គិតត្រឹមថ្ងៃសប្ដាហ៍ទី៣ ខែធ្នូ ថៃទទួលបានភ្ញៀវទេសចរអន្តរជាតិជិត ១១ លាននាក់!


បាងកក៖ វត្តមានរបស់ ភ្ញៀវទេសចរអន្តរជាតិ សម្រាប់ប្រទេសថៃ មានសារៈសំខាន់ខ្លាំងណាស់ ក្នុងការសង្គ្រោះ និងស្ដារវិស័យទេសចរណ៍ ឱ្យមានដង្ហើមឡើងវិញ ស្ថិតក្រោមការខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលថៃ  ដែលមានក្រសួងទេសចរណ៍ ក៏ដូចជាអាជ្ញាធរជាតិទេសចរណ៍ ជាសេនាធិការ។ ជាក់ស្ដែង ចាប់ពីខែមករា ដល់សប្ដាហ៍ទី៣ ខែធ្នូ ចំនួនភ្ញៀវទេសចរអន្តរជាតិ ទៅកំសាន្តនៅថៃមានចំនួន ១០,៩ លាននាក់ហើយ។

ប្រភពព័ត៌មានអន្តរជាតិ ចេញផ្សាយកាលពីម្សិលមិញនេះ បានឱ្យដឹងថា ចំនួនភ្ញៀវទេសចរអន្តរជាតិ ដែលបានចូលទៅ កំសាន្តនៅប្រទេសថៃ សម្រាប់រយៈពេលជិត ១២ ខែពេញ កន្លងទៅ ពោលគឺចាប់ពីថ្ងៃទី០១ ខែមករា រហូតមកដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ មានចំនួនសរុបប្រមាណ ១០,៩ លាននាក់ហើយ។ ការមកដល់នេះ សបង្ហាញឱ្យឃើញ អំពីការស្ដារឡើងវិញ នៃវិស័យទេសចរណ៍ ដែលបានរងគ្រោះធ្ងន់ធ្ងរ កាលពីឆ្នាំ២០២០ និង២០២១ កន្លងទៅ។

លោក Yuthasak Supasor អ្នកនាំពាក្យក្រសួងទេសចរណ៍ថៃ បានបញ្ជាក់ឱ្យដឹងថា វត្តមានរបស់ភ្ញៀវបរទេស មកកំសាន្តនៅប្រទេសថៃ គិតចាប់ពីដើមឆ្នាំមក ភាគច្រើនគឺជាម៉ាឡេស៊ី ដែលឈរក្នុងចំណាក់ថ្នាក់លេខ១ ទី២ គឺភ្ញៀវមកពីឥណ្ឌា និងទី៣ ភ្ញៀវមកពីប្រទេសឡាវ។ លោកបន្ថែមថា យោងតាមសន្ទុះ និងព័ត៌មានប្រមូលបានសរុប វត្តមានរបស់ភ្ញៀវទេសចរ ទៅកំសាន្តនៅថៃ ពេញមួយឆ្នាំ២០២២ អាចមានចំនួនសរុប ១១,៥ លាននាក់ ដោយរាប់បញ្ចូល សប្ដាហ៍ចុងក្រោយ គិតចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខាងមុខផងដែរ។

ក្រៅពីវត្តមានរបស់ ភ្ញៀវអន្តរជាតិ អាជ្ញាធរទេសចរណ៍ជាតិថៃ (TAT) បានព្យាករណ៍ថា ចុងឆ្នាំ ក៏ដូចជារដូវកាល ថ្ងៃឈប់សំរាកខាងមុខនេះ ការចេញធ្វើដំណើរ របស់ភ្ញៀវទេសចរផ្ទៃក្នុង ដែលរួមមានភ្ញៀវជាតិ និងអន្តរជាតិ អាចនឹងមានរហូតដល់ទៅ ៣,១៤ លានលើក ដែលបង្កើតប្រាក់ចំណូល ក្នុងវិស័យទេសចរណ៍បាន ១១,២ ពាន់លានបាត ឬ ៣២១ លានដុល្លារអាមេរិក។ ការព្យាករណ៍នេះ នៅពុំទាន់រាប់បញ្ចូលវត្តមាន របស់ភ្ញៀវទេសចរអន្តរជាតិ ដែលនឹងចេញធ្វើដំណើរកំសាន្ត នៅតាមរមណីយដ្ឋានទេសចរណ៍ របស់ថៃនៅឡើយទេ។

គួរបញ្ជាក់ថា ជាមួយនឹងលទ្ធផលប្រសើរ និងការងើបឡើងវិញ នៃវិស័យទេសចរណ៍របស់ថៃ ក្នុងឆ្នាំនេះ រដ្ឋាភិបាលថៃ រំពឹងទុកថា ពេញមួយឆ្នាំ២០២៣ ខាងមុខ ចំនួននៃការមកដល់ របស់ភ្ញៀវទេសចរអន្តរជាតិ នឹងអាចកើនឡើង រហូតដល់ទៅ ២២លាននាក់ឯណោះ៕