នៅព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២០ មន្ទីសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុ បានរៀបចំប្រារព្ធពិធីបើកការដ្ឋានសាងសង់ផ្លូវក្នុងក្រុងចំនួន ១១ ខ្សែមានប្រវែងសរុប ១៦.៣៧៤ គីឡូម៉ែត្រ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សួង ហេង រដ្ឋលេខាធិការនៃក្រសួងសាធារណការនិងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញជាអធិបតី និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួង អាជ្ញាធរដែនដី និងប្រជាពលរដ្ឋសិស្សានុសិស្សយ៉ាងច្រើនកុះករ។
គម្រោងនៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងព្រះសីហនុ ចំនួន ១១ ខ្សែនេះ ស្ថិតនៅក្នុងក្របខ័ណ្ឌនៃកញ្ចប់ថវិកាសន្សំរបស់ជាតិ ១០០ លានដុល្លារ ស្ថិតក្រោមអាណាប័ករបស់ ក្រសួងសាធារណាការ និងដឹកជញ្ជូន នៃការអភិវឌ្ឍន៍ធ្វើឲ្យប្រសើរឡើងផ្លូវ ៣៤ ខ្សែក្នុងខេត្តព្រះសីហនុ។ សម្រាប់គម្រោងធ្វើឲ្យប្រសើរឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន ១១ ខ្សែនេះគឺនឹងត្រូវពង្រីកកំណាត់ផ្លូវជាតិលេខ ៤ ពី ២ គន្លងទៅ ៦ គន្លង ខ័ណ្ឌដោយសួនច្បារតាមបណ្ដោយទ្រូងផ្លូវ ដែលមានប្រវែងសរុប ៦.៧ គីឡូម៉ែត្រ និងស្ថាបនាផ្លូវថ្នល់ក្នុងក្រុងចំនួន ១០ ខ្សែទៀត ប្រវែងសរុប ៩.៦៧៤ គីឡូម៉ែត្រផងដែរ។
ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន យកចិត្តទុកដាក់ខ្ពស់ និងមានចក្ខុវិស័យវែងឆ្ងាយ ដែលខេត្តមួយនេះនឹងប្រែក្លាយពីតំបន់ទេសចរណ៍តូចមួយ ក្លាយទៅជាទីក្រុងសេដ្ឋកិច្ចគំរូពហុបំណង ដែលក្រុងព្រះសីហនុ នឹងយកគម្រូអភិវឌ្ឍន៍តាមទីក្រុងស្ស៊ិនជិន ប្រទេសចិន ទៅជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់នៅភាគនិរតី ដែលមានសក្ដានុពលគ្របដណ្ដប់ដោយទេសចរណ៍ឆ្នេរសមុទ្រស្អាត ឧស្សាហកម្មទំនើប សេវាកម្ម កំពង់ផែសេដ្ឋកិច្ចប្រចាំប្រទេស -ល-។
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន