវិនិយោគនោះឲ្យបានល្អ។ ពេលវេលាមិនចាំអ្នកឡើយ! អ្នកមិនអាចទាញពេលវេលា នៃឱកាសរបស់អ្នកដែលបាត់បង់ មកវិញបានឡើយ។
២/ ចាប់ផ្តើមវិនិយោគលើខ្លួនឯង
វិនិយោគលើខ្លួនឯងបានន័យថា គឺជាការចំណាយពេលគិត ពីចំណុចខ្សោយ និងចំណុចខ្វះខាត ដែលខ្លួនឯងមាន។ បន្ទាប់ពីបានរកឃើញហើយ អ្នកត្រូវប្រើពេលនោះ កែចំណុចខ្វះខាត លុបបំបាត់ភាពខ្សោច និងអភិវឌ្ឍខ្លួនឯង។ បើសិនជាអ្នកត្រូវរៀនបន្ថែម រកពេលរៀនទៀតក្នុងការបំបាត់ចំណុចខ្សោយនោះ រួចពង្រឹងចំណុចខ្លាំងដែលជាជំនាញរបស់អ្នកឲ្យកាន់តែខ្លាំង។ ឬអ្នកអាចទៅចុះឈ្មោះ ចំណាយពេលរៀនវគ្គជំនាញ ក្នុងការគ្រប់គ្រងនិងបែងចែកពេលវេលា ព្រមទាំងធ្វើយ៉ាងណាឲ្យការគិត និងការងាររបស់អ្នក កាន់តែរលូន ហើយកាន់តែឆ្លាតជាងមុន។
៣/ គិតឲ្យដូចសហគ្រិន
អ្នកពុំចាំបាច់រៀបចំ និងកែច្នៃខ្លួនឲ្យក្លាយជា សហគ្រិនជោគជ័យមួយរូបភ្លាមៗនោះទេ។ ប៉ុន្តែអ្នកចាំបាច់ត្រូវ បង្កើតឆន្ទះជាអ្នកដឹកនាំ នៃដំណើរការរបស់សង្វាក់ផលិតកម្ម ដែលអ្នកបានបង្កើត។ ក្នុងចំណុចនេះ មានមនុស្សជាច្រើនដែលបានជួបរឿងបរាជ័យ ប៉ុន្តែសូមកុំបាក់ទឹកចិត្ត អ្នកត្រូវគ្រប់គ្រង និងចំណាយពេលវេលារបស់អ្នកធ្វើវា និងបណ្តុះឆន្ទះមួយនេះទាល់តែបាន។ វាពាក់ព័ន្ធ នឹងតារាងនៃការគ្រប់គ្រងពេលវេលាច្រើន អ្នកត្រូវព្យាយាមរកគន្លឹះ ក្នុងការចាក់សោរភាពជាអ្នកដឹកនាំរបស់អ្នកឲ្យទាល់តែបាន សម្រាប់ចាត់ចែងមនុស្សដទៃទៀត ឲ្យបំពេញការងារ ទៅតាមអ្វីដែលអ្នកចង់បាន ក្នុងដំណើរការនៃអាជីវកម្មរបស់អ្នក ឲ្យបានរលូន និងអាចរីកធំបានលឿន។
៤/ គោលបំណង សម្រាប់ផលិតភាពខ្ពស់
នេះគឺជាអ្វីដែលមនុស្សជោគជ័យ ឬមហាសេដ្ឋីមួយចំនួនបានធ្វើ និងតែងតែធ្វើ។ នៅក្នុងពិភពនៃអាជីវកម្មនិងការរកស៊ីណាមួយ សុទ្ធតែមានការប្រជែងគ្នា។ អតិថិជនឬមនុស្សទូទៅ ចង់បានផលិតផល ឬទំនិញដែលមានគុណភាពខ្ពស់ និងតម្លៃធូរថ្លៃ។ ចុះបើសិនជាយើង មានផលិតផលក្នុងការប្រជែង នៅក្នុងទីផ្សារដូចគេដែរ តម្លៃដូចគ្នា ប៉ុន្តែស្ទើរគុណភាពបន្តិច ឬខ្វះខាតជាងគេបន្តិច ត្រង់ចំណុចណាមួយ នោះអ្នកនឹងត្រូវបរាជ័យនៅក្នុងទីផ្សារនោះ។ មនុស្សជោគជ័យរៀបចំពេលវេលាបានច្បាស់លាស់ ពួកគាត់ចំណាយពេលដ៏មានតម្លៃ មកធ្វើឬបង្កើតតែយុទ្ធសាស្ត្រផលិតថ្មី ឲ្យបានកាន់តែល្អ គំនិតថ្មីត្រូវតែមាន និងទម្លាក់ការងារសាមញ្ញដែលបានធ្វើរួច បន្តទៅឲ្យអ្នកក្រោមបង្គាប់ នៅក្នុងក្រុមហ៊ុន ឬហាង ដែលប្រាកដចិត្តថាពួកគេអាចធ្វើបាន។ ចំណាយពេលធ្វើការងារធំ និងទម្លាក់ការងារ ដែលមិនសូវមានប្រយោជន៍ បន្តទៅឲ្យ អ្នកក្រោមឱវាទ។
