TikTok បោះទុនវិនិយោគប្រមាណ ៣,៨ពាន់លានដុល្លារ ទៅក្នុងប្រទេសថៃ ផ្តោតលើសេវាកម្ម Data Hosting


បាងកក៖ ថ្មីៗនេះ TikTok បានទទួលការយល់ព្រមពី រាជរដ្ឋាភិបាលថៃ ក្នុងការវិនិយោគទឹកប្រាក់ចំនួន ៣,៨ ពាន់លានដុល្លារអាមេរិក ទៅក្នុងសេវាកម្មបង្ហោះទិន្នន័យ (Data Hosting) ដែលនេះ គឺជាជំហានដ៏សំខាន់មួយ នៅក្នុងមហិច្ឆតារបស់ប្រទេសថៃ ក្នុងការក្លាយខ្លួនជាមជ្ឈមណ្ឌលឈានមុខគេ សម្រាប់ផ្នែកមជ្ឈមណ្ឌលទិន្នន័យ និង Cloud Service នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

គួរឲ្យដឹងផងថា ការវិនិយោគនេះបានមកពីក្រុមហ៊ុន TikTok របស់ប្រទេសសិង្ហបុរី ក្រោមក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន ByteDance មានគោលបំណងជម្រុញ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល របស់ក្រុមហ៊ុន ដែលពាក់ព័ន្ធនៅក្នុងប្រទេសថៃ។

ការបោះជំហ៊ានដ៏ធំមួយនេះ គឺស្របតាមគោលដៅរបស់ប្រទេសថៃ ក្នុងការទាក់ទាញ អ្នកលេងបច្ចេកវិទ្យាអន្តរជាតិសំខាន់ៗ (International tech players) និងការលើកកម្ពស់ ប្រព័ន្ធសេដ្ឋកិច្ចឌីជីថលរបស់ខ្លួនផងដែរ។

ដូចគ្នានេះដែរ ក្រុមប្រឹក្សាវិនិយោគថៃ (Board of Investment - BOI) បានគូសបញ្ជាក់ពី សារៈសំខាន់នៃគម្រោងនេះ ដោយសារវាគាំទ្រទាំង ការអភិវឌ្ឍន៍ឌីជីថលក្នុងស្រុក និងក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។

 

ប្រភព៖ Bangkok Post / Seasia. Co / Plisio