អុកឡែន៖ ញូវហ្សេឡែន ក្រោយពីមានភាពស្ងប់ស្ងាត់ ជុំវិញករណីឆ្លង និងរីករាលដាលនៃជំងឺកូវីដ ១៩ បានជាង ១០០ ថ្ងៃក្រោយមក ឥឡូវនេះ ករណីថ្មីបានផ្ទុះឡើងវិញហើយ។ មុខសញ្ញាថ្មី នៃការផ្ទុះករណីឆ្លងនេះ គឺកើតឡើងនៅក្រៅតំបន់ អុកឡែន (Auckland) ដែលជាតំបន់ស្នូល នៃការឆ្លងធំជំងឺធំមួយផ្សេងទៀតនៃប្រទេសញូវហ្សេឡែន ដែលកំពុងបង្ករនូវភាពភ័យខ្លាចទៅដល់ប្រជាពលរដ្ឋ។
ក្រសួងសុខាភិបាលញូវហ្សេឡែន កាលពីថ្ងៃទី១៤ ម្សិលមិញនេះ បានប្រកាសឡើងវិញម្ដងទៀត បន្ទាប់ពីរកឃើញករណីឆ្លងថ្មី នៅលើផ្ទៃប្រទេស ដោយលើកនេះចំនួនឆ្លងកើនឡើងដល់ ១២ នាក់។ ការឆ្លងថ្មីនេះ ត្រូវបានសន្និដ្ឋានថា ជាការឆ្លងនៅក្នុងរង្វង់សហគមន៍ផ្ទាល់ មិនមែនជាការឆ្លងពីអន្តរជាតិនោះឡើយ ដោយហេតុថា តំបន់ Auckland បានផ្ទុះករណីឆ្លងថ្មីនាសប្ដាហ៍នេះ។ លោក Chris Hipkins រដ្ឋមន្រីក្រសួងសុខាភិបាល បានបញ្ជាក់ថា “ក្នុងចំនោមអ្នកឆ្លងថ្មីទាំងនោះមាន ២ នាក់ ត្រូវបានរកឃើញនៅតំបន់កោះស្ថិតនៅភាគខាងជើងប្រទេស ស្ថិតក្នុងទីក្រុងតូចមួយហៅថា Tokoroa ដែលមានចម្ងាយប្រមាណជា ២១០ គីឡូម៉ែត្រពី Auckland”។
លោកបានបន្ថែមទៀតថា “គ្រប់ករណីទាំងអស់ រហូតមកដល់ពេលនេះ មានទំនាក់ទំនងគ្នាទៅវិញទៅមក ដោយពួកគេទាំងអស់នោះ គឺជាផ្នែកមួយដែលកើតមានឡើងក្នុងមូលដ្ឋាននៅ Auckland ដែលនេះគឺជាដំណឹងល្អ”។ ការលើកឡើងបែបនេះ សបង្ហាញថា ការឆ្លងនៃជំងឺកូវីដ ១៩ មិនមែនការនាំចូលពីបរទេសនោះឡើយ។ ស្ថិតក្នុងហេតុការណ៍ឆ្លងថ្មីនេះ លោកស្រី Jacinda Ardern នាយករដ្ឋមន្ត្រីញូវហ្សេឡែន បានសម្រេចប្រកាសពន្យាពេលដាក់តំបន់ Auckland ស្ថិតក្នុងគ្រាអាសន្នបន្ថែមទៀត ដោយពង្រឹងការចាត់វិធានការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងកាន់តែខ្លាំងក្លារជាងមុន ពិសេសរឹតបន្តឹងការធ្វើដំណើរ ធ្វើយ៉ាងណាមិនឱ្យមានការឆ្លងទៅកាន់តំបន់ផ្សេងៗទៀត។
ក្រៅពីតំបន់ Auckland ក្រសួងសុខាភិបាល បានកំពុងស្រាវជ្រាវបន្ថែមជុំវិញករណីឆ្លងថ្មី ដែលផ្ទុះឡើងនៅតំបន់ Tokorao ជាមុខសញ្ញាថ្មី ដែលរដ្ឋាភិបាលជឿជាក់ថា ជំងឺកូវីដ ១៩ អាចនឹងកំពុងសាយភាយ និងឆ្លងទៅកាន់ពលរដ្ឋផ្សេងៗទៀត តែនៅមិនទាន់លេចចេញជាតម្រុយនៅឡើយ។ គួររំលឹកថា អស់រយៈពេល ១០២ ថ្ងៃហើយ ដែលប្រទេសញូវហ្សេឡែន ពុំមានករណីឆ្លងថ្មី តែក្រោយធ្វើតេស្ដរកឃើញសមាជិក ៤ នាក់ក្នុងគ្រួរសារមួយ ដែលមានផ្ទុះវីរុសកូវីដ ១៩ ក្នុងសប្ដាហ៍នេះរួចមក ភាពស្ងប់ស្ងាត់បានចប់ទៅវិញ។ ឈានដល់ថ្ងៃទី១៤ ខែសីហា នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅញូវហ្សេឡែន មានចំនួន ១៥,៩៩ ករណីហើយ ដោយអ្នកជាសះស្បើយមាន ១,៥៣១ នាក់ និងស្លាប់មាន ២២ នាក់៕