អគារខ្ពស់ ជាសំណង់ដែលមានភាពពេញនិយម និងទាក់ទាញបំផុតមួយនាពេលបច្ចុប្បន្ននេះ ពិសេសគឺនៅក្នុងទីក្រុងដែលមានភាពមមារញឹកច្រើន ដោយវាបានបង្ហាញនូវការធ្វើទំនើបកម្មនៃទីក្រុង ការបង្កើតថ្មីនៃគំនិតច្នៃប្រឌិត និងអ្វីដែលសំខាន់គឺជាមធ្យោបាយប្រើប្រាស់ទំហំដីតូច ប៉ុន្តែបានទីកន្លែងធំ និងទាញផលប្រយោជន៍ជាច្រើនបានពីវាវិញ។ ក្នុងឆ្នាំ ២០១៨ យើងក៏បានឃើញនូវសំណង់អគារធំៗនៅលើពិភពលោកបានលេចត្រដែតឡើងជាច្រើនផងដែរ ពិសេសគឺនៅក្នុងទីក្រុងនៃប្រទេសជឿនលឿន អញ្ចឹងថ្ងៃនេះយើងនឹងមកស្គាល់អំពីសំណង់អគារដែលកំពុលល្បីបំផុតប្រចាំឆ្នាំនេះ។
- អគារ The Tulip ទីក្រុងឡុងដ៍
The Tulip គឺជាអគារមានរូបរាងរចនាដូចជាឈ្មោះអញ្ចឹង គឺផ្កាតុលីប ដែលមានសភាពក្រពុំនៅចុងកំពូល ហើយនឹងក្លាយទៅជាអគារខ្ពស់ជាគេបំផុតនៅក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស នាប៉ុន្មានឆ្នាំទៀត។ The Tulip ទើបតែបានចេញគម្រោងជាផ្លូវការនៅខែវិច្ឆិកា ២០១៨ នេះប៉ុណ្ណោះ ដោយរចនា និងសាងសង់ដោយក្រុមហ៊ុន Foster + Partners ហើយចាប់ផ្ដើមសាងសង់ជាផ្លូវការក្នុងឆ្នាំ ២០១៥ និងសម្មត់ថាសង់រួចនៅក្នុងឆ្នាំ ២០២០។ អគារនេះ នឹងមានកម្ពស់ ៣០៥ ម៉ែត្រ ដែលខ្ពស់សន្លឹម អាចឃើញទិដ្ឋភាពទាំងមូលនៃទីក្រុងឡុងដ៏។
- អគារ UNStudio ទីក្រុងម៊ែលប៊ន
អគារ UNStudio ទើបតែបានឈ្នះពានរង្វាន់នៅខែសីហា ២០១៨ កន្លងទៅនេះទេ ដែលវាជាគម្រោងសាងសង់អគារខ្ពស់បំផុតមួយនៅក្នុងទីក្រុង Melbourneប្រទេសអូស្ត្រាលី ថែមទាំងមានការរចនាប្លែកទៀតផង ពោលគឺមានការសាងសង់ជាលក្ខណះបញ្ឆិតនៃជាន់នីមួយៗ ដែលមើលទៅវាដូចជាអគារវិលអញ្ចឹង។ អគារ UNStudio មានផ្ទៃដីសាងសង់ទំហំ ៦,១៩១ ម៉ែត្រការ៉េ ដែលមានអគារខ្ពស់គោលចំនួន ២ គឺមួយមានកម្ពស់ ៣៥៦ ម៉ែត្រ និងមួយទៀតមានកម្ពស់ ២៥២ ម៉ែត្រ។
- អគារ MahaNakhon ទីក្រុងបាងកក
ខ្លាសេដ្ឋកិច្ចមួយប្រចាំអាស៊ីអាគ្នេយ៍យើង គឺប្រទេសថៃ ក៏មានអគារខ្ពស់បំផុតមួយ ដែលកំពុងល្បីល្បាញខ្លាំងផងដែរ គឺអគារ MahaNakhon ដែលស្ថិតនៅក្នុងទីក្រុងបាងកក មានកម្ពស់ ៣១៤ ម៉ែត្រ ៧៧ ជាន់ មានការរចនានៃផ្ទៃកណ្ដាល នឹងខាងលើដូចជាគ្រាប់ភិចស៊ែល ដែលបង្ហាញអំពីទីក្រុងវៃឆ្លាតនាពេលអនាគត។ នៅក្នុងអគារនោះគឺមានសេវាកម្មចម្រុះ តួយ៉ាងមានទាំងអាផាតមិនសម្រាប់ជួល, ភោជនីយដ្ឋាន, ផ្លាស្សា, ការិយាល័យជួល -ល- ពិសេសនៅខាងលើគឺជាកន្លែងទាក់ទាញជាងគេ ត្រូវបានសង់បាតដោយកញ្ចក់សម្រាប់ឲ្យអ្នកភ្ញៀវទេសចរ បានមើលឃើញទិដ្ឋភាពខាងក្រោម ក៏ដូចជាទីក្រុងបាងកកទាំងមូល។