៥/ ចេះសន្សំសំចៃ
អ្នកមាន ភាគច្រើនមិនសូវទូលាយក្នុងការចាយវាយទេ។ មុននឹងពួកគេចំណាយទៅលើអ្វីមួយ គេគិតណាស់ ថាចំណាយហើយ អាចទាញយកផលប្រយោជន៍ ទៅលើការចំណាយនោះ បានច្រើន និងអាចទាក់បានលុយច្រើនជាង ចំណាយហ្នឹងទៀត។ មុននឹងចំណាយទៅលើអ្វីមួយ ពួកគេ ចំណាយពេលវេលាច្រើន ក្នុងការគិតទៅលើគម្រោងទាំងនោះ ឲ្យបានត្រឹមត្រូវ និងមានផលចំណេញ។ ណាមួយមនុស្សជោគជ័យ ក៏មិនចំណាយពេលវេលាទៅគិតអ្វី ដែលគ្មានប្រយោជន៍ ឬទៅចូលរួម កម្មវិធីសប្បាយច្រើនឡើយ។ អ្នកគួរតែចំណាយពេលវេលា ក្នុងការធ្វើតាមចំណុចទី 5 នេះដែរ។
៦/ ចំណាយពេលក្នុងការ នៅជាមួយមនុស្សពូកែ និងមានប្រយោជន៍
មានន័យថា គឺជាការចំណាយពេលវេលាមួយភាគ ដែលមាននៅជាមួយមនុស្សដែលពូកែ ឬផ្តល់ផលប្រយោជន៍ដល់អ្នក។ អ្នកអាចរៀនសូត្រពីពួកគេបានច្រើន ឲ្យត្រូវនឹងតម្រូវការ នៃអាជីវកម្មរបស់អ្នក ហើយណាមួយអ្នកអាចយល់ពីជំនាញថ្មីៗ ដែលអ្នកពុំដែលមាន ក្នុងការដោះស្រាយបញ្ហាថ្មីៗ ដែលអ្នកបានជួបទៀតផង។ មួយវិញទៀត អ្នកក៏អាចមានពេលវេលា យល់ពីគេ និងអាចនាំគេឲ្យជួយការងារ នៅក្នុងដំណើរការ អាជីវកម្មរបស់អ្នកក៏ថាបាន។
៧/ កំណត់ជំហ៊រនៃភាពជោគជ័យ និងព្យាយាមលុបបំបាត់ការបរាជ័យ
កាត់បន្ថយពីទម្លាប់ និងចំណង់ចំណូលចិត្ត និងចំណាយពេលក្នុងការធ្វើអ្វី ដែលមានប្រយោជន៍ និងនាំអ្នកទៅកាន់ភាពជោគជ័យ។ កត្តាអ្វីដែលជម្រុញឲ្យអ្នក ភ្ញាក់ពីគេងពីព្រលឹម? អ្នកត្រូវចំណាយពេលគិតពីផែនការ ក្នុងការអនុវត្តជាប្រចាំរបស់អ្នក ដែលផែនការនោះ អាចដឹកនាំអ្នកទៅកាន់ ភាពជោគជ័យបានលឿន។ បើសិនជាអ្នកបរាជ័យ ត្រង់ចំណុចណាមួយ ចំណាយពេលគិតពី មូលហេតុនៃរឿងបរាជ័យនោះ ស្វែងរកដំណោះស្រាយ និងកំណត់ចំណាំវានៅត្រង់ណាមួយ ដែលអ្នកងាយនឹងនឹកឃើញ។ លើកក្រោយអ្នកនឹងមិនជាន់ ឬបង្កើតភាពបរាជ័យច្រំដែលឡើយ។
ក្លាយជាសេដ្ឋី វាមិនអាចទៅរួចដោយងាយៗទេ សម្រាប់មនុស្សគ្រប់គ្នា ប៉ុន្តែអ្នកអាចក្លាយជាមនុស្ស ដែលចេះប្រើពេលវេលា បានយ៉ាងមានប្រយោជន៍បំផុត។ នៅថ្ងៃខាងមុខ អ្នកនឹងអាចក្លាយជាម្ចាស់ជំនួញ ដ៏ជោគជ័យម្នាក់ ព្រមទាំងបន្តទៅជាមហាសេដ្ឋីក៏ថាបាន!! សង្ឃឹមថា ៧ ចំណុចនេះ អាចជួយអ្នកឲ្យចេះប្រើពេលវេលា ឲ្យបានកាន់តែច្បាស់!