ខេត្ដកំពង់ចាម ដាក់គោលដៅស្រូបទាញភ្ញៀវទេសចរ ឲ្យកាន់តែច្រើនបន្ថែមទៀត ក្នុងឆ្នាំ ២០២៣ នេះ


ខេត្ដកំពង់ចាម គឺជាខេត្ដមួយដែលមាន ប្រជាប្រិយភាព សម្រាប់ភ្ញៀវទេសចរ មកទស្សនាលេងកម្សាន្ដផងដែរ បើទោះបីជាខេត្តនេះ ពុំសូវមានតំបន់រមណីយដ្ឋាន ជាប្រាសាទបុរាណច្រើន ដូចបណ្តាលខេត្តនានាក៏ដោយ។ យ៉ាងណាមិញ ក្នុងសន្នីសីទសារព័ត៌មាន កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ទៅនេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ខេត្តកំពង់ចាម បានចាប់ផ្តើមពង្រឹង វិស័យទេសចរណ៍របស់ខ្លួន ដើម្បីស្រូបយកភ្ញៀវទេសចរ ទៅទស្សនាកាន់ច្រើន ដើម្បីផ្តល់ប្រយោជន៍ជូន ដល់ប្រជាពលរដ្ឋ នៅតំបន់ទេសចរណ៍ នៃខេត្ដនេះ។

ដូចគ្នានេះដែរ អាជ្ញាធរខេត្ត និងមន្ទីជំនាញ ក៏បានជំរុញការគ្រប់គ្រង និងលើកកម្ពស់ តំបន់រមណីយដ្ឋាន ក៏ដូចជាប្រាង្គប្រាសាទនានា ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរបរទេស មកលេងខេត្តកំពង់ចាម ឱ្យសប្បាយរីករាយផងដែរ។ ជាក់ស្ដែង នៅក្នុងខេត្តកំពង់ចាម មានតំបន់រមណីយដ្ឋានចំនួន ១១កន្លែង ក្នុងនោះមានការគ្រប់គ្រង ដោយរដ្ឋចំនួន ៥កន្លែង និងឯកជន ៦កន្លែង។

រមណីយដ្ឋានប្រវត្តិសាស្ត្រ ៤កន្លែង ដូចជា៖ ប្រាសាទអង្គបាជ័យ, ភ្នំហានជ័យ, ភ្នំជើងព្រៃ, និងភ្នំប្រុស ភ្នំស្រី, និងមានរមណីយដ្ឋានធម្មជាតិ ប្រវត្តិសាស្ត្រមួយកន្លែង គឺប្រាសាទបាធាតុទឹកឆា និងរមណីយដ្ឋានធម្មជាតិ ៣កន្លែង រួមមាន៖ បឹងធំ, កោះប៉ែន, ទំនប់តាកុច, និងរមណីយដ្ឋានកែច្នៃ ៣កន្លែង មានកសិ-ទេសចរណ៍ថ្មដា, នាគស្មៅ, និងហាន់ជ័យរីស្សត។

ឯកឧត្តមអភិបាលខេត្តកំពង់ចាម ក៏បានលើកឡើងដែរអំពី ចំនួនភ្ញៀវទេសចរ ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ខេត្តកំពង់ចាមបាន ទទួលភ្ញៀវទេសចរ មកកម្សាន្តបានដល់ចំនួន ២លាន ៥៧ពាន់ ៨៩៥នាក់ ផងដែរ៕