ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា កាលពីម្សិលមិញនេះ បានសម្រេចអនុម័តលើគម្រោងខ្សែបញ្ជូនអគ្គិសនី ដែលមានទំហំ ៥០០គីឡូវ៉ុល សម្រាប់ធ្វើការតភ្ជាប់ក្នុង អនុតំបន់ដោយបញ្ជូន ពីអនុស្ថានីយអគ្គិសនីបែកចាន ទៅអនុស្ថានីយអគ្គិសនីខាងកើតរាជធានីភ្នំពេញ ដើម្បីធ្វើការផ្គត់ផ្គង់តម្រូវការ នៃថាមពលអគ្គិសនីបន្ថែមទៀត ស្របពេលការអភិវឌ្ឍរបស់រាជធានីភ្នំពេញកំពុងរីកចំរើន។
ស្ថិតក្នុងកិច្ចប្រជុំអន្តរក្រសួង ដែលបានធ្វើនៅទីស្ដីការក្រសួងបរិស្ថាន កាលពីរៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ម្សិលមិញនេះ ស្ថិតក្រោមប្រធានបទស្ដីពីការ វាយតម្លៃផលប៉ះពាល់ និងសង្គមទូទៅ ដែលដឹកនាំដោយឯកឧត្ដម ទា ជុប អនុរដ្ឋលេខាធិការនៃក្រសួងបរិស្ថាន ជាលទ្ធផល កិច្ចប្រជុំបានសម្រេចគាំទ្រទៅលើគម្រោងខ្សែបញ្ជូនអគ្គិសនី ៥០០ គីឡូវ៉ុល ដែលជាឆ្អឹងខ្នងសម្រាប់បណ្តាញជាតិ និងភ្ជាប់អនុតំបន់ តាមរយៈខ្សែបញ្ជូនអគ្គិសនី ពីអនុស្ថានីយអគ្គិសនីបែកចាន មានទីតាំងស្ថិតនៅក្នុងភូមិសាស្ត ទៅអនុស្ថានីយអគ្គិសនីខាងកើតរាជធានីភ្នំពេញ។
ជាមួយនឹងការគាំទ្រ និងអនុម័តខាងលើនេះ គឺតម្រូវឱ្យក្រុមហ៊ុនមានការគោរព និងអនុវត្តទៅតា កាលកំណត់ ដូចជា ម្ចាស់គម្រោង ត្រូវបង្ហាញពីជម្រើសទាំង ៣ ព្រមទាំងបញ្ចូលជម្រើសទាំង ៣ នោះ ទៅក្នុងរបាយការណ៍ IESIA និងសិក្សាពីផលប៉ះពាល់ទៅលើកម្មសិទ្ធិដីឯកជន លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ដោយសហការជាមួយក្រុមហ៊ុនទីប្រឹក្សាឯករាជ្យផ្នែកអចលនវត្ថុ ឱ្យបានត្រឹមត្រូវ ស្របតាមតម្លៃទីផ្សារ។ លើសពីនេះទៅទៀត ម្ចាស់គម្រោង ត្រូវពិភាក្សាជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលពាក់ព័ន្ធនឹងគន្លងខ្សែបញ្ជូនអគ្គិសនី ឆ្លងកាត់រោងចក្រផលិតទឹកស្អាតបាក់ខែង ដើម្បីសិក្សារកដំណោះស្រាយ រួមជាមួយនឹងការសិក្សា ពីគន្លងខ្សែបញ្ជូនថ្មី ដែលប៉ះពាល់ដល់សាលាបឋមសិក្សាពុកឫស្សីក្រោម។ អ្វីដែលសំខាន់ ម្ចាស់គម្រោង ត្រូវរៀបចំយន្តការ និង នីតិវិធី ដោះស្រាយផលប៉ះពាល់ មុនពេលធ្វើការសាងសង់គម្រោងរបស់ខ្លួន៕
គួរបញ្ជាក់ផងដែរថា គម្រោងមួយនេះ មានទីតាំងស្ថិតនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល របស់អគ្គិសនីកម្ពុជា ដែលជាម្ចាស់គម្រោងផ្ទាល់ ព្រមទាំងបានសិក្សា និងរៀបចំរបាយការណ៍ដោយក្រុមហ៊ុនទីប្រឹក្សា SBK Research and Development Co., Ltd. ផងដែរ។
ប្រភព៖ ក្រសួងបរិស្ថាន