ទ្រព្យសម្បត្តិ ចំណេះដឹង និងភាពចាស់ទុំ មិនអាចកំណត់បានទៅលើវ័យនោះទេ ព្រោះនរណាក៏អាចក្លាយជាមហាសេដ្ឋីបានដែរប្រសិនបើមានសមត្ថភាព និងលក្ខណៈសម្បត្តិគ្រប់គ្រាន់។ មនុស្សមួយចំនួនអាចកសាងទ្រព្យសម្បត្តិដល់ខ្ទង់ពាន់លានដុល្លារចំណាយពេលមិនដល់ ១០ ឆ្នាំផង ប៉ុន្តែមនុស្សភាគច្រើនចំណាយពេលមួយជីវិតនៅតែមិនអាចធ្វើបាន។ នៅក្នុងតារាងមហាសេដ្ឋីរបស់ទស្សនាវដ្ដី Forbes គេរកឃើញអ្នកមានទ្រព្យសម្បត្តិលើស ១ ពាន់លានដុល្លារចំនួន ២,០៩៥ នាក់ ដែលសរុបជាទឹកប្រាក់ ៨ ទ្រីលានដុល្លារ ហើយក្នុងនោះមានមហាសេដ្ឋីចំនួន ១០ រូបដែលមានអាយុខ្ទង់ ២០ ឆ្នាំប៉ុណ្ណោះ។
១. Kylie Jenner
កញ្ញា Kylie Jenner ជាស្ដ្រីក្មេងសញ្ញាតិអាមេរិចវ័យ ២២ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែមានទ្រព្យសម្បត្តិដល់ ១ ពាន់លានដុល្លារ គាត់បានចាប់ផ្ដើមដំណើរការក្រុមហ៊ុនគ្រឿងសំអាង Kylie Cosmetic នៅក្នុងវ័យ ១៧ ឆ្នាំ កាលពីឆ្នាំ ២០១៥ ហើយបានក្លាយជាមហាសេដ្ឋីក្មេងជាងគេបង្អស់ប្រចាំឆ្នាំ ២០១៩ និងឆ្នាំ ២០២០ នេះ។ កញ្ញា Kylie Jenner បានលក់ភាគហ៊ុន Kylie Cosmetic ទៅដល់ក្រុមហ៊ុនធំ Coty Inc. ក្នុងតម្លៃ ៦០០ លានដុល្លារ និងទុកភាគហ៊ុនខ្លួននៅសល់ ១.២ ពាន់លានដុល្លារ។
២. Alexandra Andresen
កញ្ញា Alexandra Andresen ជនជាតិន័រវែស មានអាយុ ២៣ ឆ្នាំនិងមានទ្រព្យសម្បត្តិ ១.៣ ពាន់លានដុល្លារ ដែលធ្លាប់បានក្លាយជាមហាសេដ្ឋីប្រាក់ពាន់លានដុល្លារតាំងពីអាយុ ១៩ ឆ្នាំកាលពីឆ្នាំ ២០១៦។ ទ្រព្យសម្បត្តិរបស់កញ្ញា Alexandra គឺភាគច្រើនទទួលបានពីក្រុមហ៊ុន Ferd AS ជាក្រុមហ៊ុនហិរញ្ញវត្ថុ និងអចលនទ្រព្យធំនៅប្រទេស Norway ដែលបន្ដរមកពីជីទួត ជីតា និងឪពុករបស់គាត់។
៣. Katharina Andresen
កញ្ញា Katharina Andresen ជាបងស្រីរបស់កញ្ញា Alexandra Andresen ខាងលើមានវ័យ ២៤ ឆ្នាំជាមួយទ្រព្យសម្បត្តិ ១.៣ លានដុល្លារ ដែលទ្រព្យសម្បត្តិក៏ទទួលបានពីក្រុមហ៊ុន Ferd AS របស់ក្រុមគ្រួសារផងដែរ បងប្អូនទាំង ២ នាក់មានភាគហ៊ុនចំនួន ៤២.២% នៅក្រុមហ៊ុននោះ។
៤. Gustav Magnar Witzoe
លោក Gustav ជាជនជាតិន័រវ៉េស មានអាយុ ២៦ ឆ្នាំជាមួយទ្រព្យសម្បត្តិ ២.៣ ពាន់លានដុល្លារ និងជាសហស្ថាបនិកក្រុមហ៊ុន Salmar ASA ដែលមានភាគហ៊ុនជិតពាក់កណ្ដាល។ ក្រុមហ៊ុន Salmar ASA ជាក្រុមហ៊ុនលក់និងកែច្នៃត្រីសាលម៉ុនធំជាងគេលើលោក ហើយលោកក៏មានភាគហ៊ុននៅក្រុមហ៊ុន Scottish Sea Farms ក្នុងចក្រភពអង់គ្លេសផងដែរ។
៥. Jonathan Kwok
