ឡាវ និង កម្ពុជា តភ្ជាប់បណ្ដាញថាមពលអគ្គិសនី ជាមួយគ្នាបានដោយជោគជ័យសម្រាប់ដើមឆ្នាំ ២០២០

ឡាវ៖ ថាមពលវារីអគ្គិសនីរបស់ឡាវ ដែលមានកម្លាំង ១៩៥ មេហ្គាវ៉ាត ត្រូវបានភ្ជាប់ បានដោយជោគជ័យ ចូលមកប្រព័ន្ធបណ្តាញអគ្គិសនីជាតិកម្ពុជា កាលពីពេលថ្មីៗកន្លងទៅនាដើមឆ្នាំ ២០២០ ដោយគ្រោងបញ្ជូនថាលពលអគ្គិសនី ដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ។

ស្ថិតក្រោមការខិតខំប្រឹងប្រែងរបស់អ្នកជំនាញ រវាងកម្ពុជា និងឡាវ នៅទីបំផុត ថាមពលអគ្គិសនីរបស់ឡាវ នឹងអាចយកមកធ្វើការផ្គត់ផ្គង់នៅកម្ពុជាបានហើយ ដែលគ្រោងនឹងធ្វើឡើងនៅក្នុងត្រីមាសទី១ នាឆ្នាំ ២០២០ នេះ។ យោងតាមប្រភពព័ត៌មានរបស់ ក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា ការតភ្ជាប់ថាមពលចូលមកបណ្តាញជាតិរបស់កម្ពុជា គឺធ្វើឡើងនៅក្រោមកិច្ចព្រមព្រៀងទិញ-លក់ រវាងក្រុមហ៊ុនវិនិយោគវារីអគ្គិសនី ដូនសាហុង (Don Sahong Dam) និងអគ្គិសនីកម្ពុជា (EDC)។ ស្ថិតក្នុងភាពជោគជ័យនោះ ឯកឧត្តម វ៉ិចទ័រ ហ្សូណា អគ្គនាយកថាមពលនៃក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា ការតភ្ជាប់ថាមពលពីវារីអគ្គិសនី ដូនសាហុង មកព្រំដែនក្នុងខេត្តស្ទឹងត្រែង ហើយបញ្ជូនបន្តមករាជធានីភ្នំពេញ តាមរយៈខ្សែបញ្ជូនតុងស្យុង ២៣០ គីឡូវ៉ុល ដែលវាគឺជាការតភ្ជាប់ សម្រាប់ត្រៀមការបញ្ជូនថាមពលផ្លូវការណ៍ ដែលគេគ្រោងធ្វើឡើងនៅក្នុងអំឡុងពេលឆាប់ៗខាងមុខ។

ការតភ្ជាប់ថាមពលអគ្គិសនីមកពីប្រទេសឡាវនេះ មានចូលរួមធ្វើការដោះស្រាយនូវកង្វះខាតថាមពលអគ្គិសនី នៅតាមបណ្ដាខេត្ត ដែលឆ្លងកាត់ ពិសេសគឺរាជធានីភ្នំពេញ ដែលកំពុងខ្វះខាតថាមពលប្រើប្រាស់ ឲ្យមានភាពល្អប្រសើរឡើងវិញ។ ដោយឡែក សម្រាប់តម្លៃវិញគឺ ៧៣ សេន ដុល្លារអាមេរិក ក្នុងមួយគីឡូវ៉ាត់ម៉ោង ដែលនឹងត្រូវធ្វើការលក់បន្ត ដោយបច្ចុប្បន្នកម្ពុជា នាំចូលថាមពលពីប្រទេសឡាវ ក្នុងចន្លោះ ៥០ មេហ្គាវ៉ាត ទៅ ៧០ មេហ្គាវ៉ាត់ តែនៅមានកង្ខះខាត ដោយសង្ឃឹមថាថាមពលថ្មីនឹងជួយសម្រាលបន្ទុកបានបន្ថែមទៀត។ ក្រៅពីគម្រោងជោគជ័យមួយនេះ កម្ពុជា និងឡាវ ក៏មានគម្រោងមួយផ្សេងទៀតជាមួយគ្នា ជុំវិញការទិញនូវថាមពលអគ្គីសនីបន្ថែមកាន់តែច្រើនទៀត រហូតដល់ទៅ ២,៤០០ មេហ្គាវ៉ាត់ នាឆ្នាំ ២០២៤ ខាងមុខ សម្រាប់បំពេញទៅដល់តម្រូវការ និងការអភិវឌ្ឍន៍នៅកម្ពុជា។

គួរបញ្ជាក់ផងដែរថា វារីអគ្គិសនី ដូនសាហុង របស់ឡាវ ត្រូវបានវិនិយោគដោយក្រុមហ៊ុនម៉ាឡេស៊ី Mega First Corporation Berhad និងក្រុមហ៊ុនអគ្គិសនីរដ្ឋប្រទេសឡាវ EDL-Generation Public Company ក្នុងទំហំវិនិយោគប្រមាណ ៥០០ លានដុល្លារអាមេរិក ដែលបានធ្វើការតភ្ជាប់ ដើម្បីលក់បន្តមកកាន់កម្ពុជា មានសមត្ថភាពក្នុងការផលិតថាមពលអគ្គិសនីកម្លាំង ២៤០ មេហ្គាវ៉ាត ដែលបានចាប់ផ្ដើមការសាងសង់នៅឆ្នាំ ២០១៦ កន្លងទៅ ស្ថិតនៅចម្ងាយប្រមាណជា ២ គីឡូម៉ែត្រ ពីព្រំដែនកម្ពុជា-ឡាវ ក្នុងខេត្តចម្ប៉ាសាក់៕

 

ប្រភព៖ ក្រសួងរ៉ែ និងថាមពល