កម្ពុជា សម្រេចការប្រមូលចំណូលពន្ធឆ្នាំ២០២២ លើសផែនការដល់ទៅ ២២%


ភ្នំពេញ៖ ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារ បានបន្តកិច្ចការងារ និងបេសកកម្មយ៉ាងសកម្ មជុំវិញការប្រមូលពន្ធអាការ ជូនដល់រដ្ឋាភិបាលកម្ពុជា ហើយជាលទ្ធផលបូកសរុប នៃទិន្នន័យផ្លូវការបង្ហាញថា ការប្រមូលពន្ធសរុប កើនឡើងលើសគោលដៅ រហូតដល់ទៅ ២២%។

យោងតាមការបញ្ជាក់របស់ ឯកឧត្ដម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងក្នុងកម្មវិធី ផ្សាយពិសេសស្ដីពី ពន្ធលើប្រាក់ចំណូល និងការផ្ដល់សេវា របស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នេះថា ការប្រមូលពន្ធអាករគ្រប់ប្រភេទ លើផ្ទៃប្រទេសសម្រេចបាន ជាទឹកប្រាក់ចំនួន ៣ ៤៥៥ លានដុល្លារអាមេរិក។

ចំនួនប្រមូលបាននាឆ្នាំមុននេះ គឺលើសពីគោលដៅ ដែលបានរៀបចំទុក តាមរយៈច្បាប់ស្ដីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ បើទោះបីជាកន្លងមកនេះ ស្ថានភាពនៃជំងឺកូវីដ ១៩ នៅតែកើតមានឡើង ជាពិសេសការផ្ទុះនៃ សង្គ្រាមរុស្សីនិងអ៊ុយក្រែន បានធ្វើឲ្យប៉ះពាល់ ទៅលើសេដ្ឋកិច្ចពិភពលោក និងបានធ្វើឲ្យអតិផរណា កើនឡើងខ្ពស់ ជាពិសេសការប៉ះពាល់ លើវិស័យស្បៀង និងម្ហូបអាហារជាដើម ដោយបានរុញច្រាន កំណើនសេដ្ឋកិច្ចពិភពលោក មានការថយចុះ។

សម្រាប់គោលដៅឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ មានផែនការគ្រប់គ្រង និងប្រមូលចំណូលពន្ធ ស្របតាមគោលនយោបាយជាតិ និងយុទ្ធសាស្ត្រសំខាន់ៗផ្សេងទៀត ដើម្បីធានាបាននូវ ការគ្រប់គ្រងចំណូលពន្ធ នៅក្នុងវិស័យតូចធំនៅកម្ពុជា ពិសេសជម្រុញឱ្យ អនុវត្តច្បាប់ស្ដីពី សារពើពន្ធឱ្យបានខ្ជាប់ខ្ជួន។ ការប្រមូលពន្ធបានច្រើន ជាងគោលដៅដែលបាន កំណត់ទុកនេះ គឺជាលទ្ធផលវិជ្ជមានមួយ របស់រដ្ឋាភិបាលកម្ពុជា និងសបង្ហាញឱ្យឃើញ អំពីការងើបឡើងវិញនៃសេដ្ឋកិច្ច។

គួរបញ្ជាក់ផងដែរថា ការប្រមូលពន្ធអាករ របស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងរយៈពេលពេញមួយឆ្នាំ ២០២១ កន្លងទៅនេះ សម្រេចជាទឹកប្រាក់មានជាង ២,៧ ពាន់លានដុល្លារអាមេរិក បើធៀបនឹងឆ្នាំ២០២២ មានអត្រាកំណើនជាង ៧០០ លានដុល្លារអាមេរិក៕