លោក Jonathan Kwok ជាកូនប្រុសរបស់លោក Walter Kwok ម្ចាស់ក្រុមហ៊ុនវិនិយោគអចលនទ្រព្យធំបំផុតនៅទីក្រុងហុងកុងឈ្មោះថា Sun Hung Kai Properties ប៉ុន្តែលោកបានចែកឋាននៅឆ្នាំ ២០១៨ បានផ្ទេរក្រុមហ៊ុនស្ថិតក្រោមការគ្រប់គ្រងរបស់កូនប្រុសទាំង ២ នាក់។ លោក Jonathan Kwok មានទ្រព្យសម្បត្តិ ២ ពាន់លានដុល្លារនៅអាយុ ២៨ ឆ្នាំ។
៦. Elisabeth Furtwaengler
Elisabeth Furwaengler ជាកូនស្រីរបស់លោក Hubert Burda ម្ចាស់ក្រុមហ៊ុន Burda Media Group និងលោកស្រី Maria Furtwaengler ជាវេជ្ជបណ្ឌិតនិងតារាសម្ដែង។ ឆ្នាំ ២០២០ Elisabeth មានអាយុ ២៨ ឆ្នាំនិងមានទ្រព្យសម្បត្តិ ១.២ ពាន់លានដុល្លារ ហើយមានភាគហ៊ុននៅក្រុមហ៊ុន Burda Media Group ចំនួន ២៥% ដែលគ្រប់គ្រងទៅលើប្រព័ន្ធផ្សព្វផ្សាយចំនួន ២៤ ប្រទេសមានដូចជា Focus និង Bunte នៅប្រទេសអាល្លឺម៉ង់ជាដើម។
៧. John Collison
John Collison ជាជនជាតិអៀកឡង់ មានអាយុ ២៩ ឆ្នាំនិងមានទ្រព្យសម្បត្តិ ៣.២ ពាន់លានដុល្លារ។ លោក Collison ជាសហស្ថាបនិកនៃក្រុមហ៊ុន Stripe ជាក្រុមហ៊ុនទូទាត់សាច់ប្រាក់តាមប្រព័ន្ធអ៊ីនធើណេតនៅសហរដ្ឋអាមេរិច។ លោក John Collison បានបង្កើតក្រុមហ៊ុននេះឡើងជាមួយបងប្អូនគាត់ Patrick Collison នៅក្នុងឆ្នាំ ២០០៩ ហើយបច្ចុប្បន្នក្រុមហ៊ុនមានតម្លៃ ៩ ពាន់លានដុល្លារ។
៨. Evan Spiegel
លោក Evan Spiegel ជានាយកប្រតិបត្តិក្រុមហ៊ុន Snap Inc. ដែលល្បីល្បាញទៅលើបណ្ដាញទំនាក់ទំនង Snapchat ដែលមានអ្្នកប្រើប្រាស់ជាង ២០៣ លាននាក់ក្នុងមួយថ្ងៃ។ គាត់ជាជនជាតិអាមេរិចកាត់បារាំង មានអាយុ ២៩ ឆ្នាំនិងមានទ្រព្យសម្បត្តិ ២ ពាន់លានដុល្លារ។
៩. Pedro de Godoy Bueno
លោកជាជនជាតិប្រេស៊ីល មានអាយុ ២៩ ឆ្នាំមានទ្រព្យសម្បត្តិ ១.១ ពាន់លានដុល្លារ និងជានាយកប្រតិបត្តិក្រុមហ៊ុន Diagnosticos da America SA ជាក្រុមហ៊ុនធានារ៉ាប់រងសុខភាព និងក្រុមហ៊ុនឱសថធំជាងគេនៅប្រទេសប្រេស៊ីល។
១០. Lisa Draexlmaier
Lisa Draexlmaier ជនជាតិអាល្លឺម៉ង់មានអាយុ ២៩ ឆ្នាំមានទ្រព្យសម្បត្តិជាង ១ ពាន់លានដុល្លារ ដែលនាងជាកូនស្រីរបស់លោក Fritz Draexlmaier នាយកក្រុមហ៊ុន Dräxlmaier Group ដែលផ្គត់ផ្គង់គ្រឿងយានយន្ដទៅដល់រថយន្ដល្បីៗដូចជា Audi, BMW, Cadillac, Land Rover, Maserati, Mercedes-Benz, Porsche និង Tesla។ Lisa មានជាអ្នកគ្រប់គ្រងនៅក្រុមហ៊ុន Dräxlmaier Group ហើយក្រុមហ៊ុនអាចរកចំនូលបានជាង ៥.៥ ពាន់លានដុល្លារកាលពីឆ្នាំ ២០១៩។