- អគារក្រុមហ៊ុន BIG ទីក្រុងស្ស៊ិនជិន
ក្រុមហ៊ុន Bjarke Ingels Group ហៅកាត់ BIG បានសង់អគារមួយនៅចំកណ្ដាលទីក្រុងស្ស៊ិនជិនប្រទេសចិន តាំងពីឆ្នាំ ២០១២ មក ត្រូវបានគេដាក់ឈ្មោះថា “Shenzhen energy mansion” ដែលក្នុងនោះមានអគារធំៗ ២ កម្ពស់ ២២០ ម៉ែត្រ និង ១២០ ម៉ែត្រ។ អគារនេះគឺជាទីស្នាក់ការដ៏សំខាន់មួយ ដែលគេនឹងប្រើប្រាស់វាក្នុងកិច្ចការសំខាន់ៗដូចជាមជ្ឈមណ្ឌលសន្និសិទ, កន្លែងតាំងពិពណ៍ធំៗ, ការិយាល័យក្រុមហ៊ុន BIG -ល-។
- អគារ 130 william ទីក្រុងញ៉ូវយ៉ក
លោក David Adjaye ជាស្ថាបត្យករដ៏ល្បីល្បាញសញ្ជាតិហ្គាណា-អង់គ្លេស នៃក្រុមហ៊ុន Adjaye Associates ទើបតែដំណើរការនូវខុនដូដ៏ប្រណិតលំដាប់ខ្ពស់ ដំបូងបង្អស់របស់ខ្លួន នៅកណ្ដាលក្នុងទីក្រុងញ៉ូយ៉ក ដែលមានឈ្មោះថា 130 william សាងសង់លើផ្ទៃដី ២០,០០០ ម៉ែត្រការ៉េ មានកម្ពស់ ២៤០ ម៉ែត្រ ក្នុងនោះមានបន្ទប់ស្នាក់នៅធំៗលើសពី ២៤៤ មានរចនាបែបលោកខាងលិច និងមានតម្លៃចាប់ពី ៦៥០,០០០ ដុល្លារ ឡើងទៅដល់ខ្ទង់លានដុល្លារឯណោះ។
- អគារឈើខ្ពស់ជាងគេលើលោក ទីក្រុងតូក្យូ
ប្រទេសជប៉ុនបានចាប់អារម្មណ៍ទៅលើគម្រោងអគារមួយដែលប្លែកជាងគេ គឺសាងសង់ឡើងដោយឈើមានកម្ពស់ខ្ពស់ជាងគេបំផុត ដែលរំពឹងថានឹងធ្វើរួចរាល់នៅក្នុងឆ្នាំ ២០៤១។ អគារនេះ នឹងសង់នៅកណ្ដាលទីក្រុងតូក្យូ យកផ្ទៃដីទំហំ ៦,៥០០ ម៉ែត្រការ៉េ មានកម្ពស់សរុប ៣៥០ ម៉ែត្រផ្ទុក ៧០ ជាន់នៃអគារ។ ផ្នែកនៃអគារនេះ ភាគច្រើនគេនឹងប្រើប្រាស់ដែក និងឈើដើម្បីសាងសង់អគារបែបធម្មជាតិសប្បនិមិត្ត និងដើម្បីអបអរនៅក្នុងខួបទី ៣៥០ នៃក្រុមហ៊ុន Sumitomoរបស់ខ្លួនផងដែរ។ គម្រោងអគារនេះត្រូវបានជាប់ក្នុងតារាង នៃគម្រោងអភិវឌ្ឍន៍ប្លែកសម្រាប់ទីក្រុងអនាគតប្រចាំឆ្នាំ ២០១៨ ទៀតផង។
- សណ្ឋាគារ Morpheus ទីក្រុងម៉ាកាវ
