១០ខែ ឆ្នាំ២០២២ កម្ពុជា រកចំណូលបានពី ការនាំចេញកៅស៊ូ និងឈើដើមកៅស៊ូបានជិត ៤០០ លានដុល្លារ


ភ្នំពេញ៖ ការនាំចេញកៅស៊ូ និងឈើស្របច្បាប់ សម្រាប់រយៈពេល ១០ខែ កន្លងទៅនេះ នៅតែបន្តនាំចេញទៅកាន់ ទីផ្សារអន្តរជាតិជាធម្មតា តែស្ថិតក្នុងអត្រា មួយទាបជាងឆ្នាំ ២០២១ កន្លងទៅ។ ការនាំចេញសរុប ធ្វើឱ្យកម្ពុជា សម្រេចទទួលបាន នូវប្រាក់ចំណូលសរុបជិត ៤០០ លានដុល្លារសហរដ្ឋអាមេរិក។

យោងតាមរបាយការណ៍ បូកសរុបផ្លូវការ របស់អគ្គនាយកដ្ឋានកៅស៊ូជាតិ ជុំវិញការនាំចេញកៅស៊ូ និងឈើកៅស៊ូស្របច្បាប់ របស់កម្ពុជា ឆ្ពោះទៅកាន់ទីផ្សារអន្តរជាតិ សម្រាប់រយៈពេល ១០ខែកន្លងទៅនេះ សម្រេចបានក្នុង ចំនួនទឹកប្រាក់សរុប ៣៩៦.១៤០.៦៣៤ លានដុល្លារអាមេរិក។ ការនាំចេញបើគិតជា ទំហំសរុបសម្រេចបាន ២៦៤.៩១៨ តោន តែជាការថយចុះ ១.៥៥២ តោន បើធៀបទៅនឹងទំហំ នៃការនាំចេញសរុប កាលពីឆ្នាំ២០២១ កន្លងទៅ។

ជាមួយគ្នានោះដែរ ការនាំចេញឈើកៅស៊ូស្របច្បាប់ សម្រាប់យកទៅ ប្រើប្រាស់បង្កើតជា គ្រឿងសង្ហារឹមវិញសម្រេចបាន ១.៦៨៣ ម៉ែត្រគីប។ ក្រៅពីការថមថយ នៃទំហំនាំចេញកៅស៊ូ និងឈើកៅស៊ូនេះ តម្លៃរបស់កៅស៊ូ ក៏មានការធ្លាក់ចុះដូចគ្នា ដោយក្នុងមួយតោន ជ័រកៅស៊ូលក់បានក្នុងតម្លៃតែ ១.៤៨២ ដុល្លារអាមេរិក ធ្លាក់ចុះដល់ទៅ ១៨១ ដុល្លារឯណោះ ឬ ១១% បើធៀបទៅនឹងឆ្នាំ ២០២១ កន្លងទៅ។

គួរបញ្ជាក់ថា សព្វថ្ងៃនេះ ប្រតិបត្តិការផលិតកៅស៊ូសរុប នៅកម្ពុជា កំពុងប្រព្រឹត្តទៅនៅលើ ផ្ទៃដីសរុបមានចំនួន ៤០៤.០៤៤ ហិចតា ដោយក្នុងនោះមាន ៣១០.១៩៣ ហិចតា គឺជាចម្ការកៅស៊ូ និងផ្សេងៗទៀតជាកន្លែងផលិត កែច្នៃ វិចខ្ចប់សម្រាប់ការនាំចេញ ទៅបរទេសជាដើម៕