អាជ្ញាធរជាតិអប្សរា សហការជាមួយឥណ្ឌា ទល់ទ្រខ្លោងទ្វារខាងលិច នៃប្រាសាទតាព្រហ្ម


ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា និងឥណ្ឌាសហការគ្នា ទល់ទ្រខ្លោងទ្វារខាងលិច របស់ប្រាសាទតាព្រហ្ម ដែលរហែកប្រេះធ្នឹម នៅចំពាក់កណ្តាលដែលអាច នឹងមានហានិភ័យ ដើម្បីថែរក្សាការពារ ឱ្យមានសុវត្ថិភាពឡើងវិញ។ អស់រយៈពេល ជាងពីរសប្ដាហ៍មកហើយ ដែលខ្លោងទ្វារខាងលិច នៃប្រាសាទតាព្រហ្ម បានបិទចរាចរ ជាបណ្ដោះអាសន្ន ដើម្បីទល់ទ្រថ្មធ្នឹមផ្នែកខាងកើត ក្នុងការជួយសង្គ្រោះខ្លោងទ្វារនេះ ព្រមទាំងការពារសុវត្ថិភាព ចំពោះភ្ញៀវទេសចរផង។

អ្នកអនុវត្តគម្រោង សហប្រតិបត្តិការឥណ្ឌា-កម្ពុជាដើម្បីអភិរក្ស និងជួសជុលប្រាសាទតាព្រហ្ម លោក Sing Sood មានប្រសាសន៍ថា តាមអនុសាសន៍ អ្នកជំនាញអាយស៊ីស៊ី-អង្គរ ប្រជុំចុងក្រោយ កាលពីនៅចុងឆ្នាំ២០២២កន្លងទៅ តម្រូវឱ្យមានការទល់ទ្រ ក្នុងនោះក្រុមការងារ ក៏បានប្រើដែកអ៊ីណុកចំនួនបីដើម យកមកដាក់ដើម្បី ឱ្យធ្នឹមនេះមានលំនឹងឡើងវិញ។ ជាមួយគ្នានោះដែរ ក៏មានការរើថ្មដែល ក្រៀកហែកមួយចំនួន រួចហើយរៀបដាក់ ទៅកន្លែងដើមឡើងវិញ។

លោក Sing Sood បានបន្តថាបច្ចុប្បន្ន ខ្លោងទ្វាខាងលិចរបស់ប្រាសាទតាព្រហ្មនេះ ដោយសារតែអាយុកាល របស់សំណង់ កំពុងមានការរហែកប្រេះធ្នឹម មានការស្រុតគ្រឹះតួខ្លោងទ្វារ ហើយមុខព្រហ្មទាំងបួន នៅកំពូលខាងលើ ត្រូវបានក្រៀកហែក។ ករណីនេះ ក្រុមអ្នកជំនាញបាន ប្រើខ្សែកាបរឹតបន្ដឹង ការពារការរលុះធ្លាក់ថ្ម ដោយយថាហេតុណាមួយ។ ក្រោយពីការងារនេះបានបញ្ចប់រួចរាល់ ក្រុមការងារនឹងពិនិត្យ តាមដានស្ថានភាពខ្លោងទ្វារនេះ មុននឹងសម្រេចបើក ឱ្យដំណើរការចរាចរណ៍ធម្មតាឡើងវិញ។

ក្នុងអំឡុងពេលអនុវត្តការងារទល់ទ្រនេះ ក្រុមការងារបានរៀបចំ រន្ទារធ្វើជណ្តើរបណ្តោះអាសន្ន សម្រាប់ឆ្លងកាត់កំពែងថ្មបាយក្រៀម ដើម្បីឱ្យភ្ញៀវទេសចរ បានចេញចូលបណ្ដោះអាសន្ន ជំនួសខ្លោងទ្វារដែល កំពុងបិទនោះមួយរយៈ។ ក្រុមអ្នកជំនាញក៏បាន សុំការយោគយល់អធ្យាស្រ័យ ពីសាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទាំងអស់ដែលបានមកទស្សនា ប្រាសាទតាព្រហ្ម។