ស្ថានភាពកម្តៅបានកើនឡើងនៅលើកោះ Eagle នៃទ្វីបអង់តាកទិក និងត្រូវបានគេប៉ាន់ស្មានថា វាបានធ្វើឲ្យរលាយព្រិលប្រមាណ 20% ត្រឹមតែរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ នារដូវធ្លាក់ព្រិល ក្នុងខែកុម្ភៈឆ្នាំនេះ ដែលត្រូវបានគេរាប់ជាកំណត់ត្រាថ្មីមិនធ្លាប់មានពីមុនមក។
កាលពីថ្ងៃទី 6 កុម្ភៈកន្លងមក កោះនេះមានសីតុណ្ហភាពដូចគ្នា ទៅនឹងភាគខាងជើងនៃទ្វីប ហើយក៏ដូចទៅនឹងទីក្រុង Los Angeles នៅក្នុងថ្ងៃតែមួយ សម្រាប់សីតុណ្ហភាព 69.3 អង្សាហ្វារិនហៃ នេះបើយោងតាមប្រភពពីអង្គការអង្កេតការផែនដី (NASA Earth Observatory)។
Eagle Island ដែលជាកោះមួយ ក្នុងចំណោមចំណុចជិតបំផុត របស់អង់តាក់ទិកទៅកាន់អាមេរិកខាងត្បូង បានបាត់បង់កម្រិតព្រិលរបស់វា មួយអ៊ីញ នៃបណ្តុំព្រិលដែលបានធ្លាក់នៅក្នុងថ្ងៃនោះ។ ពេលវេលាចេះតែបន្ត ហើយនៅទីបំផុត កម្រាស់ព្រិលរបស់វាបានបាត់ 4 អ៊ីញទៀត បើគិតចាប់ពីថ្ងៃទី 6 ដល់ថ្ងៃទី 11 កុម្ភៈ ដែលប្រហែល 20% នៃបរិមាណព្រិលសរុបរបស់កោះនេះ។
Mauri Pelto អ្នកជំនាញផ្នែក glaciologist នៅមហាវិទ្យាល័យ Nichols បានប្រាប់ថា “ខ្ញុំមិនដែលបានឃើញកម្រិតនៃការរលាយព្រិលទឹកកក លឿនដល់ថ្នាក់នេះ នៅអង់តាកទិកទេ។ ថ្វីបើកម្រិតនៃការរលាយលឿននេះ ធ្លាប់កើតមាននៅតំបន់ប៉ែកខាង Alaska និង Greenland ក៏ពិតមែន ប៉ុន្តែវាមិនធ្លាប់កើតឡើងនៅអង់តាកទិកទេ។ នេះអាចរាប់ជាកំណត់ត្រាថ្មីមួយ ដែលគួរតែស្វែងរកដំណោះស្រាយឲ្យបានលឿន”។
រូបថតខាងក្រោម ដែលទទួលបានដោយ NASA បង្ហាញពីភាពខុសគ្នានៃបណ្តុំព្រិលទឹកកក។ វាគឺជាប្រភេទកំដៅទីបី (Third Heatwave) នៃរដូវក្តៅរបស់អង់តាក់ទិកបន្ទាប់ ពីមានខ្យល់ក្តៅ (warm spells) បានបក់កាត់តំបន់នេះ កាលពីខែវិច្ឆិកាឆ្នាំ 2019 និងខែមករាឆ្នាំ 2020 កន្លងទៅ។
លោក Pelto បានមានប្រសាសន៍បន្ថែមថា “ប្រសិនបើអ្នកគិតអំពីបាតុភូតកម្តៅមួយនេះ ដែលកើតមាននៅក្នុងខែកុម្ភៈ ជាកត្តាដែលគួរឲ្យព្រួយបារម្ភនោះ វាពិតជាត្រឹមត្រូវ ប៉ុន្តែវានឹងមិនចប់ត្រឹមនេះទេ។ បាតុភូតបែបនេះ កាន់តែធ្ងន់ធ្ងរពីមួយដំណាក់កាលទៅមួយដំណាក់កាល ហើយនឹងកើតឡើងញឹកញាប់ជាងនេះទៅទៀត បើសិនជាគ្មានវិធានការណ៍ ក៏ដូចជាដំណោះស្រាយច្បាស់លាស់។”
គួររំលឹកផងដែរថា កាលពីដើមខែនេះ ផ្ទាំងទឹកកកយក្ស (Iceberg) ទំហំប្រហែលអាត្លង់តា បានបាក់ និងផ្តាច់ចេញពីអង់តាក់ទិក ដោយវាបានធ្វើឲ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងនៅទ្វីបនេះ បង្កឡើងដោយកត្តានៃការប្រែប្រួលអាកាសធាតុ។