ស្ពានអាកាសភ្ជាប់ពីវិថីព្រះមនុវង្ស ទៅវិថីព្រះនរោត្តម នឹងបើកឲ្យប្រើប្រាស់នៅចុងខែមីនាខាងមុខនេះ

ភ្នំពេញ៖ ស្ពានអាកាសថ្មីមួយខ្សែ កំពុងស្ថិតនៅក្នុងការសាងសង់ជិតបញ្ជប់ជាស្ថាពរហើយ ដែលធ្វើការតភ្ជាប់ពីពីមហាវិថីព្រះមុនីវង្ស បត់ឆ្វេងឆ្ពោះទៅមហាវិថីព្រះនរោត្តម នឹងត្រូវដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅចុងខែមីនា ខាងមុខនេះ គឺមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចូលមកដល់ ដើម្បីសម្រួលទៅដល់ចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ។ 

ដោយមើលឃើញ បញ្ហាកកស្ទះចរាចរនៅតែបន្តកើតមានឡើង ពិសេសស្ថិតនៅតំបន់ស្ពានអាកាសក្បាលថ្នល់ អាជ្ញាធររាជធានីភ្នំពេញ បានសម្រេច ស្ថាបនាស្ពានអាកាសក្បាលថ្នល់ បន្ថែមទៀត កាលពីដើមខែមិថុនាឆ្នាំ ២០១៩ កន្លងទៅ ដោយចំណាយពេលសាងសង់រយៈពេលជាង ៧ខែ ដើម្បីកែលំអ និងដោះស្រាយបញ្ហាចរាចរឲ្យមានភាពល្អប្រសើឡើងវិញ។ ជុំវិញគម្រោងនេះលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនបានឲ្យដឹងថា ការដ្ឋានស្ថាបនាស្ពានអាកាសថ្មីមួយ ដែលជាប់ទៅនឹងស្ពានអាកាសក្បាលថ្នល់ចាស់ មកដល់ពេលនេះក្រុមការងាររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បាននឹងកំពុងធ្វើសកម្មភាពអ៊ុតកៅស៊ូស្ពាន កំណោងចរាចរណ៍ភ្ជាប់ពីមហាវិថី ព្រះមុនីវង្ស បត់មកមហាវិថី ព្រះនរោត្តមហើយ។ ការដ្ឋានស្ថាបនាស្ពានអាកាសបត់ឆ្វេងមួយខ្សែថ្មីនេះនឹងបញ្ចប់រួចរាល់នៅចុងខែមីនា ២០២០ ខាងមុខនេះ។ 

ស្ពានអាកាសក្បាលថ្នល់ថ្មី តភ្ជាប់ពីមហាវិថីព្រះមុនីវង្ស ឆ្ពោះទៅកាន់ មហាវិថីព្រះនរោត្តម មានប្រវែងសរុប ៧៧ ម៉ែត្រ ពីផ្លូវដីដល់គល់ស្ពានក្បាលថ្នល់ និងពីគល់ស្ពានដល់ស្ពាន អាកាសចាស់ ១២៣ ម៉ែត្រ សរុប២០០ ម៉ែត្រ។ ស្ពាននេះមានទទឹង ៧,៥ ម៉ែត្រ ពីមហាវិថីព្រះមុនីវង្ស បត់ឆ្វេងឡើងស្ពានឆ្ពោះ ទៅមហាវិថី ព្រះនរោត្តម ដែលស្ថិតក្រោមការសាងសង់របស់ក្រុមហ៊ុន OCIC ដោយបច្ចុប្បន្នវាស្ថិតក្នុងតំណាក់កាលអ៊ុតកៅស៊ូហើយ ដោយត្រៀមនឹងបញ្ចប់ការងារពេញលេញនៅពេលឆាប់ៗខាងមុខនេះ។ គម្រោងសាងសង់នេះ តាមពិតទៅគឺត្រូវបញ្ចប់នៅចុងឆ្នាំ ២០១៩ កន្លងទៅ តែដោយសារតែមានបញ្ហាបច្ចេកទេសខ្លះៗ ទើបពន្យាពេលដល់ចុងខែមីនាខាងមុខនេះវិញ។ 

បច្ចុប្បន្ននេះនៅក្នុងរាជធានីភ្នំពេញមានស្ពានអាកាសចំនួន ៦កន្លែង រួមមានដូចជាស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស ៧មករា ស្ពានអាកាស ៥មករា ស្ពានអាកាសស្តុបផ្សារដីហុយ និងស្ពានអាកាសចោមចៅ ដែលស្ពាននេះកំពុងស្ថិតនៅក្នុងការសាងសង់យ៉ាងមម៉ាញឹកជារៀងរាល់ថ្ងៃ៕

 

ប្រភព៖ មន្ទីសាធារណការ និងដឹកជញ្ជូន