ដឹងអត់ អគារការិយាល័យប្រៃសណីយ៍កម្ពុជា សាងសង់ឡើងតាំងពីឆ្នាំណា?

នៅក្នុងរយៈពេល ៩០ ឆ្នាំនៃសម័យអាណានិគមបារាំង ប្រទេសកម្ពុជាបានទទួលឥទ្ធិពលមិនតិចនោះទេ ពីបារាំង ដោយមានទាំងផ្នែកនយោបាយការទូតភ្ជាប់ប្រទេសក្នុងឥណ្ឌូចិន រដ្ឋបាលគ្រប់គ្រងប្រទេស ស្ថាបត្យកម្មសំណង់បារាំង សាសនា ភាសា ហេដ្ឋារចនាសម្ព័ន្ធ -ល-។ បើនិយាយអំពីសំណង់នៅក្នុងអាណានិគមបារាំងវិញ ក៏បានបន្សល់ទុកមកដល់សព្វថ្ងៃនេះផងដែរ ដោយយើងអាចរកឃើញច្រើននៅក្នុងខេត្តកំពត បាត់ដំបង និងរាជធានីភ្នំពេញ។ នៅរាជធានីភ្នំពេញយើង មានសំណង់ដែលសល់ពីជំនាន់បារាំងច្រើនរួមមាន ផ្សារធំថ្មី, សាលារាជធានីភ្នំពេញ, សណ្ឋាគារ Hotel Le Royal, សកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ, បណ្ណាល័យជាតិ, ស្ថានីយ៍រថភ្លើងភ្នំពេញ, ប្រៃសណីយ៍កម្ពុជា -ល-។ 

អគារប្រៃសណីយ៍កម្ពុជា ត្រូវបានសាងសង់ឡើងនាឆ្នាំ ១៨៩៥ ដោយស្ថាបត្យករលោក Daniel Fabre មានទីតាំនៅក្នុងសង្កាត់អ៊ឺរ៉ុប ឬសង្កាត់បារាំង ដោយកាលពីជំនាន់នោះ ហើយបច្ចុប្បន្នគឺសង្កាត់វត្តភ្នំ នៅលើវិថីព្រះអង្គអេង (១៣) កែងនឹងផ្លូវ ១០២។ ដោយកាលពីមុន តំបន់នេះត្រូវបានគេហៅថាជាបេះដូងនេះសង្កាត់រដ្ឋបាល ព្រោះនៅក្បែរនឹងធនាគារឥណ្ឌូចិនអតីតសាលាក្រុង រតនាគាជាតិ អតីតអាគារនាយកដ្ឋានគយ និងរដ្ឋករ -ល-។ 

ដូចបានឃើញនៅលើរូបខាងលើ អគារប្រៃសណីយ៍កម្ពុជា ដើមឡើយមានតែអគារកណ្ដាលមួយប៉ុណ្ណោះ ចំណែកខាងមុខគឺជាសួនច្បារ ហើយសងខាងមានផ្លូវចូល។ រហូតមកដល់កំឡុងទសវត្សឆ្នាំ ៣០ ទើបសួនច្បារខាងមុខត្រូវបានឈូសចោលទៅជាទីលានប្រៃសណីយ៍វិញ ហើយអគារក៏ត្រូវបានពង្រីកស្លាបសងខាងផងដែរ។

អគារប្រៃសណីយ៏កម្ពុជាមានចំនួន ២ ជាន់ គឺជាន់ក្រោមជាកន្លែងបម្រើសេវាកម្មភ្ញៀវ និងជាន់ទីមួយគឺជាការិយាល័យរដ្ឋបាល។ បច្ចុប្បន្ននេះ អគារត្រូវបានប្រើប្រាស់ជា ៣ ផ្នែកធំៗ ក្នុងនោះរួមមានទូរគមនាគមន៍កម្ពុជា សម្រាប់បម្រើសេវាកម្ម និងគ្រប់គ្រងបណ្ដាញទំនាក់ទំនង, ប្រៃសណីយ៍កម្ពុជា ដែលនិយាយដោយងាយជាកន្លែងសម្រាប់ផ្ញើរអីវ៉ាន់ក្រៅប្រទេស, និងសេវារថយន្ដ VIP ប្រៃសណីយ៍កម្ពុជាដឹកជញ្ជូនអ្នកដំណើរទៅតាមបណ្ដាខេត្តផងដែរ។

ប្រភពមកពីប្រៃសណីយ៍កម្ពុជា