សណ្ឋាគារមានស្ថាបត្យកម្មសាងសង់ទាក់ទាញបំផុតប្រចាំឆ្នាំ ២០១៨ គឺសណ្ឋាគារ Morpheus នេះហើយ ដោយសាររចនាបថអគារប្រហោងរបស់វាពិតជាអស្ចារ្យខ្លាំង ព្រោះថា វប្បធម៍ចិនមានជំនឿខ្ពស់ទៅលើផ្នែកហុងស៊ុយ ដែលនឹងជួយឲ្យការរកស៊ីចម្រុងចម្រើនខ្លាំងណាស់ ពិសេសគឺនូវរាល់ការមានប្រហោងនៃការសាងសង់អគារនានា។ សណ្ឋាគារ Morpheus បានសង់នៅទីក្រុងម៉ាកាវ មានជញ្ជាំងខាងក្រៅកញ្ចក់ស្ទើទាំងស្រុង កម្ពស់ ១៦០ ម៉ែត្រ និងមាន ៤០ ជាន់ ក្នុងនោះមានសេវាកម្មជាច្រើនដូចជា សណ្ឋាគារ កាស៊ីណូ រោងកុន ផ្សាទំនើប ភោជនីយដ្ឋាន កន្លែងហែលទឹក -ល-។
- អគារ Norra Tornen ប្រទេសស៊ុយអែត
Norra Tornen គឺជាអគារភ្លោះ ក្នុងទីក្រុង Stockholm ដែលបានសាងសង់ឡើងក្នុងឆ្នាំ ២០១៣ ម្ខាងមានកម្ពស់ ១២៥ ម៉ែត្រ និងម្ខាងទៀតកម្ពស់ ១១០ ម៉ែត្រ ប្រើប្រាស់ស្ថាបត្យកម្មសាងសង់បែប Stacking(របៀបលើបន្ដុប) មានសភាពលៀនចេញក្រៅជាច្រើន។ វាគឺជាអាផាមិនសម្រាប់ស្នាក់នៅមានបន្ទប់សរុប ១៨២ ដោយទំហំ និងតម្លៃរបស់បន្ទប់នីមួយៗ ខុសគ្នាទៅតាមហ្នឹងដែរ។
- អគារ Shanghai Tower ទីក្រុងសៀងហៃ
អគារខ្ពស់បំផុតនៅក្នុងប្រទេសចិន និងខ្ពស់បំផុតលំដាប់ទី ២ នៅលើពិភពលោក Shanghai Tower នៅតែជាអគារគួរឲ្យចាប់អារម្មណ៍បំផុតមួយក្នុងឆ្នាំ ២០១៨។ Shanghai Tower ត្រូវបានសាងសង់មួយទសវត្សមកហើយគឺក្នុងឆ្នាំ ២០០៨ ដែលមានកម្ពស់ ៦៣២ ម៉ែត្រទៅលើអាកាស និងមានចំនួន ១២៧ ជាន់បែកចែកចេញជា ៩ ថ្នាក់ ឧទាហរណ៍នៅថ្នាក់ទី ១ គឺជាផ្នែកនៃបណ្ដុំផ្សារទំនើប, ថ្នាក់ទី ២ ដល់ទី ៦ គឺជាបណ្ដុំនៃការិយាល័យសម្រាប់ធ្វើការ, ថ្នាក់ទី ៧ គឺជាបណ្ដុំនៃសណ្ឋាគារ, ថ្នាក់ទី ៨ ក៏ជាសណ្ឋាគារ និង Boutique ផងដែរ, និងថ្នាក់ទី ៩ គឺជាកំពូលសម្រាប់ភ្ញៀវទស្សនាមើលមកខាងក្រោម និងទិដ្ឋភាពនៃទីក្រុងសៀងហៃ។
10. អគារ DUO ទីក្រុងសិង្ហបុរី
អគារ DUO ទើបតែបានសម្ពោធជាផ្លូវការកាលពីឆ្នាំមុន វាក៏មានកេរ្ដិ៍ឈ្មោះល្បីល្បាញខ្លាំងផងដែរក្នុងឆ្នាំ ២០១៨ ដោយសារតែស្ថាបត្យកម្មសំណង់មានការរចនាឡើងជាអគារភ្លោះ ដែលមានឆកចូលជាចំណិតនៃរង្វង់ ឯនៅផ្នែកតួខ្លួនពីក្រោមដល់លើ សុទ្ធសឹងមានការរចនាប្រហោងជារូបរាងសំបុកទឹកឃ្មុំ (Honeycomb) និងផ្នៃកខាងក្រោមជាសួនដាំដើមឈើជាច្រើនសូម្បីនៅលើជាន់ទី ២ និងទី ៣ ដើម្បីបម្រើសេវាជាភោជនីយដ្ឋាន និងហាងកាហ្វេជាដើម។ អគារនេះត្រូវបែងចែកជា ២ គឺ DUO Tower មានកម្ពស់ ១៨៥ ម៉ែត្រមានចំណុះ ៣៩ ជាន់ និងអគារ Residences Tower មានកម្ពស់ ១៩២ ម៉ែត្រមានចំណុះ ៤៩ ជាន់។